កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនស្នងការរង អធិការ អធិការរង មន្រ្តីនគរបាល រួមទាំងមន្រ្តីអាវុធហត្ថសរុបជាង ៣០នាក់ពាក់ព័ន្ធទៅនឹងករណីគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។
តាមសេចក្តីរាយការណ៍ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា មន្រ្តីនគរបាល និងអាវុធហត្ថជាង ៣០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលពួកគេបានរួមគ្នាបង្កើតបទល្មើសថ្មី ដោយលួចកាត់សោចូលទៅក្នុងកាស៊ីណូ ដែលបង្ក្រាប Online Scams ដើម្បីលួចយកសម្ភារជាវត្ថុតាងនៃបទល្មើស។
ហេតុការណ៍នេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ហើយបានស្នើឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហាញអត្តសញ្ញាណមន្រ្តីទាំងអស់នេះ ដើម្បីឱ្យសាធារណជនបានឃើញ ព្រោះអ្វីដែលពួកគេបានធ្វើ គឺប្រាសចាកទាំងស្រុងទៅនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ Online Scams ឱ្យអស់ពីទឹកដីកម្ពុជា។

យ៉ាងណាក៏ដោយ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅមិនទាន់អាចបង្ហាញអត្តសញ្ញាណមន្រ្តីទាំងនេះបានទេ ព្រោះកំពុងបន្តនិតិវិធី។ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារនៅលើផេចហ្វេកបុកផ្លូវការ នៅរសៀលថ្ងៃពុធនេះថា៖ «ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្ត មិនទាន់បានផ្សព្វផ្សាយ ពីព្រោះកំពុងបន្តនិតិវិធី»។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ខ្ញុំពិតជាបានឃាត់មន្រ្តីទាំងអស់នោះមែន ក៏ប៉ុន្តែខ្ញុំកំពុងបន្តនីតិវិធី អ៊ីចឹងខ្ញុំមិនទាន់អាចនិយាយបានទេ!»។
យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា មន្រ្តីជាង៣០នាក់ ដែលត្រូវបានចាប់ខ្លួននោះ គឺបានជាប់ពាក់ព័ន្ធលើករណីគប់គិតគ្នាជាមួយកងរាជអាវុធហត្ថ ចូលទៅយកសម្ភារដែលយើងបានបិទខ្ទប់។
ស្នងការនគរបាលខេត្តកំពតរូបនេះ បានបន្ថែមថា៖ «ខាងខ្ញុំកំពុងតែធ្វើការ អត់មានស្ថាប័នណាចុះមកទេ គឺខាងស្នងការដ្ឋានរបស់យើងជាអ្នកអនុវត្តការងារនឹងផ្ទាល់ ហើយខាងអាវុធហត្ថក៏អនុវត្តការងារនឹងផ្ទាល់ដែរ។ យើងកំពុងតែធ្វើការងារនេះ»៕


