ព្រះវិហារៈ បណ្ដាញសហគមន៍ព្រៃឡង់ ក្នុងខេត្ដព្រះវិហារបានធ្វើការចុះល្បាតការពារព្រៃឈើអស់រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៦ ដោយបានប្រទះឃើញបទល្មើសធនធានធម្មជាតិជាច្រើនករណី ជាពិសេសគឺបទល្មើសកាប់ និងដឹកញ្ជូនឈើខុសច្បាប់។
ក្នុងរយៈពេល ៤ថ្ងៃនេះសហគមន៍បានរកឃើញគល់ឈើដែលត្រូវបានកាត់រួចចំនួន ៤១ រណាយន្ដចំនួន ៣គ្រឿង អាវុធកែច្នៃចំនួន ៦ដើម គោយន្ដ ចំនួន ៦គ្រឿង និងបានជួបជនសង្ស័យក្នុងព្រៃចំនួន ២០នាក់ នៅចំណុចត្រពាំងរាំ វាលក្រៀល ត្រពាំងស្មាច ខ្សាច់ស អូរគោល ជាំប្រមេរ ជាំទូក និងប្រឡាយរលាយ។ នេះបើយោងតាមបណ្តាញសហគមន៍ព្រៃឡង់នៅថ្ងៃអាទិត្យ ទី១០ ខែឧសភានេះ។
វត្ថុតាងទាំងអស់នោះត្រូវបានបណ្ដាញសហគន៍ព្រៃឡង់ប្រគល់ជូនមន្រ្ដីជំនាញបរិស្ថាន និងគនរបាលមូលដ្ឋាន ដើម្បីរក្សាទុក និងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត។

កាលពីថ្ងៃទី៧ ខែឧសភានេះផងដែរ មន្រ្តីបរិស្ថានខេត្តព្រះវិហារក៏បានរកឃើញសកម្មភាពកាយរុករករ៉ែខុសច្បាប់ចំនួន ១ករណី ស្ថិតក្នុងភូមិសាស្ត្រអូរចាក់ស្រា ឃុំស្រយ៉ង់ត្បូង ស្រុកគូលែន។ ប៉ុន្តែនៅពេលពេលកម្លាំងទៅដល់ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ដោយបានបន្សល់ទុកវត្ថុតាងនៅកន្លែង។ ក្នុងនោះរួមមាន៖ អេស្កាវទ័រចំនួន ១គ្រឿង ហ្សាស័រ (អាចូកដី) ចំនួន ១គ្រឿង និងម៉ូតូចំនួន ១គ្រឿង។ ចំពោះវត្ថុតាង មន្ត្រីកំពុងរកមធ្យោបាយយកចេញដើម្បីរក្សាទុក និងកសាងសំណុំរឿងទៅតុលាការ។ នេះបើយោងតាមមន្ទីរបរិស្ថានខេត្តព្រះវិហារ។
ការប្រទះឃើញបទល្មើសនេះ គឺនៅពេលដែលលោក នង វុទ្ធា អនុប្រធាន
ការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពកខេត្តព្រះវិហារដឹកនាំមន្ត្រីឧទ្យានុរក្សចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ៕




