សន្តិសុខជនជាតិខ្មែរចំនួន ១១នាក់ និងជនជាតិចិន ៥នាក់ ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបកាលពីពេលថ្មីៗនេះ។ នេះបើតាមដីការបស់តុលាការ។
លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៦នាក់ មានខ្មែរនិងចិនពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម។
ពួកគេត្រូវបានឃាត់ខ្លួននៅពេលសមត្ថកិច្ចចុះបង្ក្រាបករណីឆបោកតាមអនឡាញនៅកាស៊ីណូក្រោន និង សណ្ឋាគារឡុងឡៃលី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ។ ចំពោះជនជាតិចិន ៥នាក់ មានម្នាក់ជាអ្នកសារព័ត៌មាន និងម្នាក់ទៀតជាអ្នកថតរូប ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីពួកគេទេ។
ក្រុមជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង» និងបទចោទ «ផ្តល់ជំនួយដល់ចារី» ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដល់ក្នុងពេលបច្ចុប្បន្ន។ ពួកគេត្រូវបានចោទប្រកាន់តាមមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៥៤៤ ចំណុច ៤ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមដីការបង្គាប់ឲ្យឃុំខ្លួន។
យោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជនសង្ស័យទាំង ១៦រូបនេះបានធ្វើសកម្មភាពតាមដានយកព័ត៌មានដោយទុច្ចរិតពីមន្ត្រីមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា ក្នុងគោលបំណងសម្របសម្រួលឱ្យក្រុមឧក្រិដ្ឋជនឱ្យរួចផុតពីការស៊ើបអង្កេត និងរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់។
ពួកគេត្រូវបានរៀបចំជាក្រុមចាត់តាំង មានតួនាទីច្បាស់លាស់ ក្នុងនោះមានការប្រើប្រាស់ក្រុមតេឡេក្រាម ចំនួន ៣ សំខាន់ៗ។ ក្រុមទី១ បង្កើតឡើងសម្រាប់ក្រុមសង្កេតការណ៍ប៉ោយប៉ែត ដែលមានសមាជិក ៤៨នាក់។ ក្រុមនេះសម្រាប់រាយការណ៍អំពីសភាពការណ៍ប្រចាំថ្ងៃ និងសកម្មភាពរបស់សមត្ថកិច្ចតាមផ្លូវ។ ក្រុមទី២ ឈ្មោះថា ក្រុមជំនួយការសន្តិសុខ ដែលមានសមាជិក ៣៣នាក់ មានតួនាទីផ្ដល់ព័ត៌មាន និងការពារការសម្ងាត់។ ចំណែកក្រុមទី៣ ឈ្មោះក្រុមពិភាក្សាសន្តិសុខ OKVIP ដែលមានតួនាទីតាមដាន រឹតបន្តឹងសកម្មភាពចេញ-ចូលទីតាំងប្រព្រឹត្តបទល្មើស។
កាលពីយប់ថ្ងៃទី២៩ ខែមេសា ជនបរទេសខ្ទង់ពាន់នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែជនសង្ស័យរាប់រយនាក់ទៀតបានសម្រុករត់ចេញពីអគារ នៅពេលកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះក៏មានផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ដើម្បីទប់ស្កាត់ការលួចសម្រុកចេញពីសំណាក់ក្រុមជនជាតិចិនជាច្រើននាក់៕

