កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរ និងវិនិយោគិនចិនកាន់តែច្រើននាពេលខាងមុខបន្ទាប់ពីសមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន(the Cambodia-China Cultural Tourism Bridge Development Association) សន្យាជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់សមាជិករបស់ខ្លួន ខណៈរដ្ឋាភិបាលកម្ពុជានឹងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិតចិន(PRC) ដែលធ្វើដំណើរមកកម្ពុជាចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៦។
ក្នុងជំនួបជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧ ខែឧសភា លោក Yong Li Chai តំណាងសមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន(Mr. Yong Li Chai, investor and representative of the Cambodia-China Cultural Tourism Bridge Development Association) បានលើកបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗរបស់សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ទាក់ទងនឹងផលិតផលទេសចរណ៍កម្ពុជា-ចិន និងបានស្នើសុំចូលរួមជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់ប្រជាជនចិនឱ្យកាន់តែសកម្ម និងប្រកបដោយផ្លែផ្កា។
បន្ថែមលើនេះ លោក Yong Li Chai ក៏បានប្តេជ្ញាថា៖«សមាគមនឹងចូលរួមជាមួយក្រសួងដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនធំៗ ពីប្រទេសចិនមកកម្ពុជាកាន់តែច្រើន»។
ជាការឆ្លើយតប លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះលទ្ធផលការងារ និងគំនិតផ្តួចផ្តើមនានារបស់សមាគម និងសមាជិកសមាគមជាក្រុមហ៊ុនធំៗពីប្រទេសចិនដែលបានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជានាពេលកន្លងមក។
ជាមួយគ្នានេះលោកក៏បានបង្ហាញការគាំទ្រ និងស្នើសុំភាគីចិនឱ្យបន្តកាន់តែសកម្ម និងទូលំទូលាយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន ជាពិសេសអំពីយុទ្ធនាការលើកលែងទិដ្ឋាការទេសចរណ៍សាកល្បងរយៈពេល១៤ថ្ងៃ ដល់ប្រជាពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៥ ខែតុលាខាងមុខ។
រដ្ឋាភិបាលកម្ពុជា កាលពីខែមករា ឆ្នាំ២០២៦ បានប្រកាសលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនរបស់សាធារណរដ្ឋប្រជាមានិតចិន(PRC)ទាំងអស់ទោះធ្វើដំណើរចេញពីប្រទេសចិន ឬប្រទេសណាក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC មកប្រទេសកម្ពុជា ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន រយៈពេល ១៤ថ្ងៃ នាក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃឡើយ គឺគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះភ្ញៀវទេសចរចិន អាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង ១,២ លាននាក់ កើនជិត ៤២% និងស្ថិតក្នុងលំដាប់ទី២ នៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ដោយឡែកក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦ នេះកម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រទេសចិន គឺជាទីផ្សារធំ និងមានសក្តានុពលខ្លាំង ដោយលោកជឿថាការលើកលែងទិដ្ឋាការនេះ គឺជាការសាកល្បងដ៏ធំបំផុតរបស់កម្ពុជាដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ លោកបន្តថា វិធានការនេះនឹងជះឥទ្ធិពលល្អ ប៉ុន្តែកម្ពុជាត្រូវបន្តផ្សព្វផ្សាយឱ្យខ្លាំងថែមទៀតដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏រីករាយ និងមានសុវត្ថិភាព។
លោកនិយាយថា៖«នេះគឺជាកាសាកល្បងដ៏ល្អ ហើយរំពឹងទទួលបានផលវិជ្ជមានជាច្រើន។ ខ្ញុំជឿថាតាមរយៈការលើកលែងនេះ យើងនឹងទទួលបានលទ្ធផលជាទីពេញចិត្ត ប៉ុន្តែយើងក៏ត្រូវតែធ្វើការដោយយកចិត្តទុកដាក់ផងដែរ»៕

