កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិក្នុងបរិមាណជិត ៤៧ ម៉ឺនតោន នារយៈពេល ៤ខែនៃឆ្នាំ២០២៦ ដោយរកប្រាក់បានជាង ២៦៦ លានដុល្លារ កើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករ(CRF) ចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន ៦១ ទៅកាន់គោលដៅចំនួន ៦០ប្រទេស/ដែនដី។ សម្រាប់ប្រាក់ដែលប្រមូលបាន គឺចំនួន ២៦៦,៣៨ លានដុល្លារ កើនឡើងពី ២០៩,២២ លានដុល្លារ ឬស្មើ ២៧,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ រយៈពេល ៤ ខែឆ្នាំ២០២៥ ការនាំចេញសម្រេចបានចំនួន ២៨២ ៣១៥ តោន។
ទីផ្សារសំខាន់ៗដែលទទួលទិញអង្ករពីកម្ពុជានារយៈពេល ៤ខែដើមឆ្នាំ២០២៦ នេះរួមមាន ប្រទេសចិន ១២៩ ៣៣២ តោន(៧៥,៨៨ លានដុល្លារ), ប្រទេសសមាជិកអាស៊ាន ១៧៧ ៧៦១ តោន (៧២,១៤ លានដុល្លារ), អឺរ៉ុប ១២៦ ១០៨ តោន (៨៥,៤៤ លានដុល្លារ), និងទីផ្សារផ្សេងៗទៀត ៣៦ ៧០៨ តោន (៣២,៩១ លានដុល្លារ)។ ប្រភេទអង្ករដែលនាំចេញច្រើនបំផុត គឺអង្ករក្រអូប ៥៨,៦៦%, អង្ករសគ្រាប់វែង ២១,៣៨%, អង្ករចំហុយ ១,៦៩%, អង្ករសរីរាង្គ ០,៨៩% និងអង្ករផ្សេងៗចំនួន ០,២%។
លើសពីការនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវក្នុងបរិមាណ ២ ៦៨០ ៨៩១ តោន ធ្លាក់ចុះពីចំនួន ៣ ០៣១ ៤៣១ តោនកាលពីរយៈពេល ៤ខែ ឆ្នាំ២០២៥។ ចំណែកប្រាក់ដែលប្រមូលបានក្នុងពេលនេះ គឺ ៥៧៦,១ លានដុល្លារ ធ្លាក់ចុះពី ៧២៣,០៥ លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ក្នុងខួប ១០ឆ្នាំនៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) កាលឆ្នាំ២០២៥ បាននិយាយថា ជាមួយនឹងកិច្ចខិតខំរួមគ្នារវាងសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បច្ចុប្បន្នកម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមានអតិរេកស្រូវអង្ករយ៉ាងច្រើន។ ជាក់ស្តែងនៅដើមនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងពាណិជ្ជកម្មបានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នានាំចេញអង្ករទៅប្រទេសចិនចំនួន ៥០ម៉ឺនតោន ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ចំនួន ៣៧ ៥០០តោន និងប្រទេសទីម័រលេស្តេរ ៤ ០០០តោន។
លោកស្រីបានថ្លែងថា៖«ស្រូវ គឺជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយមិនត្រឹមតែជាអាហារមូលដ្ឋានដ៏ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំនិញនាំចេញដ៏មានសក្ដានុពលក្នុងចំណោមបញ្ជីផលិតផលកសិកម្ម ដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញទៀតផង»។ លោកស្រីបន្តថា៖«តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តការប្រឹងប្រែងក្នុងការចរចាជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួនដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា»។
កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួនចំនួន ៩៤០ ៣២១ តោន កើនឡើង ៤៥,៥៩% បើធៀបនឹងឆ្នាំ២០២៤។ ចំណែកប្រាក់ដែលទទួលបានក្នុងឆ្នាំ២០២៥ គឺ ៦០២,៤១ លានដុល្លារ កើនឡើង ២២,៦៤%៕

