ការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសដៃគូទាំងអស់នៅតែបង្ហាញកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ នេះសម្រេចបានក្នុងទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទោះយ៉ាងណា អតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជានៅតែបន្តស្ថិតក្នុងរង្វង់ប្រមាណជាង ១ ពាន់លានដុល្លារដដែល។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចេញផ្សាយក្នុងថ្ងៃទី១១ ខែឧសភា បង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា ជាមួយបណ្តាប្រទេសដៃគូទាំងអស់មានទឹកប្រាក់សរុប ២៣,៣៨ ពាន់លានដុល្លារ កើនឡើង ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន ១៩,៥ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺកម្ពុជានាំទំនិញចេញទៅទីផ្សារអន្តរជាតិ ១១,១២ ពាន់លានដុល្លារ កើនឡើង ២១,៧% និងនាំចូលវិញ ១២,២៦ ពាន់លានដុល្លារ កើន ១៨,៣%។ ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី និងម៉ាឡេស៊ី។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជានារយៈពេល ៤ខែដើមឆ្នាំ២០២៦ នេះមានឱនភាពប្រមាណ ១,១៤ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៥ មាន ១,២៣ ពាន់លានដុល្លារ។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១១ ខែឧសភាថា ការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុក និងចំនួនរោងចក្រថ្មីៗដែលទើបបើកដំណើរការ បានរុញឱ្យសកម្មភាពនាំចេញ-នាំចូលទំនិញរវាងកម្ពុជាជាមួយប្រទេសនានាហក់ឡើងជាបន្តបន្ទាប់។ ចំនួននេះនឹងបន្តកើនឡើងថែមទៀតនាពេលខាងមុខ។
លោកបន្តថា សម្រាប់កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជា គឺដោយសារកត្តាចម្បងចំនួន ២ គឺទី១ ការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុកដែលបានពីកំណើនរោងចក្រ/សហគ្រាស និងកំណើនទិន្នផលក្នុងវិស័យកសិកម្ម, និងទី២ កម្ពុជាមានទីផ្សារនាំចេញធំៗដែលទទួលបានពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធគយនាំទំនិញទៅប្រទេសមួយចំនួន ព្រមទាំងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសជាច្រើនលើពិភពលោក។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿថា ទឹកប្រាក់នៃការនាំចេញទំនិញកម្ពុជានឹងបន្តកើនឡើងទៀតក្នុងឆ្នាំនេះ ព្រោះបច្ចុប្បន្នកម្ពុជាមានផលិតផលជាច្រើនមុខសម្រាប់នាំចេញ ខណៈកេរ្តិ៍ឈ្មោះ គុណភាព និងតម្លៃទំនិញកម្ពុជាក៏មានលក្ខណៈប្រកួតប្រជែងខ្លាំងផងដែរ»។
បើតាមលោក វិចិត្រ ក្រៅពីផលិតផលវាយនភណ្ឌ បច្ចុប្បន្នកម្ពុជាក៏ជាប្រទេសនាំចេញផលិតផលកសិកម្ម គ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕

