ក្រសួងមុខងារសាធារណៈ គ្រោងនឹងបង្កើតយន្តការថ្មីមួយឈ្មោះថា «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដើម្បីសម្រួលទំនាក់ទំនងការងាររវាងក្រសួង ស្ថាប័ន ជាពិសេសកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការការងារ សំដៅទៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងអភិបាលកិច្ចក្នុងវិស័យរដ្ឋបាលសាធារណៈ។
ក្រសួងមុខងារ បានឱ្យដឹងនៅថ្ងៃទី ១១ ខែឧសភានេះថា «បណ្តាញអគ្គលេខាធិការ» នេះ ត្រូវបានផ្តួចផ្តើមបង្កើតឱ្យមានឡើង ដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តូក្រសួងមុខងារសាធារណៈ ហើយសេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាយនេះ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ចំពោះការបង្កើតឱ្យមាន «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» នេះ ក្រសួងមុខងារ សង្ឃឹមថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការសម្របសម្រួលការអនុវត្តមុខងារគាំទ្រ និងជំរុញការចូលរួមអនុវត្តការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
យន្តការថ្មីនេះ មានវិសាលភាពអនុវត្តគ្របដណ្ដប់ចំពោះអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដោយឡែកមានការលើកលែងចំពោះក្រសួងការពារជាតិ ហើយវានឹងដើរតួជាយន្តការយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងការសម្របសម្រួលការងាររវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃគ្រប់ក្រសួង ស្ថាប័ន ដើម្បី «កាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការការងារ និងសំដៅជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ»។
ភារកិច្ច និងតួនាទីសំខាន់ៗរបស់ «បណ្តាញអគ្គលេខាធិការ» គឺជាការចូលរួមពង្រឹងអភិបាលកិច្ចរដ្ឋបាលសាធារណៈ និងកិច្ចសហការរវាងអគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ននីមួយៗ។ អគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ន អាចសម្របសម្រួលទំនាក់ទំនងទៅវិញទៅមក សហការ និងពង្រឹងការអនុវត្តមុខងារគាំទ្រឱ្យបានកាន់តែរលូន ជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ចំណេះដឹង ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងឧត្តមានុវត្តន៍ ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហា និងការរៀបចំយុទ្ធសាស្ត្រ រួមទាំងការសិក្សា និងកំណត់រាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងដំណើរការការងារ ដើម្បីស្វែងរកដំណោះស្រាយរួម។
ក្រសួងមុខងារ បានបញ្ជាក់ថា «ការបង្កើត បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិនេះឡើយ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីធានាឱ្យបាននូវរដ្ឋបាលមួយដែលឆ្លើយតបលឿន ប្រកបដោយភាពស្អាតស្អំ និងបម្រើផលប្រយោជន៍សាធារណៈបានយ៉ាងពិតប្រាកដ»៕

