ស្ទឹងត្រែងៈ ផ្ទៃដីទំហំ ១០ ៨៧៣,៣៥ ហិកតាត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះបញ្ជីជាដីសម្រាប់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតក្នុងទឹកដីខេត្តស្ទឹងត្រែង ដែលនឹងជួយធ្វើឱ្យការគ្រប់គ្រងតំបន់អភិរក្សផ្សោតកាន់តែមានប្រសិទ្ធភាព។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃចន្ទ ទី១១ ខែឧសភានេះបានសម្តែងសេចក្តីសោមនស្សរីករាយ និងជម្រាបជូនសាធារណជនពីការសម្រេចចុះបញ្ជីដីធ្លីជាស្ថាពរ សម្រាប់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ដោយក្រសួងបានចាត់ទុកថានេះ «គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការការពារសម្បត្តិធម្មជាតិរបស់កម្ពុជា»។
ក្រសួងបានលើកឡើងថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ អង្គការ WWF និងបងប្អូនឆ្មាំទន្លេ ក្នុងការការពារនិងការអភិរក្ស បានធ្វើឱ្យមានកំណើនចំនួនផ្សោតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការចុះបញ្ជីនឹងធ្វើឱ្យការគ្រប់គ្រងតំបន់អភិរក្សកាន់តែមានប្រសិទ្ធភាព។

ក្រសួងកសិកម្មបានអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រសួងរៀបចំដែនដី ដែលបានផ្តល់កិច្ចសហការយ៉ាងសកម្មក្នុងការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិជាស្ថាពរ។ ការរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាព គឺជាការធានាថាស្នាមញញឹមនៃទន្លេមេគង្គនឹងនៅបន្តវត្តមានសម្រាប់កូនចៅជំនាន់ក្រោយ។
កាលពីឆ្នាំ ២០២៥កន្លងមក ក្រសួងដែនដីក៏បានចុះបញ្ជី តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គទំហំ ២១ ៩៦៦,៥១ ហិកតាផងដែរស្ថិតក្នុងខេត្តក្រចេះ។ កម្ពុជាទទួលបានកូនសត្វផ្សោតទន្លេមេគង្គកើតថ្មីចំនួន ៦ក្បាល គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ ក្នុងនោះកូនផ្សោតទី៦ ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបកើនដល់ ១១៨ ក្បាល៕

