ខាងឧតុនិយម​ប្រាប់​ឱ្យ​​ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង​ផ្គររន្ទះ និងខ្យល់កន្ត្រាក់​ពីឥទ្ធិពលព្យុះហាហ្គូពីត ពីថ្ងៃទី ១០ ដល់ទី ២៥ ឧសភា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ខាងឧតុនិយម​ប្រាប់​ឱ្យ​​ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង​ផ្គររន្ទះ និងខ្យល់កន្ត្រាក់​ពីឥទ្ធិពលព្យុះហាហ្គូពីត ពីថ្ងៃទី ១០ ដល់ទី ២៥ ឧសភា

 ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស​​ប្រាប់​សាធារណជន ដែល​រស់​នៅ​គ្រប់តំបន់ នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ឡើង​ច្រើន​នៅពេលភ្លៀងដើមរដូវវស្សា ជាពិសេសការ​ទទួលរង​ឥទ្ធិពលពី​​ព្យុះទី៥ឈ្មោះ ហាហ្គូពីត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

តាម​សេចក្តីជូន​ដំណឹង​ កាលពី​ថ្ងៃទី ៧ ខែឧសភា ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យ​ដឹង​ថា សម្ពាធទាប​ដែល​កើត​​នៅ​​លើ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​ខាង​លិច បាន​​វិវត្ត​ទៅ​​ជា​ព្យុះទី​៥ ឈ្មោះ ហាហ្គូពីត (Hagupit) T2605 ហើយ​​មាន​​ឥទ្ធិពល​​លើ​​របប​​ខ្យល់​​មូសុង​និរតី ​ដែល​​បក់​លើ​​ឈូងសមុទ្រ​​បេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន​ខាងត្បូង អាង​ទន្លេ​មេគង្គ សមុទ្រ​កម្ពុជា និងលើ​ព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖ «ព្រះរាជាណាចក​កម្ពុជា ពុំស្ថិត​នៅ​លើ​គន្លងផ្លូវ​ដើរ​របស់ព្យុះនេះទេ»។ តែទោះបីជា​យ៉ាងណា ស្ថានភាព​បែបនេះ​​នឹង​​ធ្វើ​ឱ្យ​ធាតុ​អាកាស​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់​ទាំង​នៅតំបន់វាល​ទំនាប ខ្ពង់រាប និងតំបន់មាត់សមុទ្រ ដែលគ្រប់ដណ្តប់​លើ​ផ្ទៃ​ដី ចាប់ពី ២៥ ទៅ​៣០ភាគ​រយ។

ចំពោះ​តំបន់វាលទំនាប រួម​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប​ដណ្តប់លើ​ផ្ទៃ​ដី ៣០ភាគរយ។

ចំពោះ​តំបន់ខ្ពង់រាប មាន​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥ភាគ​រយ។

ដោយឡែក ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ដែលស្ថិត​នៅ​​តំបន់មាត់សមុទ្រអាច​មាន​ភ្លៀង​ធ្លាក់​​ជាមួយ​​ផ្គរ​រន្ទះ និង​​ខ្យល់​​កន្ត្រាក់​​គ្រប​​ដណ្ដប់​​លើ​ផ្ទៃដី ២៥ភាគ​រយ។ រីឯ​រលក​សមុទ្រ​បោកបក់​ខ្លាំង ដែលមាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​​កម្ពស់​មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករនេះ ក្រសួងធនធានទឹក និងឧតុនិយម ​បាន​ប្រាប់​សាធារណជន​​ឱ្យ​ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន​ឡើង​ច្រើន​នៅ​ពេលភ្លៀង​ដើមរដូវវស្សា ជាពិសេស​បងប្អូន​ដែល ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក និងផ្លូវទឹក ហើយ​ក្រសួង នឹងបន្តធ្វើការតាមដាន និង​វិភាគ​អំពី​ស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕


Post a Comment (0)
Previous Post Next Post