ឧត្តរមានជ័យៈ សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» ត្រូវបានប្រទះឃើញងាប់ជាបន្តបន្ទាប់ ដែលក្នុងនោះមានសត្វទន្សោងយ៉ាងហោចណាស់ចំនួនបួនក្បាលនៅក្នុងរយៈពេលជាង៤ខែដើមឆ្នាំ២០២៦នេះ។
ព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានឱ្យដឹងថា សត្វទន្សោងបាមួយក្បាលទៀតត្រូវបានប្រទះឃើញងាប់កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ស្ថិតនៅចំណុចស្នាមភ្លោះផ្លូវ នៅក្នុងភូមិចារថ្មី ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ នៅលើសាកសពសត្វនេះឃើញមានមានស្លាកស្នាមរបួសជើង។
ព្រៃសង្ឃសហគមន៍រុក្ខាវ័នបានបន្តថា កាលពីថ្ងៃទី ៣ ខែឧសភា សត្វសន្សោងមួយក្បាលនេះត្រូវបានគេប្រទះឃើញដើរចេញពីសហគមន៍តំបន់ការពារ ទៅកាន់បរិវេណខាងក្រៅសហគមន៍ ដោយមានសភាពឈឺជើង។ វាបានដើរបានចំងាយប្រហែល ៣០ ម៉ែត្រឈប់ម្ដង។

បន្ទាប់ពីទទួលបានពត៌មាននេះហើយ ក្រុមការងារអភិរក្ស ដែលរួមមានមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍បានតាមឃ្លាំមើលសកម្មភាពសត្វទន្សោងមួយក្បាលនេះយ៉ាងយកចិត្តទុកដាក់។ លុះដល់ព្រឹកថ្ងៃទី៥ ខែឧសភា សត្វទន្សោងនេះក៏បានងាប់ ។
មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍បានដឹកយកទៅកប់នៅស្នាក់ការមន្ត្រីឧទ្យានុរក្សនៅស្នាក់ការភ្នំអណ្តូង ស្ថិតនៅ ឃុំលំទង ស្រុកអន្លង់វែង។ នេះគឺជាសត្វទន្សោងទី៤ដែលបានងាប់នៅដើមឆ្នាំ២០២៦នេះ។
ក្រៅពីសត្វទន្សោង គណៈកម្មការ និងអនុគណៈសង្ឃរុក្ខវ័នក៏បានប្រទះឃើញប្រើសញីមួយក្បាលងាប់ដោយមានស្លាកស្នាមលើដងខ្លួន និងមានសភាពធុំក្លិនស្អុយផងដែរ កាលពីថ្ងៃទី៩ ខែមីនាកន្លងមក។ ការប្រទះឃើញសត្វងាប់នេះ គឺនៅពេលដែលក្រុមការងារបានចុះល្បាតព្រៃ។ ព្រះសង្ឃ និងអនុគណៈបានយកសាកសពវាទៅបង្សុកូល និងបូជានៅមាត់ទឹកស្នាក់ការព្រៃផ្តៅ។
ក្រៅពីបទល្មើសសត្វព្រៃ សហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក៏កំពុងតែប្រឈមនឹងការលួចកាប់ដើមប្រណិតផងដែរ។

ព្រៃសង្ឃសហគមន៍រុក្ខាវ័នបានអំពាវនាវសូមឱ្យចូលរួមអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនិងសត្វព្រៃទាំងអស់គ្នា ដើម្បីរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ៕


