តុលាការខេត្តព្រះសីហនុចោទប្រកាន់ជនជាតិចិនម្នាក់ពីបទ ជូញដូរ និងផលិតគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបនិងរឹបអូសបានគ្រឿងញៀនជាង ៦ គីឡូក្រាម និងសារធាតុផ្សំជិត ៨០០គីឡូក្រាម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ឧសភា បានឲ្យដឹងថា សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបករណីជូញដូរ និងផលិតគ្រឿងញៀន ដែលប្រព្រឹត្តឡើងនៅចំណុចផ្ទះមួយកន្លែង នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីសប្ដាហ៍មុន។
បើតាមតុលាការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមា្នក់ជាជនជាតិចិន មានឈ្មោះ YANG HAI CHENG ពាក់ព័ន្ធនឹងសកម្មភាពជូញដូរនិងផលិតគ្រឿងញៀន ប្រព្រឹត្តឡើងចន្លោះពីដើមខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឆែកឆេរដកហូតគ្រឿងញៀនសរុបជាង ៦,៧គីឡូក្រាម ដែលក្នុងនោះមានវត្តមានសារធាតុញៀនចំនួន ២ប្រភេទ គឺកេតាមីនទម្ងន់ជាង ៦,៥គីឡូក្រាម និងអ៊ុចស្តាស៊ី (MDMA) ទម្ងន់ជាង ១៧៣ក្រាម។
បន្ថែមពីលើនេះ សមត្ថកិច្ចរកឃើញសារធាតុគីមីផ្សំ ទម្ងន់សរុប ៧៩៨គីឡូ និងសម្ភារផ្សេងៗទៀត បម្រើឱ្យសកម្មភាពផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមមានម៉ាស៊ីនកែច្នៃគ្រឿងញៀន និងជិញ្ជីងសម្រាប់ថ្លឹងលក់គ្រឿងញៀន។
ខណៈដែលជនសង្ស័យឈ្មោះ YANG HAI CHENG ត្រូវបានចោទប្រកាន់ផ្អែកលើមាត្រាជាច្រើននៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួនមកប្រឈមមុខច្បាប់៕

