ពលរដ្ឋ​គេចវេះ​កាតព្វកិច្ចយោធា​ក្នុងពេល​ប្រទេស​មាន​សង្គ្រាមឬ​រង​ការ​ឈ្លានពាន ត្រូវជាប់ទោស​រហូត​ដល់ ​៥ឆ្នាំ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពលរដ្ឋ​គេចវេះ​កាតព្វកិច្ចយោធា​ក្នុងពេល​ប្រទេស​មាន​សង្គ្រាមឬ​រង​ការ​ឈ្លានពាន ត្រូវជាប់ទោស​រហូត​ដល់ ​៥ឆ្នាំ

 ប្រជាពលរដ្ឋគ្រប់រូប ដែល​គេច​វេះ​ពី​កាតព្វកិច្ច​យោធា ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ចន្លោពី ៦ខែ ទៅ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១លាន​រៀល ដល់ ៤​លាន​រៀល ចំណែក​អ្នក​គេចវេះ​ ក្នុង​កាលៈទេសៈ​ប្រទេស​មាន​សង្គ្រាម​ឬ​រងការ​ឈ្លានពានពី​បរទេស​ និង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ។

ការ​កំណត់​នេះ​នឹង​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​មួយចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​កាតព្វកិច្ច​យោធា ដែល​ត្រូវ​បាន​​ប្រមុខ​រដ្ឋ​ស្ដីទី លោក ហ៊ុន សែន ប្រកាស​ដាក់​​ឲ្យ​ប្រើ​នៅ​ថ្ងៃទី២៣ ខែឧសភា​ ហើយ​ត្រូវ​បានផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ ដោយ​ចាត់​ទុក​ជា​ការ​ប្រញាប់។

ច្បាប់​កាតព្វកិច្ច​យោធា​ តម្រូវ​ឲ្យ​ប្រជាពរលដ្ឋខ្មែរ​អាយុពី ១៨ ដល់ ២៥​ឆ្នាំ ចូលរួម​បំពេញ​កាតព្វកិច្ច​រយៈ​ពេល ២ឆ្នាំ និង​បន្ត​ជាយោធិន​បម្រុង​រហូត​ដល់​អាយុ ៤៥​ឆ្នាំ។ ប៉ុន្តែ រយៈពេល ២​ឆ្នាំ​នៃ​ការ​ហ្វឹកហាត់​អាច​ត្រូវ​បាន​បន្ថែម​៦ខែទៀត​ទៅតាម​ភាពចាំបាច់​ជាក់ស្ដែង​។ នេះបើយោង​តាម​ច្បាប់​ដដែល។ យ៉ាងណា​ក៏​ដោយ ស្ត្រី​អាចូលរួម​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត។

យោង​តាមច្បាប់​នេះ នៅ​ពេល​ពលរដ្ឋ​​មាន​អាយុ ១៧​ឆ្នាំ ពួក​គេ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​កាតព្វកិច្ច​យោធា បន្ទាប់មក​ពួកគេ​នឹង​ទទួល​បាន​ព័តមាន​អំពី​ការ​ចុះ​ឈ្មោះ​ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជាប់​កាតព្វកិច្ច​អាច​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល ១ឆ្នាំម្ដង។

ចំពោះ​ពលរដ្ឋ​ដែល​បាន​ចុះ​បញ្ជី​ហើយ ហើយ​ត្រូវ​បាន​អញ្ជើញ​មក​បំពេញ​កាតព្វកិច្ច ប៉ុន្តែ​បែរ​ជា​ខក​ខាន​មិន​បាន​មក​តាម​ការកោះ​អញ្ជើញ​រយៈពេល ៣០​ថ្ងៃ នឹង​ត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគារ​និង​ពិន័យ ដោយ​ច្បាប់​នេះ​កំណត់​ថា អំពើ​បែប​នេះ​គឺ​ជា​ការ​គេច​វេះ​​ពី​ការ​បំពេញ​កាតព្វកិច្ច។ នេះបើ​យោង​តាម​មាត្រា ១៣។

ប៉ុន្តែ​បើ​ការ​គេច​វេះ​នេះ​ធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​មាន​សង្គ្រាម​ឬរងការ​ឈ្លានពានពី​បរទេស​​ ទោសទណ្ឌ​នេះ​នឹង​កើនឡើង​ ដោយ​រយៈពេល​កំណត់​នៃ​ការ​ជាប់​ពន្ធនាគារ​មាន​ចន្លោះពី ២ឆ្នាំ​ទៅ​ ៥​ឆ្នាំ ហើយ​ការ​ផាក​ពិន័យ​នឹង​មាន​ចន្លោះ​ពី ៤លាន​រៀល ទៅ១០​លាន​រៀល។

ចំពោះ​អ្នក​ដែល​បាន​មក​បំពេញ​កាតព្វកិច្ច​ហើយ ប៉ុន្តែ បែ​រ​ជា​គេច​វេះ​នៅក្នុង​កាលៈទេសៈ​មាន​សង្គ្រាម​ឬ​មាន​ការ​ឈ្លានពាន ក៏​នឹង​ត្រូវ​រង​ទោសទណ្ឌ​ដូចគ្នា​នេះ​ដែរ។​

មាត្រា ១៣ ដដែល ចែង​បន្ត​ថា៖ «ក្នុងករណីជនល្មើសទទួលកំហុសរបស់ខ្លួន ហើយសុខចិត្តចូលមកបំពេញកាតព្វកិច្ចយោធាវិញនៅមុនពេល ដែលមានសេចក្តីសម្រេចជាស្ថាពរពីតុលាការ ជននោះត្រូវទទួលបានការអនុគ្រោះពីការផ្តន្ទាទោស ប៉ុន្តែ ត្រូវបញ្ជូនជននោះទៅអនុវត្តទណ្ឌកម្មវិន័យ។ បែបបទនិងនីតិវិធីនៃការអនុវត្តទណ្ឌកម្មវិន័យ ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ»។

អ្នក​ដែល​ញុះញង់​ឲ្យ​អ្នក​ណា​ម្នាក់​​គេចវេះពីការបំពេញកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដូចគ្នានឹងបទល្មើសគេចវេះពី កាតព្វកិច្ចយោធា ដូចមានចែងក្នុងមាត្រា១៣ នៃច្បាប់នេះ។ ទោសទណ្ឌ​នេះ​ក៏ត្រូវ​អនុវត្ត​ដូច​គ្នា​ចំពោះ​អ្នកផ្តើមគំនិតឬសមគំនិតនៃបទល្មើស។

មាត្រា ១៥ ចែង​ថា៖ «ជនណាដែលឆ្លៀតយកឋានៈនិងតួនាទី ដើម្បីរាំងស្ទះមិនឱ្យប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល»។

ចំណែក​មាត្រា ១៧ ចែង​អំពី​ទោស​បន្ថែម ដែល​អាច​អនុវត្ត​បាននៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌផ្សេងទៀត ក្នុងករណីដែលអំពើដែលកំណត់ថាជាបទល្មើសដែលមានចែងក្នុងច្បាប់នេះ ជាបទល្មើសដែលបានបញ្ញត្ត ក្នុងច្បាប់ព្រហ្មទណ្ឌផ្សេងទៀត៕


Post a Comment (0)
Previous Post Next Post