កម្ពុជា-ម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ក្នុង​ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា-ម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ក្នុង​ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦

 ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការតភ្ជាប់ក្នុងតំបន់ តាមរយៈពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដោយសង្កត់ធ្ងន់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការគាំទ្រការស្ដារឡើងវិញនៃវិស័យទេសចរណ៍អាស៊ាន។

ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦ ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ បានប្រមូលផ្តុំអ្នកប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ តំណាងវិស័យសុខាភិបាលទេសចរណ៍ និងដៃគូឯកជនពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ (២៣–២៤ ឧសភា) នេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយទេសចរណ៍ ការតភ្ជាប់អាកាសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ជាជាងការផ្សព្វផ្សាយគោលដៅទេសចរណ៍តែមួយទិស។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានលើកឡើងថា វិស័យទេសចរណ៍នៅតែជាសសរស្តម្ភសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាវិស័យយុទ្ធសាស្ត្រក្រោមគោលនយោបាយអភិវឌ្ឍរយៈពេលវែងរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា កម្ពុជាបានបន្តមានកំណើនភ្ញៀវទេសចរអន្តរជាតិយ៉ាងរឹងមាំ ដោយទទួលបានភ្ញៀវចំនួន ៥,៤ លាននាក់ក្នុងឆ្នាំ ២០២៥ និងជាង ១,៥ លាននាក់ក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ដែលបង្ហាញពីសញ្ញាស្ដារឡើងវិញយ៉ាងច្បាស់បន្ទាប់ពីវិបត្តិសកល។

លោកបានថ្លែងថា៖ «ទេសចរណ៍ត្រូវបានចាត់ទុកជាមាសបៃតង និងជាកម្លាំងចលករសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋមូលដ្ឋាន»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ និង​ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Shaharuddin Onn ផ្លាស់ប្ដូរ​កាដូ​ក្នុងកម្មវិធី​​ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦។ រូបថត ហុង រស្មី

លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការតភ្ជាប់អាកាសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយរួមជាមួយដៃគូអាស៊ាន រួមទាំងម៉ាឡេស៊ី ដើម្បីជំរុញលំហូរទេសចរណ៍ និងបង្កើនភាពធន់នៃវិស័យនេះ។

លោកក៏បានលើកឡើងអំពីយុទ្ធនាការ «Visit Cambodia in Green Season» ដែលមានគោលបំណងលើកទឹកចិត្តទេសចរណ៍ពេញមួយឆ្នាំ និងផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងវប្បធម៌របស់កម្ពុជា ក្នុងរដូវកាលក្រៅចំណុចកំពូល។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Shaharuddin Onn បានឱ្យដឹងថា ពិព័រណ៍នេះឆ្លុះបញ្ចាំងពីជម្រៅនៃទំនាក់ទំនងទ្វេភាគី និងសារៈសំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងការរក្សាកិច្ចសហប្រតិបត្តិការយូរអង្វែង។

លោកបានបញ្ជាក់ថា ទេសចរណ៍មិនត្រឹមតែជាវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមករវាងសង្គម និងវប្បធម៌ផ្សេងៗ។

លោកបានថ្លែងថា៖ «ទេសចរណ៍ភ្ជាប់ប្រជាជនយើង និងពង្រឹងទំនាក់ទំនងរវាងគ្នា» ដោយបន្ថែមថា វិស័យនេះជួយបង្កើតការយល់ដឹងតាមរយៈវប្បធម៌ អាហារ បដិសណ្ឋារកិច្ច និងប្រវត្តិសាស្ត្រ។

មហាជននៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញទស្សនា​ការសម្ដែង​របាំ​ប្រពៃណី​ម៉ាឡេស៊ី​។ រូបថត ហុង រស្មី

លោកឯកអគ្គរាជទូតក៏បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីកំពុងបន្តផ្សព្វផ្សាយអត្តសញ្ញាណពហុវប្បធម៌ និងសេវាកម្មទេសចរណ៍របស់ខ្លួន ខណៈជំរុញលំហូរទេសចរណ៍ទ្វេទិសជាមួយកម្ពុជា តាមរយៈការពង្រឹងការតភ្ជាប់ និងកិច្ចសហការរវាងវិស័យឯកជន។

ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦ រួមមាន ការតាំងបង្ហាញសំលៀកបំពាក់ប្រពៃណីម៉ាឡេស៊ី ការបង្ហាញចម្អិនអាហារផ្ទាល់ ការសម្តែងសិល្បៈពីសិល្បករម៉ាឡេស៊ី និងសកម្មភាពគូរគំនូរ Batik ដោយឥតគិតថ្លៃ។

ក្រៅពីនេះ អ្នកចូលរួមក៏អាចចូលរួមកម្មវិធីចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះផងដែរ ព្រមទាំងទទួលព័ត៌មានអំពីកញ្ចប់ទេសចរណ៍ និងសេវាទេសចរណ៍វេជ្ជសាស្ត្រនៅប្រទេសម៉ាឡេស៊ី។

លោកស្រី ពត រ៉ានី ប្រធានក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានគោលបំណងទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តនៅម៉ាឡេស៊ី ផ្សព្វផ្សាយគោលដៅថ្មីៗ និងជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រនៅប្រទេសនេះ។

លោកស្រីបន្ថែមថា លោកស្រីរំពឹងថា ព្រឹត្តិការណ៍នេះនឹងទទួលបានការចូលរួមយ៉ាងច្រើន ដោយសារតែការរៀបចំនៅផ្សារទំនើបអេអនម៉លភ្នំពេញ ដែលជាទីតាំងមានមនុស្សច្រើន។

ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ី នឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែងវិស័យទេសចរណ៍អាស៊ាន ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនការតភ្ជាប់ក្នុងតំបន់។

វិស័យទេសចរណ៍កំពុងក្លាយជាឧបករណ៍ការទូតសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានរយៈពេលជិត ៧ ទសវត្សរ៍រវាងប្រទេសទាំងពីរ ដោយផ្អែកលើការគោរពគ្នា និងមិត្តភាពយូរអង្វែង។


Post a Comment (0)
Previous Post Next Post