ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនជាតិវៀតណាម៦នាក់ ខ្មែរម្នាក់ និងរឹបអូសបានថ្នាំញៀនមួយចំនួនធំ ក្នុងបទល្មើសបង្ក្រាបក្រុមឧក្រិដ្ឋជនញដូរគ្រឿងញៀនឆ្លងដែនក្នុងរាជធានីភ្នំពេញ កណ្តាល និងស្វាយរៀង ខណៈជនសង្ស័យ១០នាក់ផ្សេងទៀតក៏ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនដ៏ធំក្នុងខេត្តបន្ទាយមានជ័យ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងនាថ្ងៃសៅរ៍ ទី១៦ ខែឧសភានេះថា កម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀងធ្វើការបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៩ គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ កណ្ដាល និងខេត្តស្វាយរៀងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ (ស្រី១នាក់) ក្នុងនោះមានជនជាតិខ្មែរ ១នាក់ និងជនជាតិវៀតណាម ៦នាក់ (ស្រី១នាក់) នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ។ រីឯ វត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនមួយចំនួនធំ, អាវុធខ្លី ១ដើម មាន១៦គ្រាប់, រថយន្តចំនួន ៤គ្រឿង ឃាត់ទុកគណនីធនាគារ ចំនួន ១៨គណនី និងសម្ភារផ្សេងៗមួយចំនួនធំ។

ក្នុងករណីដាច់ដោយឡែមួយទៀត លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងចែកចាយគ្រឿងញៀនចំនួន២ករណីក្នុងថ្ងៃតែមួយ ដោយឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ក្នុងប៉ោយប៉ែតកាលពីថ្ងៃទី១៣ ខែឧសភា។ នេះបើយោងតាមនគរបាលជាតិនាថ្ងៃសៅរ៍នេះ។
សម្ភារ និងវត្ថុតាងចាប់បានរួមមាន ថ្នាំកញ្ចប់ពណ៌ខៀវរូបសេះ PORSCHE ចំនួន៦កញ្ចប់, ថ្នាំកញ្ចប់រូបនាគពណ៌មាស PORSCHEចំនួន១កញ្ចប់, ថ្នាំកញ្ចប់ពណ៌ខ្មៅ PURBERRY ចំនួន១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក(ប្រភេទក្រវី)ចំនួន៦៥គ្រាប់, ម្សៅក្រាមថ្លា១៧ថង់តូច, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៥គ្រាប់ ជញ្ជីង១គ្រឿង, ទូរស័ព្ទដៃចំនួន១០គ្រឿង និងសម្ភារសម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕



