ជនសង្ស័យពាក់ព័ន្ធឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងគ្រឿងញៀនចំនួន ៦១នាក់ ត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួននៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សម្រាប់ការចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងនោះ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង លោក ចើង ជើងគ័ង និងលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។
ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែនស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់, ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តិបទល្មើស Online Scam ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនមានដូចជា កុំព្យូទ័រយួរដៃចំនួន ៤៨គ្រឿង ទូរសព្ទដៃចំនួន ៤៦៨គ្រឿង អេក្រង់ម៉ូនីទ័រចំនួន ៣២គ្រឿង CPU ចំនួន ១០គ្រឿង Tablet ចំនួន ១គ្រឿង និងស៊ីមកាតទូរសព្ទបរទេសមួយចំនួនធំទៀតផងដែរ។
តាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា៖ «បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ជាធរមាន»។
គួររំឭកថា ច្បាប់ស្តីពី«ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ត្រូវបានអនុម័តកាលពីថ្ងៃទី ៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦មក ដោយបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូត ដល់១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

