ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលទាហានកម្ពុជា ត្រូវបានរាយការណ៍ថា បានព្យាយាមទប់ស្កាត់ទាហានថៃ ដែលនៅតែបន្តដាក់បន្លាលួសឈ្លានពានចូលទឹកដីកម្ពុជា នៅមុំបី។
ការចុះទៅតំបន់អានសេះដោយក្រុម AOT ត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា ដោយហេតុថាទីនោះ ជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ការចុះទៅតំបន់នេះក៏ដើម្បីពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ២ ខែមិថុនានេះថា ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ដែលថៃកំពុងកាន់កាប់នេះ គឺគូសបញ្ជាក់ «ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត»។
លោកស្រីថា ការងារនេះ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំនុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចំណុចនេះ ចែងអំពីការប្រគល់ភារកិច្ចឲ្យ JBC បន្តធ្វើការងាររបស់ខ្លួន និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ស្របពេលជាមួយនឹងការចុះទៅផ្ទៀងផ្ទាត់ស្ថានភាពនៅខេត្តព្រះវិហាររបស់ក្រុម AOT ក៏មានការចែកចាយវីដេអូ ដែលបង្ហាញពីសកម្មភាពរាយបន្លាលួសរបស់ទាហានថៃ ដែលត្រូវបានគេរាយការណ៍ថាធ្វើឡើងនៅក្បែរតំបន់មុំបី។
នៅក្នុងវីដេអូឃ្លីបជាង ៣នាទីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម គេឃើញទាហានកម្ពុជា ព្យាយាមបញ្ឈប់សកម្មភាពខុសច្បាប់របស់ទាហានថៃ ប៉ុន្តែយោធាថៃ នៅតែបន្តធ្វើសកម្មភាពរបស់ពួកគេ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលអះអាងថានៅជួរមុខ បាននិយាយថា ស្ថានភាពបានវិលទៅរកភាពប្រក្រតីវិញ ប៉ុន្តែមិនបានបញ្ជាក់ថាតើពួកយោធាថៃ បានបញ្ឈប់សកម្មភាពខុសច្បាប់របស់ពួកគេឬយ៉ាងណា។
គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ទឹកដីកម្ពុជាជាច្រើនកន្លែងត្រូវបានយោធាថៃកាន់កាប់ ហើយពួកគេបានធ្វើសកម្មភាពផ្ទុយនឹងខ្លឹមសារសេចក្ដីថ្លែងការណ៍រួម ដូចជាដាក់បន្លាលួស ទូរកុងតឺន័រ សង់រូបសំណាកព្រះពុទ្ធ ធ្វើផ្លូវ និងលើកដងទង់ជាតិជាដើម៕


