ភ្នំពេញៈ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ការនេសាទចាប់ផ្តើមបិទ ក្នុងខេត្តជាង ១០នៅទូទាំងប្រទេស ដោយឧបករណ៍នេសាទប្រមាណ ៤៩ មុខប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងរដូវបិទនេសាទនេះ។
អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងដល់សាធារណជន ជាពិសេសប្រជានេសាទថា រដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប គឺចាប់ពីថ្ងៃចន្ទ ទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ខេត្តនិងតំបន់ទាំងនោះ រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។
ដោយឡែក រដូវបិទនេសាទ ក្នុងខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខនឹងចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលាខាងមុខ។
អគ្គនាយកដ្ឋានជលផលបានបញ្ជាក់ថា៖«នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូច ស្របតាម បទប្បញ្ញត្តិច្បាប់ស្តីពីជលផល»។ លើសពីនេះ អគ្គនាយកដ្ឋានជលផលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ ឱ្យចូលរួមសហការ និងអនុវត្តតាមការណែនាំនេះ ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធក៏បានធ្វើការផ្សព្វផ្សាយពីរដូវកាលនៃការបិទនេសាទនេះដែរ ដោយបានគូសបញ្ជាក់ពីឧបករណ៍នេសាទចំនួន ៤៩ មុខប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទក្នុងរដូវបិទនេសាទនេះ៕

