ភ្នំពេញៈ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានជាង ៣០ ៨២៣ ៨៦៨ ម៉ែត្រគូប មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន ដែលក្នុងនោះ ទឹកកខ្វក់ជាង ១០ ៧៤៨ ៥៩៦ ម៉ែត្រគូប ត្រូវបានទប់ស្កាត់ គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ការទប់ស្កាត់ទឹកកខ្វក់នេះ គឺជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដែលក្រសួងកំពុងតបន្តធ្វើ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមួយចំនួនជាធរមាននៅកម្ពុជា។ វិធានការនេះ តម្រូវឱ្យរោងចក្រ និងសហគ្រាសទាំងអស់ ដែលមានសក្តានុពលប្រភពបំពុល និងបញ្ចេញសំណល់រាវ ដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិ តាមដានគុណភាពទឹក ខណៈដែលមន្រ្តីជំនាញក៏ចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹកជាប្រចាំនៅទូទាំងប្រទេស។
គិតមកដល់ពេលនេះ រោងចក្រ ក្រុមហ៊ុន និងសហគ្រាស ដែលមានហានិភ័យខ្ពស់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹក និងបញ្ជូនទិន្នន័យផ្ទាល់ទៅក្រសួងបរិស្ថាន មានចំនួន ៥៩ទីតាំង និងមានរោងចក្រ សហគ្រាស ជាង១០ទីតាំងផ្សេងទៀត បានចុះកិច្ចសន្យា បំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យទឹកកខ្វក់ ជាបន្តបន្ទាប់។តាមរយៈកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ រោងចក្រ/ក្រុមហ៊ុន ក្នុងការចូលរួមអនុវត្តច្បាប់ និងបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាអាចទប់ស្កាត់ទឹកកខ្វក់ បានរាប់សិបលានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកធម្មជាតិ ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន ថែរក្សាការពារបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ដែលប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាត លើដីស្អាត និងផ្ទៃមេឃស្អាត ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕


