លោកបានព្រមានថា ការអនុញ្ញាតឱ្យមានអ្នកវិនិយោគថ្មីចូលមកបន្ថែម ក្នុងពេលដែលអ្នកវិនិយោគចាស់មិនទាន់អាចលក់ផលិតផលបានល្អ នឹងធ្វើឱ្យគ្រប់ភាគីទទួលរងការខាតបង់។
លោកបានបញ្ជាក់ថា: «បើដាក់ទុនថ្មីៗមក អ្នកចាស់លក់មិនដាច់ អ្នកថ្មីមកថែមទៀត ក៏លក់មិនបានច្រើន អ៊ីចឹងទាំងអស់គ្នាអត់មានអ្នកណាឈ្នះទេ គឺចាញ់ទាំងអស់គ្នា»។
ជំនួសឱ្យការពង្រីកអាជ្ញាប័ណ្ណថ្មី រដ្ឋាភិបាលចង់ឱ្យសហគ្រាសដែលបានវិនិយោគរួចហើយ ប្រើប្រាស់ធនធាន និងសមត្ថភាពផលិតដែលមានស្រាប់ឱ្យអស់លទ្ធភាព ព្រមទាំងពង្រឹងការគ្រប់គ្រងអាជីវកម្ម ស្វែងរកទីផ្សារថ្មី និងធ្វើពិពិធកម្មផលិតផល។
លោកជឿជាក់ថា ប្រសិនបើរដ្ឋាភិបាល និងវិស័យឯកជនខិតខំរួមគ្នា ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ សមាគមថ្មអារកម្ពុជានឹងអាចពង្រឹងសមត្ថភាពទាំងផ្នែកការគ្រប់គ្រងអាជីវកម្ម ការពង្រីកទីផ្សារ និងការអភិវឌ្ឍផលិតផលថ្មីៗ។
ការប្រកាសនេះ បង្ហាញពីការផ្លាស់ប្ដូរទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ពីការសង្គ្រោះវិស័យថ្មអារក្នុងអំឡុងពេលជួបវិបត្តិ មកផ្ដោតលើការពង្រឹងអ្នកវិនិយោគដែលមានស្រាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កាលពីឆ្នាំ២០២៣ វិស័យថ្មអារកម្ពុជាបានប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតម្រូវការទីផ្សារធ្លាក់ចុះ ថ្លៃដឹកជញ្ជូនកើនឡើង ពន្ធនាំចេញខ្ពស់ និងនីតិវិធីនាំចេញស្មុគស្មាញ ដែលធ្វើឱ្យរោងចក្រមួយចំនួនប្រឈមនឹងការបិទទ្វារ។
បន្ទះថ្មក្រានីតដែលបានកែច្នៃ និងប៉ូលារួច ត្រូវបានដាក់តាំងបង្ហាញនៅរោងចក្រមួយ ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ រូបថត ហុង រស្មីក្រោយការអន្តរាគមន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានជួបជាមួយអ្នកវិនិយោគក្នុងពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិន កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានកាត់បន្ថយអត្រាពន្ធនាំចេញលើផលិតផលថ្មធម្មជាតិមួយចំនួន និងសម្រួលនីតិវិធីនាំចេញ ដែលបានជួយឱ្យវិស័យនេះងើបឡើងវិញ។
បច្ចុប្បន្ន កម្ពុជាមានសហគ្រាសរួមជាង ៧០ កំពុងវិនិយោគក្នុងវិស័យថ្មអារ ក្នុងនោះប្រមាណ ២០ ស្ថិតនៅខេត្តក្រចេះ។ រោងចក្រនីមួយៗមានសមត្ថភាពផលិតបន្ទះថ្មពី ២០.០០០ ទៅ ៣០.០០០ ម៉ែត្រការ៉េក្នុងមួយខែ ខណៈសមត្ថភាពផលិតសរុបទូទាំងប្រទេសមានប្រមាណ ៦០០.០០០ ម៉ែត្រការ៉េក្នុងមួយខែ។
លោក កែវ រតនៈ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៦ វិស័យថ្មអារបាននាំចំណូលសួយសារចូលថវិកាជាតិជិត ៤០ លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលពន្ធ និងអាករផ្សេងៗទៀត។
លោកបានបញ្ជាក់ថា ផែនការអាទិភាពបន្ទាប់របស់ក្រសួង មិនមែនផ្តោតតែលើការបង្កើនការផលិតនោះទេ ប៉ុន្តែផ្តោតលើការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលថ្មកម្ពុជា។
«ផែនការអាទិភាពបន្ត គឺបង្កើតតម្លៃបន្ថែមតាមរយៈពិពិធកម្មនៃផលិតផលពីថ្ម រកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងវិស័យនេះដោយគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោជន៍ និងការបណ្តុះបណ្តាលជំនាញដល់កម្មករខ្មែរ»។
លោកក៏បានជំរុញឱ្យសមាគមសហការជាមួយសិល្បករ និងជាងចម្លាក់ខ្មែរ ដើម្បីកែច្នៃថ្មធម្មជាតិទៅជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងបង្ហាញអត្តសញ្ញាណខ្មែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ព្រមទាំងគាំទ្រដល់វិស័យទេសចរណ៍។
«យើងមិនមែនប្រើវិស័យថ្មអារសម្រាប់តែយកសម្ភារៈចេញទេ ប៉ុន្តែត្រូវជួយបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសផលិតផលដែលប្រើប្រាស់អត្តសញ្ញាណខ្មែរ ដើម្បីជួយវិស័យទេសចរណ៍»។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យក្រុមហ៊ុនទាំងអស់គោរពបទដ្ឋានបរិស្ថាន ពង្រឹងសុវត្ថិភាពការងារ បំពេញកាតព្វកិច្ចពន្ធដារឱ្យបានត្រឹមត្រូវ និងបន្តវិនិយោគលើការបណ្តុះបណ្តាលជំនាញបុគ្គលិក។
លោកបានព្រមានថា រាជរដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដែលប្រព្រឹត្តខុសច្បាប់ ប៉ុន្តែសម្រាប់អ្នកវិនិយោគដែលអនុវត្តត្រឹមត្រូវ និងនៅតែជួបការលំបាក រដ្ឋាភិបាលនឹងបន្តប្រើប្រាស់គោលនយោបាយគាំទ្រគ្រប់បែបយ៉ាង ដើម្បីធានាឱ្យវិស័យនេះអាចរីកចម្រើនប្រកបដោយចីរភាព។