ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំថ្មីស្ដីពី «វប្បធម៌ល្អនៃការចូលទៅកាន់វត្តអារាម» ដោយអំពាវនាវឱ្យសាធារណជន ជាពិសេសយុវជន គោរពប្រពៃណី សីលធម៌ និងធម៌វិន័យ ព្រមទាំងបញ្ឈប់អាកប្បកិរិយាមិនសមរម្យដែលកំពុងកើតមាននៅតាមវត្តអារាម និងលើបណ្ដាញសង្គម។
ក្នុងសេចក្តីណែនាំ នៅថ្ងៃទី២៥ ខែមិថុនា ក្រសួងបានលើកឡើងថា វត្តអារាមមិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធបរិស័ទគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងអប់រំគុណធម៌ សីលធម៌ និងសុជីវធម៌ខ្មែរ ជាមជ្ឈមណ្ឌលថែរក្សាអក្សរសាស្ត្រ ឯកសារប្រវត្តិសាស្ត្រ ស្ថាបត្យកម្មប្រពៃណី ព្រមទាំងជាបេះដូងនៃអត្តសញ្ញាណជាតិ។
ទោះជាយ៉ាងណា ក្រសួងបានសង្កេតឃើញថា: “មួយរយៈចុងក្រោយនេះ មានសាធារណជន និងយុវជនមួយចំនួន បានប្រព្រឹត្តសកម្មភាពដែលមិនសមស្របនឹងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ និងធម៌វិន័យព្រះពុទ្ធសាសនា”។
តាមសេចក្តីណែនាំ បានបន្ដថា: “អាកប្បកិរិយាទាំងនោះរួមមាន ការស្លៀកពាក់មិនសមរម្យ ការបង្ហាញកាយវិការមិនសមរម្យក្នុងបរិវេណវត្ត និងការថតរូប ឬវីដេអូបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងជាការមិនគោរពចំពោះវត្តអារាម ដែលជាបូជនីយដ្ឋាន និងជាបុណ្យកេត្ររបស់ពុទ្ធបរិស័ទ”។
ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសីលធម៌ក្នុងការចូលទៅកាន់វត្តអារាម ក្រសួងបានដាក់ចេញនូវការណែនាំចំនួន៧ចំណុច។
ក្នុងនោះ ក្រសួងបានហាមឃាត់ការស្លៀកសម្លៀកបំពាក់មិនសមរម្យ ដូចជាអាវស្តើង អាវវៀលខ្នង អាវខ្សែទោល ខោ ឬសំពត់ខ្លីលើជង្គង់ សម្លៀកបំពាក់ឆើតឆាយ ឬរឹបបន្តឹងរាងកាយ ពេលចូលថ្វាយបង្គំព្រះសង្ឃ ព្រះពុទ្ធរូប និងថតរូបបង្ហោះលើបណ្ដាញសង្គម។
ក្រសួងក៏បានណែនាំឱ្យអ្នកចូលវត្តរក្សាឥរិយាបថថ្លៃថ្នូរ ដោយមិនប្រព្រឹត្តសកម្មភាពស្នេហាក្នុងបរិវេណវត្ត មិនពាក់មួក មិនរោទ៍ ឬចុចស៊ីផ្លែយានយន្តក្នុងវត្ត ហើយអ្នកជិះម៉ូតូ ឬកង់ ត្រូវចុះបណ្ដើរចាប់ពីខ្លោងទ្វារវត្ត។
ជាមួយគ្នានេះ អ្នកចូលវត្តត្រូវដោះស្បែកជើងមុនឡើងព្រះវិហារ ឧបដ្ឋានសាលា កុដិព្រះសង្ឃ និងទីសក្ការៈផ្សេងៗ ព្រមទាំងជៀសវាងការនិយាយឡូឡា ស្រែកហ៊ោកញ្ជ្រៀវ លេងសើចហួសប្រមាណ ឬប្រើពាក្យអសុរោះ។
សេចក្តីណែនាំក៏បានកំណត់អំពីរបៀបប្រតិបត្តិចំពោះព្រះសង្ឃ ដោយលើកទឹកចិត្តឱ្យពុទ្ធបរិស័ទបង្អោនកាយ ឬលើកដៃសំពះ និងប្រើភាសាឱ្យសមស្របទៅតាមសមណភាវៈ។
សម្រាប់ស្ត្រី ពេលប្រគេនទេយ្យទាន ឬទេយ្យវត្ថុ ត្រូវរក្សាគម្លាត មិនឱ្យប៉ះពាល់ព្រះកាយព្រះសង្ឃ ខណៈការអង្គុយត្រូវមានរបៀបរៀបរយ និងមិនត្រូវសណ្តូកជើងទៅរកព្រះសង្ឃ ឬព្រះពុទ្ធរូបឡើយ។
លើសពីនេះ ក្រសួងបានអំពាវនាវឱ្យសាធារណជនរួមគ្នាថែរក្សាអនាម័យ និងបរិស្ថានក្នុងវត្ត ដោយមិនចោលសំរាមផ្ដេសផ្ដាស មិនគូសវាស ឬបំផ្លាញសាសនវត្ថុ ព្រះវិហារ និងសំណង់នានា។
សេចក្តីណែនាំក៏បានហាមឃាត់ការផឹកគ្រឿងស្រវឹង ឬការចូលវត្តក្នុងស្ថានភាពស្រវឹង ព្រមទាំងហាមមិនឱ្យប្រើប្រាស់វត្តអារាមជាទីកន្លែងប្រព្រឹត្តអំពើឆបោក ឬល្បែងស៊ីសងគ្រប់ប្រភេទ។
សម្រាប់វត្តអារាម ជាពិសេសវត្តទេសចរណ៍ ក្រសួងបានណែនាំឱ្យត្រៀមក្រមា កន្សែងដណ្តប់ ឬសំពត់វែង សម្រាប់ពុទ្ធបរិស័ទជាស្ត្រី ឬភ្ញៀវបរទេស ដែលមិនបានស្លៀកសម្លៀកបំពាក់សមរម្យពេលចូលទៅក្នុងបរិវេណវត្ត។
ក្រសួងធម្មការ និងសាសនា បានអំពាវនាវឱ្យសាធារណជន ជាពិសេសយុវជន ចូលរួមអនុវត្តសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាថែរក្សាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងអភិរក្សវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

