ភ្នំពេញៈ តំបន់ជាច្រើនអាចនឹងជួបប្រទះនូវអាកាសធាតុក្តៅហួតហែងអូសបន្លាយពេលយូរ របាយទឹកភ្លៀងធ្លាក់ចុះទាបជាងកម្រិតមធ្យម កង្វះខាតទឹក និងការកើនឡើងនូវហានិភ័យនៃគ្រោះរាំងស្ងួត ក៏ដូចជាភ្លើងឆេះព្រៃ។ នេះបើតាមការទស្សន៍ទាយរបស់អ្នកវិទ្យាសាស្ត្រអំពីការមកដល់នៃបាតុភូតអែលនីញ៉ូ (El Niño)។
ក្រសួងបរិស្ថានបានឡើងឡើងថា លក្ខខណ្ឌទាំងនេះអាចធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះ ជំរុញឱ្យសត្វចិញ្ចឹមចុះខ្សោយ រីងស្ងួតប្រភពទឹក និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់គ្រួសារកសិករ។ រាល់របបអាហារដែលមនុស្សបរិភោគជារៀងរាល់ថ្ងៃ សុទ្ធតែចាប់ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ។ ចាប់តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិច កសិករធ្វើការដោយមិនគិតពីការនឿយហត់ ដើម្បីផលិតអាហារទ្រទ្រង់តាមតម្រូវការទីផ្សារ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏ជាក្រុមមនុស្សដែលងាយរងគ្រោះបំផុតផងដែរ ដោយសារតែការប្រែប្រួលអាកាសធាតុ។ «ការត្រៀមលក្ខណៈនៅថ្ងៃនេះ មានតម្លៃតិចជាងច្រើនមែនទែន បើធៀបនឹងការចំណាយលើការស្តារឡើងវិញនៅថ្ងៃស្អែក»។
អាទិភាពទីមួយ គឺការគ្រប់គ្រងទឹក។ ទឹកគ្រប់តំណក់គួរតែត្រូវបានប្រើប្រាស់ដោយឆ្លាតវៃ និងសន្សំសំចៃបំផុត។ កសិករគួរតែជួសជុលប្រព័ន្ធស្រោចស្រពដែលលេចធ្លាយ បង្កើនការរក្សាទុកទឹកភ្លៀងគ្រប់ពេលដែលអាចធ្វើទៅបាន ថែទាំស្រះ និងអាងស្តុកទឹក ព្រមទាំងអនុវត្តវិធីសាស្ត្រស្រោចស្រពដែលសន្សំសំចៃទឹក ដូចជាប្រព័ន្ធស្រោចស្រពដំណក់ទឹកជាដើម ទៅតាមលទ្ធភាពជាក់ស្តែង។ សហគមន៍គួរតែសហការគ្នាដើម្បីការពារប្រឡាយ អូរ និងប្រភពទឹក ដើម្បីធានាថាមានទឹកប្រើប្រាស់ពេញមួយរដូវប្រាំង។
អាទិភាពទីពីរ គឺការរក្សាសំណើមដី។ ដីដែលមានសុខភាពល្អដើរតួដូចជាអាងស្តុកទឹកធម្មជាតិ។ កសិករគួរតែរក្សាកាកសំណល់ដំណាំ ឬប្រើប្រាស់កម្ទេចកាកសំណល់សរីរាង្គគ្របដណ្តប់លើដី ដើម្បីកាត់បន្ថយការភាយរំហួតទឹក បង្កើនជីជាតិដី និងការពារដំណាំពីកម្តៅខ្លាំងពេក។ ការអនុវត្តកសិកម្មបែបអភិរក្ស ជួយឱ្យដីរក្សាសំណើមបានល្អ សូម្បីតែក្នុងអំឡុងពេលប្រាំងអូសបន្លាយក៏ដោយ។
ការជ្រើសរើសដំណាំឱ្យបានត្រឹមត្រូវ ក៏មានសារៈសំខាន់ដូចគ្នាដែរ។ កសិករគួរតែពិចារណាលើពូជដំណាំដែលធន់នឹងការរាំងស្ងួត និងកែសម្រួលកាលវិភាគដាំដុះទៅតាមការទស្សន៍ទាយអាកាសធាតុតាមរដូវកាល។ ការធ្វើពិពិធកម្មដំណាំ (ការដាំដំណាំចម្រុះ) ក៏ជួយកាត់បន្ថយហានិភ័យនៃការខូចខាតទិន្នផលទាំងស្រុង ដោយសារតែព្រឹត្តិការណ៍អាកាសធាតុណាមួយផងដែរ។ សត្វចិញ្ចឹមត្រូវការការយកចិត្តទុកដាក់ជាពិសេសក្នុងកំឡុងពេលមានកម្តៅខ្លាំង។ សត្វធាតុត្រូវការទឹកស្អាតសម្រាប់ផឹកជាប្រចាំ កន្លែងជ្រកដែលមានម្លប់ និងចំណីអាហារគ្រប់គ្រាន់។ កសិករគួរតែធានាថា រោងសត្វមានខ្យល់ចេញចូលបានល្អ និងតាមដានសត្វចិញ្ចឹមឱ្យបានដិតដល់ ដើម្បីរកមើលសញ្ញានៃការស្ត្រេសដោយសារកម្តៅ ឬរោគសញ្ញាជំងឺផ្សេងៗ។
ការគំរាមកំហែងដ៏ធំបំផុតមួយក្នុងកំឡុងពេលអែលនីញ៉ូ គឺភ្លើង។ វាលស្រែ និងព្រៃឈើដែលស្ងួតហួតហែង អាចឆាបឆេះយ៉ាងងាយស្រួល ដែលជារឿយៗកើតចេញពីទង្វើខ្វះការប្រុងប្រយ័ត្នតែមួយលើក។ កសិករគួរតែចៀសវាងការដុតកាកសំណល់ដំណាំ ឬការឆ្ការព្រៃដោយប្រើភ្លើងក្នុងរដូវប្រាំង។ គួរតែបង្កើត និងថែទាំខ្សែក្រវាត់ការពារភ្លើងជុំវិញកសិដ្ឋាន ត្រៀមឧបករណ៍ឱ្យរួចរាល់សម្រាប់ករណីបន្ទាន់ ហើយសហគមន៍ត្រូវសហការគ្នាដើម្បីស្វែងរក និងពន្លត់ភ្លើងឱ្យបានទាន់ពេលវេលា មុនពេលវាឆ្លងរាលដាលធំដុំ។
ការការពារព្រៃឈើ ក៏ជាផ្នែកមួយនៃការការពារវិស័យកសិកម្មផងដែរ។ ព្រៃឈើជួយសម្រួលរបាយទឹកភ្លៀង ការពារប្រភពទឹក កាត់បន្ថយការច្រោះដី និងជួយសម្រួលសីតុណ្ហភាពក្នុងតំបន់។ ការអភិរក្សព្រៃឈើនៅថ្ងៃនេះ គឺដើម្បីជួយទ្រទ្រង់កសិកម្មនៅថ្ងៃស្អែក។
បច្ចេកវិទ្យា និងព័ត៌មាន ក៏អាចជួយពង្រឹងភាពធន់បានដែរ។ កសិករគួរតែតាមដានការទស្សន៍ទាយអាកាសធាតុប្រចាំរដូវ ស្វែងរកការប្រឹក្សាបច្ចេកទេសពីមន្ត្រីផ្សព្វផ្សាយកសិកម្ម និងអនុវត្តវិធីសាស្ត្រកសិកម្មវៃឆ្លាតអាកាសធាតុ (climate-smart farming practices )។ ព័ត៌មានទាន់ហេតុការណ៍ ជួយឱ្យការសម្រេចចិត្តកាន់តែល្អប្រសើរ លើការដាំដុះ ការស្រោចស្រព ការគ្រប់គ្រងសត្វល្អិតចង្រៃ និងការប្រមូលផល។
សហគមន៍កាន់តែរឹងមាំ នៅពេលដែលពួកគេរួមដៃគ្នា។ កសិករអាចចែករំលែកប្រភពទឹកដោយសមធម៌ ផ្លាស់ប្តូរចំណេះដឹង បង្កើតក្រុមល្បាតការពារភ្លើងក្នុងសហគមន៍ និងជួយជ្រោមជ្រែងអ្នកជិតខាងដែលជួបការលំបាក។ បញ្ហាប្រឈមនៃអាកាសធាតុ គឺងាយស្រួលយកឈ្នះតាមរយៈកិច្ចសហប្រតិបត្តិការ រួមជាងការប្រឹងប្រែងតែម្នាក់ឯង។
រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជន សុទ្ធតែមានតួនាទីយ៉ាងសំខាន់។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព ការស្តុកទឹក ពូជដំណាំធន់នឹងអាកាសធាតុ ការបណ្តុះបណ្តាលផ្នែកកសិកម្ម ប្រព័ន្ធព្រមានទុកជាមុន ផ្លូវជនបទ និងការទទួលបានហិរញ្ញប្បទានកសិកម្ម នឹងជួយពង្រឹងសមត្ថភាពរបស់កសិករក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុទៅថ្ងៃអនាគត។
ប្រជាកសិករមិនមែនត្រឹមតែជាអ្នកផលិតអាហារនោះទេ។ ពួកគេគឺជាអ្នកថែរក្សាដីធ្លី ទឹក និងសហគមន៍ជនបទរបស់យើង។ ការការពារពួកគេ គឺមានន័យថាជាការការពារសន្តិសុខស្បៀងជាតិ សេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារគ្រប់រូប។ បាតុភូតអែលនីញ៉ូ អាចនឹងនាំមកនូវខែដ៏លំបាកជាច្រើននៅខាងមុខ ប៉ុន្តែវាក៏ផ្តល់ឱកាសឱ្យត្រៀមលក្ខណៈដោយឆ្លាតវៃផងដែរ។ ផលប្រមូលផលនៅថ្ងៃស្អែក គឺអាស្រ័យលើសកម្មភាពដែលធ្វើនៅថ្ងៃនេះ៕

