ពលរដ្ឋខ្មែរចំណាកស្រុកអាចធ្វើ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណបានគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ កក្កដា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពលរដ្ឋខ្មែរចំណាកស្រុកអាចធ្វើ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណបានគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ កក្កដា

 ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងប្រកបការងារ ប្រកបមុខរបរ ឬបន្តការសិក្សានៅក្រៅរាជធានី-ខេត្តនៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន អាចស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយទូទាំងប្រទេសបាន ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅលំនៅឋានដើមវិញឡើយ។

យន្តការថ្មីនេះ ត្រូវបានដាក់ឱ្យអនុវត្តដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងសម្រួលដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពសេវារដ្ឋបាល។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បាន​ឱ្យដឹងថា៖ «ពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ ដែលកំពុងរស់នៅឆ្ងាយពីលំនៅឋានអចិន្ត្រៃយ៍ អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណដែលផុតសុពលភាព ឬនៅសល់សុពលភាពតិចជាង ១៨០ថ្ងៃ នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយក៏បាន ដោយមិនចាំបាច់វិលត្រឡប់ទៅខេត្តកំណើតដូចមុនទៀត»។

ក្រសួងបន្ដថា៖ «ជាឧទាហរណ៍ ប្រជាពលរដ្ឋដែលមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ប៉ុន្តែកំពុងប្រកបការងារនៅខេត្តព្រៃវែង អាចដាក់ពាក្យស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន»។

ក្រៅពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទូទាំងប្រទេស ពលរដ្ឋខ្មែរចំណាកស្រុកក៏អាចទទួលសេវានេះនៅទីស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងផ្សារទំនើបអ៊ីអនម៉ល សែនសុខ (AEON 2) ផ្សារទំនើបអ៊ីអនម៉ល មានជ័យ (AEON 3) និងនៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ។

សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ហើយមិនទាន់មានអត្តសញ្ញាណបណ្ណ ត្រូវភ្ជាប់សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ព្រមទាំងឯកសារសម្គាល់ការស្នាក់នៅ ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

ចំពោះការបន្តសុពលភាពអត្តសញ្ញាណបណ្ណ ប្រជាពលរដ្ឋត្រូវភ្ជាប់អត្តសញ្ញាណបណ្ណដែលអស់សុពលភាព ឬនៅសល់សុពលភាពតិចជាង ១៨០ថ្ងៃ។ រីឯករណីបាត់បង់ ត្រូវមានពាក្យបណ្តឹងអំពីការបាត់បង់ ខណៈករណីខូចខាត ត្រូវភ្ជាប់អត្តសញ្ញាណបណ្ណដែលខូចនោះមកជាមួយ។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្ត្រីចុះបញ្ជីអត្តសញ្ញាណបណ្ណ នឹងបន្តពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ និងធ្វើការសម្ភាស ដើម្បីបញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ ឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន។

ក្រសួងក៏បានរំឭកថា ទាំងមន្ត្រីចុះបញ្ជី និងអ្នកស្នើសុំ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើមានការផ្តល់ព័ត៌មានមិនពិត ឬប្រើប្រាស់ឯកសារក្លែងក្លាយដោយចេតនា ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬនៅសល់សុពលភាពតិចជាង ១៨០ថ្ងៃ ឱ្យរួសរាន់ទៅបំពេញបែបបទស្នើសុំប្តូរអត្តសញ្ញាណបណ្ណថ្មី ដើម្បីចៀសវាងការប្រើប្រាស់អត្តសញ្ញាណបណ្ណដែលផុតសុពលភាព និងមិនអាចប្រើប្រាស់បានតទៅទៀត។

សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងទៅលេខទូរស័ព្ទ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥។


Post a Comment (0)
Previous Post Next Post