សៀមរាបៈ សត្វទោចមកុដក្នុងព្រៃអង្គរកើតកូនបាន ១ក្បាលទៀត ដែលធ្វើឱ្យចំនួនសត្វទោចមកុដកើនឡើងដល់សរុបដល់ ១៥ក្បាល។ សត្វទោចមកុដ និងសត្វព្រៃដទៃទៀតជិត ១០០ក្បាលដែលត្រូវបានដោះលែងកន្លងមក កំពុងតែមានតួនាទីយ៉ាងសំខាន់ក្នុងការនាំគ្រាប់ពូជឈើនានា ឱ្យដុះក្លាយជាធម្មជាតិបៃតងដ៏សម្បូរបែប ព្រមទាំងអាចទាក់ទាញអ្នកទេសចរជាច្រើនឱ្យចាប់អារម្មណ៍ចំពោះធម្មជាតិបន្ថែមទៀតនៅក្នុងតំបន់អង្គរផងដែរ។
មេទោចមកុដបានផ្តល់កំណើតកូនតូច ១ក្បាលនេះកាលពីអំឡុងខែឧសភាកន្លងមក ហើយត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងអង្គការដៃគូដាក់ឈ្មោះឱ្យថា «រៃ»។ អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា លោក និក ម៉ាក បានបង្ហាញអារម្មណ៍រីករាយឥតឧបមា ដែលវត្តមានសត្វទោចមកុដមួយក្បាលទៀតបានរស់រាននៅក្នុងព្រៃអង្គរ។ នេះបើយោងតាមក្រសួងវប្បធម៌នាថ្ងៃអង្គារ ទី ៣០ ខែមិថុនានេះ។
អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បាននាំយកសត្វទោចនេះមកព្រលែងនៅក្នុងឧទ្យានអង្គរនាឆ្នាំ ២០១៣។ ជាបន្តបន្ទាប់ គម្រោងនេះបាននាំយកទោចមកុដចំនួន ៤គូរ ឬ៤គ្រួសារ មកព្រលែងនៅតាមទីតាំងផ្សេងៗឆ្ងាយពីគ្នាក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បានបង្កើតកូនបានចំនួន៧ក្បាលរួចហើយ។ សរុបវត្តមានសត្វទោចទាំងអស់ ដែលកំពុងរស់នៅក្នុងឧទ្យានមានចំនួន ១៥ក្បាល។
ទាក់ទងនឹងវត្តមានកូនទោចថ្មីឈ្មោះរៃនេះ លោក និក ម៉ាក បានបញ្ជាក់ថា ឪពុករបស់វាឈ្មោះ បារាយណ៍ ម្តាយឈ្មោះ សារ៉ានិច ដែលធ្លាប់មានកូនចំនួន២ក្បាលរួចមកហើយ ដែលកូនទី១ឈ្មោះ កន្ទេះឡង់ និងកូនទី២ឈ្មោះ ក្តាមទូក។
លោក មឿន សារិន្ទ ដែលជាអ្នកថែទាំ និងដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរបានឱ្យដឹងថា ក្នុងមួយថ្ងៃលោកនិងកូនប្រុស ត្រូវដើរដាក់ចំណីចំនួន២ដង គឺនៅពេលព្រឹក និងរសៀល។ ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះផងដែរ ដូចជាកន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និងពិនិត្យចៀសវាងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ បុគ្គលិកអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់ថា អាហារដែលសត្វទោចហូបជាប្រចាំមានផ្លែឈើចម្រុះដូចជា ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល។
ក្នុងនាមជាអ្នកអភិរក្សសត្វព្រៃមួយរូប លោក និក ម៉ាក អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំឱ្យចំណី និងលេងជាមួយសត្វព្រៃ ដោយទុកឱ្យវារស់នៅដោយរបៀបរបស់វា។ លោក និក ម៉ាក ក៏មិនគាំទ្រដែរចំពោះបុគ្គលខ្លះដែលនាំសត្វព្រៃមកចិញ្ចឹមនៅតាមផ្ទះ ដែលលោកយល់ថា កំពុងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងផ្លាស់ប្តូរធម្មជាតិរបស់សត្វ។
អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ក៏បានអំពាវនាវឱ្យពលរដ្ឋនៅជុំវិញតំបន់អង្គរ រួមគ្នាការពារជីវិតសត្វព្រៃ ខណៈដែលសកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំដោយយកចិត្តទុកដាក់យ៉ាងណាក្តី។
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់តាំងពី ឆ្នាំ២០១៣មក គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទជិត ១០០ក្បាលចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ។ ក្នុងនោះ ជាពិសេស មានសត្វទោចមកុដ (Pileated Gibbon) ចំនួន ១៧ក្បាល ដែលកើតកូនបានចំនួន៩ក្បាល និង សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាម (Silvered Langurs) ចំនួន ១២ក្បាល ដែលកើតកូនបាន ១៨ក្បាលផងដែរ៕

