ផ្អាក​អុំទូក​នៅ​ភ្នំពេញ ខណៈរដ្ឋាភិបាលផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ការ​ដោះស្រាយ​បញ្ហាព្រំដែន​និង​ជនភៀសសឹក​ជាង​២ម៉ឺននាក់ដែលមិនអាចត្រឡប់ទៅផ្ទះវិញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ផ្អាក​អុំទូក​នៅ​ភ្នំពេញ ខណៈរដ្ឋាភិបាលផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ការ​ដោះស្រាយ​បញ្ហាព្រំដែន​និង​ជនភៀសសឹក​ជាង​២ម៉ឺននាក់ដែលមិនអាចត្រឡប់ទៅផ្ទះវិញ

 អាទិភាព​លើ​ស្ថានការណ៍​នៅ​តាម​ព្រំដែនជាមួយថៃ និង​ការ​យក​ចិត្ត​ទុកដាក់​លើ​​ការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ដល់​ពលរដ្ឋ​ភៀស​សឹក​ បង្ខំឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប​នៅ​មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ ​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​សម្រេច​កាលពីថ្ងៃទី២៥ ខែមិថុនា​កន្លង​ទៅ។ យ៉ាង​ណា​ក៏ដោយ ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ទោះបី​មិន​មាន​ពិធី​នេះ​នៅ​ភ្នំពេញ​ក៏​ដោយ ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន​៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យ​ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។

បើ​តាមសារាចរ​ដដែល លោក ហ៊ុន ម៉ាណែត​បាន​ណែនាំ​ឲ្យ​​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត «ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជននិងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីត យុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន»។

សារាចរ​​ដដែល​នេះ​ក៏តម្រូវ​ឲ្យ​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។

លោក​ ហ៊ុន ម៉ាណែត​ ក៏​ណែនាំ​ឲ្យ​ក្រុមការងារ​យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ ផលិតកម្មនិងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយ នូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានាដែលរាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និង វិនិយោគ។

យោង​តាម​ក្រសួង​ធនធានទឹក​នឹង​ឧតុនិយម ឆ្នាំ​២០២៦​នេះ កម្ពុជា​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​នឹង​ជួប​ការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។​ ដើម្បី​ត្រៀម​ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ដល់​អាជ្ញាធរ​យក​ចិត្ត​ទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាលនិងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនា​ពេល​ខាង​មុខ។

អាជ្ញាធរ​មូលដ្ឋាន​ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ នេះ​បើ​តាម​សារចរ​ដដែល។​

គិត​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ជនភៀស​សឹក​ចំនួន ២១ ៤២៥​នាក់​នៅ​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែងវិញ​បាន​ដោយ​សារ​តែ​យោធាថៃ​កាន់កាប់តំបន់​ដែល​ជាភូមិករ​របស់​ពួកគ ដូចជា​នៅ​ភូមិព្រៃចាន់ ភូមិជោគជ័យ តំបន់​បឹង​ត្រកួន​ជា​ដើម ឬ ដោយ​កត្តា​សំណាល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម។ នេះ​បើ​តាមក្រសួង​មហាផ្ទៃ៕


Post a Comment (0)
Previous Post Next Post