ភ្នំពេញៈ នគរបាលរាជធានីភ្នំពេញបានធ្វើការចាប់ខ្លួនជនជាតិចិន២នាក់ និងខ្មែរ២នាក់ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុននៅផ្ទះសំណាក់លើជនរងគ្រោះពីរនាក់ ដោយយកសពទៅកប់ក្នុងរណ្តៅលូ និងចាក់បេតុងពីលើនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនា ថ្ងៃពុធ ទី៣ ខែមិថុនានេះ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៤នាក់ និងលទ្ធផលនៃប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ជនសង្ស័យជនជាតិចិនជាបុរសទាំងពីរនាក់ មានឈ្មោះ WONG YENLONG អាយុ៣១ឆ្នាំ និង ឈ្មោះ YU WEIMING អាយុ២៦ឆ្នាំ ជនជាតិចិន។ រីឯ បុរសជនជាតិខ្មែរឈ្មោះ សុខា ដានី អាយុ២៧ឆ្នាំ និង ឈ្មោះ យុន គឹមហ៊ន អាយុ៤០ឆ្នាំ។
ចំណែកឯជនរងគ្រោះដែលស្លាប់ មានឈ្មោះ តាំង ស៊ីម៉េង ជាបុរស ដែលក្លែងភេទជាស្រី អាយុ៣៥ឆ្នាំ និងបុរសឈ្មោះ អែម គីមស៊្រុន អាយុ៣៨ ឆ្នាំ ជាអ្នកបើកបររថយន្ត តាក់ស៊ី មានទីលំនៅស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
នគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖«នៅចំពោះមុខសមត្ថិច្ច តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ»។
វត្ថុតាងចាប់យករួមមាន៖ ដំបង ១ ពូថៅ ១ ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបក្ខពួកដែលសេសសល់ផងដែរ៕

