មិនដល់២សប្ដាហ៍ កម្មករជាង១០០នាក់របួស ស្លាប់១៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មិនដល់២សប្ដាហ៍ កម្មករជាង១០០នាក់របួស ស្លាប់១៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

 ត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកម្មកររោងចក្រចំនួន ១៤ នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរដាច់ដោយឡែកពីគ្នា គ្រោះមហន្តរាយបានកើតឡើងម្តងទៀត។ រថយន្តឈ្នួលដឹកកម្មករមួយគ្រឿងបានក្រឡាប់នៅក្នុងខេត្តស្វាយរៀង កាលពីម្សិលមិញ ថ្ងៃទី៤ ខែមិថុនា បណ្តាលឱ្យមនុស្ស ២៧ នាក់រងរបួស ដែលក្នុងនោះខ្លះរងរបួសធ្ងន់។

អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍​ផ្លូវគោក​ដ៏លេចធ្លោម្នាក់ បានលើក​ឡើង​ពី​មូលហេតុដែលគ្រោះថ្នាក់ទាំងនេះនៅតែបន្តផ្តាច់យកជីវិតមនុស្ស ជាពិសេស​កម្មករ​កម្មការិនី និងអ្វីដែលគួរធ្វើដើម្បីបង្ការកុំឱ្យមានហេតុការណ៍បែបនេះបន្តកើតមានទៀត។

យោងតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គ្រោះថ្នាក់កាលពីម្សិលមិញបានកើតឡើងនៅភូមិថ្មី ឃុំស្វាយចេក ក្នុងស្រុករំដួល ខេត្តស្វាយរៀង។

លោក​ថា បញ្ហាប្រព័ន្ធហ្វ្រាំងរថយន្ត គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យរថយន្តក្រឡាប់ និងបណ្តាលឱ្យមនុស្ស ២៧ នាក់រងរបួស ដែលក្នុងនោះ ៥ នាក់រងរបួសធ្ងន់។ លោកបន្ថែមថា មន្ត្រីមកពីក្រសួងការងារ​ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) កំពុងសហការ​ដើម្បីជួយដល់អ្នករងរបួស។

លោក ស៊ុន មេសា បានអំពាវនាវដល់អ្នកបើកបរទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងត្រួតពិនិត្យ​បច្ចេកទេស​យានយន្តរបស់​ខ្លួន​ឱ្យបានទៀងទាត់។ 

លោកនិយាយ​ថា៖ «កុំឱ្យកម្មករដែលជាអ្នកប្រើប្រាស់សេវាបន្តក្លាយជាជនរងគ្រោះ»។

កាលពីថ្ងៃទី២៣ ខែឧសភា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅខេត្តស្វាយរៀង បណ្តាលឱ្យស្លាប់ ៥ នាក់ និងរបួសជាង ៣០ នាក់។ ក្នុងថ្ងៃដដែលនោះ គ្រោះថ្នាក់មួយទៀត​កើត​ឡើង​នៅខេត្តកំពង់ឆ្នាំង បានបណ្តាលឱ្យស្លាប់ ៩ នាក់ និងរបួសជាង ៤០ នាក់។ 

បើ​តាម​លោក ស៊ុន​ មេសា កម្មករភាគច្រើនដែលរងរបួសក្នុងគ្រោះថ្នាក់កាលពីថ្ងៃទី២៣ ឧសភា បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែមាន ១២ នាក់ទៀតកំពុងបន្តសម្រាកព្យាបាលនៅឡើយ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានពន្យល់ថា គ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកម្មកររោងចក្រមានពីរប្រភេទ។ ប្រភេទទី១ គឺគ្រោះថ្នាក់ពាក់ព័ន្ធនឹងសេវាដឹកជញ្ជូនដែលកម្មករប្រើប្រាស់ច្រើន ដូចជាឡានដឹកទំនិញដែលកែច្នៃសម្រាប់ដឹកកម្មករ និងរ៉ឺម៉កជាដើម។ ប្រភេទទី២ គឺកម្មករដែលធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន ដែលភាគច្រើនជាម៉ូតូ ឬពេលខ្លះមានកង់ផងដែរ។

លោកបានលើកឡើងពីកត្តាបីដែលគួរឱ្យបារម្ភសម្រាប់មធ្យោបាយដឹកជញ្ជូនប្រភេទទី១ ដែល​រួម​ កត្តា​អ្នកបើកបរ កត្តា​យានយន្ត និងកត្តា​ស្ថានភាពផ្លូវ។ លោកបានផ្តល់អនុសាសន៍ថា ឡាន​ដឹកកម្មករ​មិន​គួរ​ជា​ឡាន​ដែល​កម្មករឈរ​ជិះដើម្បី​ធ្វើដំណើរ​នោះទេ ព្រោះការ​ឈរ​អាចបណ្តាលឱ្យឡានក្រឡាប់បានយ៉ាងងាយ។ បន្ថែម​ពី​លើ​នេះ អ្នកបើកបរឡានដឹកកម្មករត្រូវតែមានប័ណ្ណបើកបរ និងបើកបរយានយន្តឱ្យត្រូវតាមប្រភេទប័ណ្ណបើកបររបស់ខ្លួន។

ចំពោះគ្រោះថ្នាក់ប្រភេទទី២ ពាក់​ព័ន្ធ​នឹង​ម៉ូតូ​វិញ លោកបានផ្តល់យោបល់ឱ្យកម្មករទទួលបានការបណ្តុះបណ្តាលអំពី​ការបើកបរ និងត្រូវពាក់មួកសុវត្ថិភាពជានិច្ច។

លោក គឹម បញ្ញា បានផ្តល់យោបល់ថា នៅពេលដែល​រដ្ឋាភិបាល​កំពុង​ធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក​ ច្បាប់​ថ្មី​គួរតែគ្របដណ្តប់លើទិដ្ឋភាពបន្ថែមទៀតពាក់ព័ន្ធនឹងអ្នកបើកបរ រួម​ទាំង​រថយន្តដឹកកម្មករផងដែរ។ 

យ៉ាង​ណា​ក៏ដោយ លោកបាន​បញ្ជាក់​ថា​ ការបើកបរហួសល្បឿនកំណត់គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់។

លោកថ្លែង​ថា៖ «អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ជា​បន្ទាន់នោះ​ខ្ញុំគិតថា គឺការត្រួតពិនិត្យល្បឿន និងគ្រប់គ្រងលំហូរចរាចរណ៍នៅតំបន់រោងចក្រ ជាពិសេសនៅពេលព្រឹកពីម៉ោង ៦ ដល់ ៧ ព្រឹក និងពេលល្ងាចពីម៉ោង ៤ ដល់ ៦ ល្ងាច ដោយមាននគរបាលចរាចរណ៍ ឬអាជ្ញាធរ​ជួយ​ប្រចាំការ។ ទី២ យើងក៏គួរប្រើប្រាស់កោណចរាចរណ៍ ឬភ្លើងសញ្ញាចរាចរណ៍ ដើម្បីគ្រប់គ្រងចរាចរណ៍នៅក្បែររោងចក្រ ដែលវានឹងជួយកាត់បន្ថយល្បឿនបើកបរ គឺ​ដូច​យើង​ដាក់​នៅ​តាម​ទីតាំង​មាន​សាលារៀន»។

លោក គឹម បញ្ញា ក៏បានផ្តល់អនុសាសន៍ឱ្យពិចារណាឡើងវិញនូវការកំណត់ល្បឿននៅតំបន់រោងចក្រ ដោយលោកបានលើកយក ផ្លូវជាតិលេខ ៥ ក្នុងខេត្តកំពង់ឆ្នាំង ជាឧទាហរណ៍។ លោកថា ផ្លូវជាតិលេខ ៥ ទើបត្រូវបានកែលម្អថ្មីយ៉ាងល្អ ប៉ុន្តែល្បឿនកំណត់នៅកន្លែងចង្អៀត ឬ សម្បូររោងចក្រមខ្លះនៅតែ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុដូច្នេះលោកស្នើឲ្យមន្ត្រីដែលធ្វើការពាក់ព័ន្ធនឹងល្បឿនកែសម្រួលល្បឿនកំណត់ឡើងវិញទៅតាមស្ថានភាពនៃទីតាំងចាំបាច់៕


Post a Comment (0)
Previous Post Next Post