ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រូវបានបញ្ជូនមកពីប្រទេសថៃចំនួន ១១២នាក់ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ និងទទួលបានផលប្រយោជន៍ដ៏សម្បូរបែប។
ការអំពាវនាវបែបនេះរបស់លោក ស៊ុន មេសា បានធ្វេីឡេីងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ និងបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងចៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ដោយទាក់ទងតាមរយៈលេខទូរសព្ទ ១២៩៧ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានការងារ និងការប្រឹក្សាការងារផងដែរ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡបមកពីថៃ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែករកការងារធ្វើ និងអត្ថប្រយោជន៍ដ៏សម្បូរបែប ។ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកយើង ត្រូវបានប្រកាសជាហូរហែ និងរាប់ម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
ការធ្វើការងារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើន ដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ ដោយប្រាក់ឈ្នួលសមរម្យ បើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់មួយចំនួន ហើយកន្លែងការងារនៅក្បែរផ្ទះ។ ជាពិសេស ពួកគាត់ត្រូវការចំណាយទាប ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបានច្រើន។
ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះ ក៏បានស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចាកចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ៕




