ភ្នំពេញៈ ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ដែលក្នុងចំណោមនោះ ក៏មានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលត្រូវបានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។
ក្រសួងបរិស្ថានបានប្រកាសពីការរកឃើញនៃប្រភេទសត្វព្រៃសំខាន់ៗនៅភាគខាងជើងប្រទេសកម្ពុជានេះ គឺដើម្បីចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា។លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ដែលអនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះនៃក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ, បក្សី ១៨ ប្រភេទ និងសត្វល្មូន ៣ ប្រភេទផងដែរ។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។

សត្វព្រៃទាំង ៧ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus) សត្វពង្រូល Sunda pangolin (Manis javanica) សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus) សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis) សត្វកែះ Mainland serow (Capricornis sumatraensis) សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus) និងសត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa)។
អ្នកវិទ្យាសាស្រ្តបានលើកឡើងថា៖ «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវៈចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។
ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង» ក្រសួងបរិស្ថានបានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នាកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់៕






