កម្លាំងសមត្ថកិច្ចនៅរាជធានីភ្នំពេញ និងនៅខេត្តត្បូងឃ្មុំ បានបន្តបំពេញការងារ ដើម្បីលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាលទ្ធផល បានចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យជិត១០០នាក់។
ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ទៅកាន់អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បន្តបំពេញការងារព្រមៗគ្នា ដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើស Online Scams ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្តែង កាលពីទី៥ ខែមិថុនានេះ ក្រុមការងារ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams បានចំនួន១០០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១,០៦៣នាក់ (ស្រី៣៨១នាក់) គ្មានលិខិតឆ្លងដែនចំនួន៦នាក់។ ក្នុងចំណោម១០០ទីតាំងនេះ ក្រុមការងារបានពិនិត្យឃើញមានទីតាំងសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២ករណី។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែមិថុនានេះថា ទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams ចំនួន ២ករណីនេះ គឺទី១ នៅផ្ទះវីឡាស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ (ស្រី ១នាក់) ជនជាតិខ្មែរ៤នាក់ និងជនជាតិវៀតណាម១៣នាក់ (ស្រី ១នាក់) ព្រមទាំងដកហូតវត្ថុតាង ជាច្រើន។
ចំណែកទី២ នៅផ្ទះលេខ៩១ ផ្លូវលេខP១០D គម្រោងប៉ូឡារីស២ បុរីប៉េងហួត ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ២៥នាក់ (ស្រី៣នាក់) ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
តាមការធ្វើកោសល្យវិច័យលើសម្ភារវត្ថុតាងឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថា ទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស Online Scams ហើយបច្ចុប្បន្នជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
ដោយឡែកនៅខណ្ឌកំបូល ក្រុមការងារបង្រ្កាបបានករណីសង្ស័យរក្សាទុកសម្ភារៈប្រព្រឹត្តបទល្មើស Online Scams និងរក្សាទុកសម្ភារៈធ្វើទារុណកម្មជំរិតទាប្រាក់ ១ករណី នៅបុរី MH០១ គម្រោង៥ ផ្ទះលេខ១១០ ផ្លូវលេខ០៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល ដោយឃាត់ខ្លួនជនជាតិចិន៤នាក់ ព្រមទាំងសម្ភារជាវត្ថុតាងជាច្រើន។ករណីនេះ ជនសង្ស័យ និងសម្ភារៈ ប្រានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវបន្ត។ ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។
ចំណែកនៅខណ្ឌចំការមនវិញ ក្រុមការងារបានចុះត្រួតពិនិត្យចំនួន ១ទីតាំង នៅអគារ The Bridge (Residence និង SOHO) ស្ថិតនៅផ្លូវលេខ ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្នុងនោះពិនិត្យឃើញ មានជនបរទេសស្នាក់នៅ ចំនួន ៥៤៩នាក់ (ស្រី ២៣១) ហើយក្នុងនោះក្រុមការងារបានពិនិត្យឃើញ មានទីតាំងប្រព្រឹត្តបទល្មើស ២ករណី នៅអគារនេះ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
ចំណែកនៅបន្ទប់លេខ២៣៥៩ ជាន់ទី២៣ នៃអគារ The Bridgeនេះ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ដកហូតវត្ថុតាងមួយចំនួន។ តាមការធ្វើកោសល្យវិច័យលើសម្ភារៈ វត្ថុតាង របស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ទីតាំងខាងលើ សង្ស័យជាប់ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
ចំពោះនៅក្នុងរដ្ឋបាលខណ្ឌមានជ័យវិញ ក្រុមការងារបានពិនិត្យឃើញ មានទីតាំងប្រព្រឹត្តបទល្មើស ចំនួន ១ករណី នៅក្លឹបបុកប៊ីយ៉ា ស៊ី អេស ៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ហើយដកហូតវត្ថុតាង រួមមាន តុហ្គេមបាញ់ត្រី២ តុចែកបៀរ៧, ទូម៉ាស៊ីនហ្គេម៣, លុយបរទេស ៧.០៤០ដុល្លារ និងលុយខ្មែរ ៣៦០.០០០រៀល។
តាមការធ្វើកោសល្យវិច័យលើសម្ភារៈ វត្ថុតាង ឧបករណ៍អេឡិចត្រូនិចរបស់សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសន្និដ្ឋានថា ទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់។ បច្ចុប្បន្នទីតាំងនេះ ត្រូវបានបិទឃ្លុំ ហើយជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
នៅក្នុងថ្ងៃដដែលនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មានមនុស្សចំនួន៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦;០០០,០០០រៀល។
ដោយឡែកកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី៥ ខែមិថុនា បានបន្តប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដោយឃាត់ខ្លួនជនបរទេស ២៣នាក់ និងដកហូតសម្ភារមួយចំនួន។
ប្រតិបត្តិការនេះ បានចុះត្រួតពិនិត្យទីតាំងបន្ទប់ជួល ៣កន្លែង ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក មានបន្ទប់ចំនួន ៨៨បន្ទប់ និងទូកុងទឺន័រចំនួន ៩ទូ អាហារដ្ឋាន១ និងផ្ទុះបាយ២ ដោយរកឃើញជនបរទេសស្នាក់នៅ ចំនួន ២៣នាក់ (ស្រីចំនួន៣នាក់)។ សម្រាប់ជនបរទេសទាំង២៣នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ដើម្បីធ្វើការសាកសួរចាត់ការបន្តទៀត។
ជាមួយគ្នានេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តចុះស្រាវជ្រាវ ត្រួតពិនិត្យ ស្វែងរកទីតាំង ដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ទាំង ៧ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបន្តធ្វើការផ្សព្វផ្សាយ អនុក្រឹត្យ លេខ ០៣របស់រាជរដ្ឋាភិបាល ដើម្បីបោសសំអាតបទល្មើស Online Scams និងជួញដូរ ប្រើប្រាស់ គ្រឿងញៀន ក្មេងទំនើង ឱ្យអស់ពីទឹកដីខេត្តត្បូងឃ្មុំ និងទប់ស្កាត់មិនឲ្យកើតមានឡើងនោះឡើយ៕




