កាស៊ីណូមួយកន្លែង​នៅបាវិត ត្រូវបានដក​ហូតអាជ្ញាបណ្ណ ក្រោយ​រក​ឃើញជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កាស៊ីណូមួយកន្លែង​នៅបាវិត ត្រូវបានដក​ហូតអាជ្ញាបណ្ណ ក្រោយ​រក​ឃើញជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams

 កាស៊ីណូ​មួយ​កន្លែង​ឈ្មោះ កាស៊ីណូ ឡឺ ហ្សឹង (ROXY HOTEL & CASINO) របស់ក្រុមហ៊ុន រេន ភើល អ៊ិនវសមន លីមីធីត (Radiant Pearl Investment Limited) ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវ​បាន​អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង​ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)  សម្រេច​ដក​ហូតអាជ្ញាបណ្ណជា​ផ្លូវការ​ហើយ។

តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាន​ឱ្យដឹង​ថា ការដក​ហូត​អាជ្ញាបណ្ណ​ «កាស៊ីណូ ឡឺ ហ្សឹង» នេះ ត្រូវបាន​ធ្វើ​ឡើង​តាមរយៈសេចក្ដីសម្រេចលេខ ០៤៨.គ.ល.ក.សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ ដោយសារកាស៊ីណូនេះ មានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

 គួររំឭក​ថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួល​​នីតិវិធី​ពី​តំណាង​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ស្វាយរៀង, ក្រុម​ការងារទី ១ នៃ​ក្រុម​ការងារ​ចម្រុះ​ចំណុះលេខាធិការដ្ឋាន នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បាន​សហការជាមួយ​អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក., អគ្គស្នងការដ្ឋាននគរ​បាល​ជាតិ, គណៈបញ្ជាការឯកភាព​រដ្ឋបាល​​ខេត្តស្វាយរៀង, និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បាវិត បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ជាក់​ស្តែង​លើទីតាំង កាស៊ីណូ ឡឺ ហ្សឹង នេះ។

នៅ​ក្នុងអំឡុងពេល ប្រតិបត្តិការ​នេះ ក្រុម​ការងារ​ចម្រុះ បាន​ឃាត់​ខ្លួនជនសង្ស័យ​ជាជន​ជាតិ​ចិន ចំនួន ២៥ នាក់ និង​បាន​ដក​ហូត​វត្ថុ​តាង​មួយចំនួន ដូចជា ទូរសព្ទ​ដៃ​ចម្រុះ, Tablets, កុំព្យូទ័រយួរដៃ, រថយន្ត និង​ឧបករណ៍​ស្តុក​ទិន្នន័យ​កាមរ៉ា​សុវត្ថិភាព (DVR) ជាដើម។ លទ្ធផល​នៃការពិនិត្យ​​លើ​ឧបករណ៍​អេឡិច​ត្រូនិកប្រមូល​បាន​នេះ បង្ហាញថា កាស៊ីណូនេះ ពិតជា​មាន​ពាក់​ព័ន្ធនឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ប្រាកដមែន។

ជា​ចំណាត់ការរបស់ គ.ល.ក. នៅក្នុងការដកហូត​អាជ្ញាបណ្ណ កាស៊ីណូ ឡឺ ហ្នឹង របស់ ក្រុមហ៊ុន រេឌាន ភើល អ៊ិនវេសមេន លីមីធីត ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​លទ្ធផល នៃ​ប្រតិបត្តិការ​ខាងលើ និង​យោង​តាម​ច្បាប់​ស្ដី​ពីការគ្រប់​គ្រងល្បែងពាណិជ្ជកម្ម។

បន្ថែមពីនេះ គណៈកម្មការគ្រប់គ្រងល្បែង​ពាណិជ្ជកម្មកម្ពុជា បានរៀបចំ​លិខិត​ជូន​ទៅ​អង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ស្នើសុំ​ព័ត៌មាន​គណនី​ធនាគារ​របស់​ម្ចាស់​របស់​ក្រុមហ៊ុន និង​ជា​អ្នកឈរ​ឈ្មោះ​អាជ្ញាបណ្ណកាស៊ីណូ ដើម្បី​ផ្ដល់​ជូន​ស្ថាប័ន​អយ្យការ អមសាលាដំបូងខេត្ត​ស្វាយរៀង បន្ត​នីតិវិធី​ស្រប​តាម​ច្បាប់​​ ស្តីពី​ការប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។

ជាថ្មីម្ដងទៀត អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. ​បាន​ក្រើនរំលឹកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករ មណ្ឌល ល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ «ត្រូវបន្តអាជីវកម្ម ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ព្រមទាំងត្រូវ​ចៀស​វាងដាច់ខាត​នូវ​រាល់សកម្មភាព​ពាក់ព័ន្ធ នឹង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើ ល្មើសច្បាប់ផ្សេងៗ»។

ជាមួយគ្នានេះ ស្របតាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានបញ្ជាក់ពីការ​បន្តសហការ​​ជាមួយអង្គភាព និងស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បីបន្ត​ចុះ​ត្រួតពិនិត្យ​ និង​ឆែក​ឆេរ​ទីតាំង​​ក្រុមហ៊ុន​កាស៊ីណូ តាម​ផែនការ​ដែលបានកំណត់៕


Post a Comment (0)
Previous Post Next Post