ដំណាំស្រូវជាង ១ម៉ឺនហិកតាក្នុងខេត្តបាត់ដំបងកំពុងទទួលរងផលប៉ះពាល់ពីការខ្វះទឹកក្នុងរដូវវស្សានេះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ដំណាំស្រូវជាង ១ម៉ឺនហិកតាក្នុងខេត្តបាត់ដំបងកំពុងទទួលរងផលប៉ះពាល់ពីការខ្វះទឹកក្នុងរដូវវស្សានេះ

 បាត់ដំបងៈ អាជ្ញាធរកំពុងការវាយតម្លៃ និងចាត់វិធានការត្រៀមសង្រ្គោះស្រូវជាង ១ម៉ឺនហិកតាដែលរងផលប៉ះពាល់ពីការខ្វះខាតទឹកក្នុងខេត្តបាត់ដំបង ខណៈក្រសួងពាក់ព័ន្ធបានជំរុញឱ្យមានវិធានការរក្សាទឹកទុកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក។

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា លោកបានណែនាំដល់បណ្តាថ្នាក់ដឹកនាំ នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ឱ្យធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការវាយតម្លៃ និងមានវិធានការត្រៀមបង្ការដោះស្រាយបញ្ហាកង្វះខាតទឹក ដែលបណ្តាលឱ្យមានផលប៉ះពាល់ស្រូវក្នុងខេត្តបាត់ដំបង បន្ទាប់ពីលោកទទួលបានអនុសាសន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ការណែនាំរបស់ប្រមុខរដ្ឋាភិបាល គឺយោងទៅតាមរបាយការណ៍អំពីស្ថានភាពនៃផលប៉ះពាល់លើដំណាំស្រូវ ដែលប្រឈមនឹងការខ្វះទឹកក្នុងខេត្តបាត់ដំបង។ បើគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផលប៉ះពាល់ដំណាំស្រូវសរុបមានចំនួន ១៨ ៣៦២ហិកតា នៅក្នុងស្រុកចំនួន២ គឺ ស្រុកឯកភ្នំ និងស្រុកសង្កែ។ ក្នុងនោះ ស្រុកឯកភ្នំ មានស្រូវប៉ះពាល់ចំនួន ៧ ៧៦៩ហិកតា និងស្រុកសង្កែ មានស្រូវប៉ះពាល់ចំនួន ១០ ៥៩៣ហិកតាផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប កាលពីម្សិលមិញ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃស្ថាប័នពាក់ព័ន្ធឱ្យបន្តការយកចិត្តទុកដាក់មានវិធានការត្រៀមបង្ការ ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិនានា ជាអាទិ៍ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ជាពិសេសត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកំដៅនៅរដូវប្រាំងដោយសារបាតុភូតអ៊ែលនីញូ (El Niño) ព្រមទាំងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីបន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុផងដែរ»។

លោកក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងក្នុងការស្វែងរកប្រភពទឹក ការកសាងអាងទឹក ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការធ្វើទំនើបកម្មវិស័យឧតុនិយម ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ការងារស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់លើគ្រប់វិស័យ និងផ្តល់សេវាព្យាករឧតុនិយម ឈានទៅជូនដំណឹងដល់សាធារណជនបានទាន់ពេលវេលាអំពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់និងរាំងស្ងួត៕


Post a Comment (0)
Previous Post Next Post