បញ្ហាជីវភាព និងការពារទ្រព្យសម្បត្តិក្លាយជាក្តីបារម្ភធំជាងការភ័យខ្លាចសង្គ្រាមសម្រាប់ទន្តពេទ្យនៅអូរស្មាច់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

បញ្ហាជីវភាព និងការពារទ្រព្យសម្បត្តិក្លាយជាក្តីបារម្ភធំជាងការភ័យខ្លាចសង្គ្រាមសម្រាប់ទន្តពេទ្យនៅអូរស្មាច់

 ខេត្តឧត្តរមានជ័យ: មួយឆ្នាំបន្ទាប់ពីការឈ្លានពានប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្ខំឱ្យលោក ប៊ុន ថុន រត់ភៀសខ្លួនចេញពីផ្ទះ និងអាជីវកម្មរបស់ខ្លួនដល់ទៅពីរលើក ទន្តពេទ្យរូបនេះនិយាយថា ការភ័យខ្លាចសង្គ្រាមលែងជារឿងដែលធ្វើឱ្យលោកព្រួយបារម្ភបំផុតទៀតហើយ។

ផ្ទុយទៅវិញ ម្ចាស់គ្លីនិកព្យាបាលធ្មេញនៅផ្សារថ្មីអូរស្មាច់រូបនេះថ្លែងថា បញ្ហាប្រឈមធំបំផុតនាពេលបច្ចុប្បន្ន គឺការរកចំណូលចិញ្ចឹមជីវិតនៅក្នុងទីក្រុងព្រំដែនដែលកំពុងស្ដារខ្លួនពីជម្លោះ ខណៈអាជីវកម្មជាច្រើននៅមិនទាន់មានអតិថិជនវិលត្រឡប់មកវិញ ហើយប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់អាច ឬមិនទាន់ហ៊ានត្រឡប់មករស់នៅដូចដើម។

ទោះបីបទឈប់បាញ់ដ៏ផុយស្រួយបានអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅតំបន់ព្រំដែនមួយចំនួនក៏ដោយ ក៏ការស្ដារសេដ្ឋកិច្ច និងជីវភាពនៅតែដំណើរការយឺតយ៉ាវ។

លោក ប៊ុន ថុន ដែលបានបើកគ្លីនិកព្យាបាលធ្មេញនៅអូរស្មាច់អស់រយៈពេល ២២ ឆ្នាំ បានរំឭកថា លោកបានរត់ភៀសខ្លួនទៅខេត្តសៀមរាប និងបន្តទៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការវាយប្រហារទាំងពីរលើក។

លោកបាននិយាយថា៖ «គ្រាប់ផ្លោងធំណាស់។ គេមិនបានបាញ់អាវុធធុនតូចឱ្យយើងដឹងខ្លួនមុនទេ។ ភាគីថៃបាញ់គ្រាប់កាំភ្លើងធំពីដំបូងតែម្តង ដូច្នេះយើងគ្មានជម្រើសអ្វីក្រៅពីរត់ភៀសខ្លួនឡើយ»។

ក្នុងអំឡុងពេលនោះ លោកបានស្នាក់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិនៅស្រុកកំណើត ក្នុងស្រុកស្អាង ខេត្តកណ្ដាល រហូតដល់ស្ថានការណ៍ចាប់ផ្ដើមធូរស្រាល។

ទោះបីស្ថានការណ៍នៅមិនទាន់ច្បាស់លាស់ក៏ដោយ លោកបានវិលត្រឡប់មកអូរស្មាច់ភ្លាមៗ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំមុន ដោយប្តេជ្ញាបើកគ្លីនិកឡើងវិញ ទោះបីហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមិនទាន់ស្ដារឡើងវិញក៏ដោយ។

លោកថ្លែងថា៖ «ពេលខ្ញុំត្រឡប់មកវិញ គ្មានភ្លើង គ្មានអ៊ីនធឺណិត គ្មានអ្វីទាំងអស់»។

លោកបន្តថា៖ «អស់ជាងមួយខែទើបមានភ្លើងប្រើវិញ។ មុនពេលមានភ្លើង ខ្ញុំថែមទាំងព្យាបាលអ្នកជំងឺនៅក្រោមដើមឈើទៀតផង»។

ទោះបីគ្លីនិករបស់លោកបានបើកដំណើរការឡើងវិញក៏ដោយ លោក ប៊ុន ថុន បាននិយាយថា អាជីវកម្មនៅមិនទាន់ងើបឡើងវិញបានច្រើននោះទេ។

លោកបានឱ្យដឹងថា អ្នកជំងឺភាគច្រើននាពេលបច្ចុប្បន្ន គឺជាកងទ័ព មន្ត្រីនគរបាល គ្រូបង្រៀន និងមន្ត្រីដែលមានប្រាក់ខែប្រចាំ ហើយនៅតែបន្តរស់នៅក្នុងតំបន់។

លោកប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «មានតែអ្នកដែលមានប្រាក់ចំណូលទៀងទាត់ទេដែលនៅតែមក។ ប្រជាពលរដ្ឋធម្មតាសល់មិនច្រើនទេ ដូច្នេះអ្នកជំងឺក៏មានតិចដែរ។ មានតែតស៊ូបន្តទៅមុខ»។

លោក ប៊ុន ថុន យល់ថា ការសម្របខ្លួនទៅនឹងជីវិតនៅក្នុងតំបន់ដែលប្រឈមហានិភ័យនៃជម្លោះ បានក្លាយជារឿងចាំបាច់។

លោកបាននិយាយថា៖ «បើយើងមិនរៀនរស់ជាមួយសង្គ្រាម យើងនៅទីនេះមិនបានទេ។ យើងស៊ាំនឹងការភ័យខ្លាចហើយ»។

លោកបន្ថែមថា៖ «ប៉ុន្តែបើយើងនៅតែភ័យរហូត ក៏មិនអាចរស់នៅអូរស្មាច់បានដែរ»។

ការសម្រេចចិត្តបន្តរស់នៅទីនេះ គឺដោយសារតែលោកបានចំណាយពេលជាងពីរទសវត្សរ៍កសាងទាំងអាជីវកម្ម និងមុខរបរកសិកម្មនៅក្នុងតំបន់។

លោកថ្លែងថា៖ «កន្លែងនេះជាកន្លែងដែលខ្ញុំកសាងជីវិតតាំងពីដំបូង។ ខ្ញុំត្រូវតែតស៊ូ និងអត់ធ្មត់ ព្រោះការចាប់ផ្ដើមជីវិតថ្មីនៅកន្លែងផ្សេងមិនមែនជារឿងងាយទេ»។

ក្រៅពីការលំបាកផ្នែកសេដ្ឋកិច្ច លោក ប៊ុន ថុន បាននិយាយថា អ្វីដែលធ្វើឱ្យលោកឈឺចាប់បំផុត គឺការបាត់បង់ឱកាសប្រើប្រាស់ដីចម្ការដែលលោកបានខិតខំអភិវឌ្ឍអស់ជាច្រើនឆ្នាំ។

លោកបញ្ជាក់ថា លោកមិនត្រឹមតែជាទន្តពេទ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកសិករម្នាក់ផងដែរ ដោយបានធ្វើចម្ការនៅតំបន់អូរទី១ និងអូរទី២ អស់រយៈពេលជាច្រើនទសវត្សរ៍។

លោកនិយាយថា៖ «ការឈឺចាប់បំផុតសម្រាប់ខ្ញុំ គឺការបាត់បង់ដីចម្ការ»។

លោកបន្តថា៖ «ខ្ញុំខិតខំកាប់ព្រៃ បង្កើតចម្ការអស់ជាង២០ឆ្នាំ។ ឥឡូវដីដែលធ្លាប់នៅកណ្ដាលភូមិ បែរជាក្លាយទៅជាតំបន់ព្រំដែនវិញ»។

លោកប៉ាន់ប្រមាណថា ដីកសិកម្មប្រហែលពាក់កណ្ដាលរបស់លោក បានបាត់បង់ ឬមិនអាចចូលទៅប្រើប្រាស់បានទៀត។

លោកថ្លែងថា៖ «ខ្ញុំមិនអាចបំភ្លេចការឈឺចាប់នេះបានទេ ព្រោះដីចម្ការរបស់ខ្ញុំបាត់បង់អស់ហើយ»។

ទោះបីជាប្រឈមនឹងការខាតបង់ទាំងនេះក៏ដោយ លោក ប៊ុន ថុន នៅតែជឿជាក់ថា ស្ថិរភាពនឹងវិលត្រឡប់មកវិញ ហើយសង្ឃឹមថាអាជ្ញាធរនឹងអាចជួយស្ដារលក្ខខណ្ឌដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋកសាងជីវិតឡើងវិញ។

លោកនិយាយថា៖ «ខ្ញុំនៅតែទុកចិត្តលើរាជរដ្ឋាភិបាល»។

លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ដីរបស់ប្រជាពលរដ្ឋនឹងអាចយកមកវិញបាន ដើម្បីឱ្យពួកគាត់អាចរស់នៅដោយសុខសាន្តឡើងវិញ»។

បទពិសោធន៍របស់លោក ប៊ុន ថុន បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលប្រជាពលរដ្ឋជាច្រើននៅតាមបណ្ដោយព្រំដែនកំពុងជួបប្រទះ មួយឆ្នាំក្រោយជម្លោះ។

ទោះបីសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ជាច្រើនក៏ដោយ ការស្ដារជីវភាព អាជីវកម្ម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅតែជាកិច្ចការដែលត្រូវការពេលវេលា ខណៈសហគមន៍ជាច្រើនកំពុងរង់ចាំការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលពួកគេចាត់ទុកថាមានសារៈសំខាន់មិនចាញ់សន្តិភាពយូរអង្វែងនោះឡើយ។



Post a Comment (0)
Previous Post Next Post