ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២៦៨ ករណីពាក់ព័ន្ធជនសង្ស័យសរុប ២,៧៧៣ នាក់ ទៅកាន់តុលាការ ក្នុងរយៈពេលមួយឆ្នាំនៃយុទ្ធនាការបង្ក្រាបទូទាំងប្រទេស ខណៈនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកលទ្ធផលនេះថា ជាជោគជ័យមួយជំហានធំ ប៉ុន្តែបានបញ្ជាឱ្យអាជ្ញាធរបន្តការបង្ក្រាបដោយមិនដកដៃជាដាច់ខាត។
តួលេខនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ដីពី «លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានរាយការណ៍ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
របាយការណ៍បង្ហាញថា ក្នុងចំណោមសំណុំរឿងទាំង ២៦៨ ករណី ដែលបានបញ្ជូនទៅតុលាការ មានជនសង្ស័យសរុប ២,៧៧៣ នាក់ ខណៈមនុស្ស ២,២០០ នាក់ កំពុងជាប់ឃុំរង់ចាំនីតិវិធីតុលាការ ក្នុងនោះមានស្ត្រី ៣៥៣ នាក់។ ជនជាតិខ្មែរមានចំនួន ៣១៣ នាក់ខណៈដែលនៅសល់ជាជនបរទេស។
ក្រៅពីការកសាងសំណុំរឿង អាជ្ញាធរបានស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុប ៦៦៥ ទីតាំង។ ក្នុងនោះ មាន ៥៨២ ទីតាំង ជាកន្លែងប្រព្រឹត្តបទល្មើសដោយផ្ទាល់ និង ៨៣ ទីតាំងជាកន្លែងដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់លាក់ខ្លួន ឬរត់គេច។ អាជ្ញាធរបានបិទសៀលទីតាំងចំនួន ៥៣៧ កន្លែង មិនឱ្យបន្តប្រតិបត្តិការទៀតឡើយ។
ជាផ្នែកមួយនៃយុទ្ធនាការនេះ សមត្ថកិច្ចក៏បានពិនិត្យកាស៊ីណូដែលមានអាជ្ញាបណ្ណសរុប ១៩៥ កន្លែង។ ជាលទ្ធផល អាជ្ញាបណ្ណកាស៊ីណូចំនួន ១៩ ត្រូវបានដកហូត និង ៣០ កន្លែងផ្សេងទៀតត្រូវបានព្យួរ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ីណូចំនួន ២៣ បានផុតសុពលភាព និងលែងដំណើរការអាជីវកម្ម។
របាយការណ៍ក៏បានឱ្យដឹងដែរថា ក្នុងរយៈពេលមួយឆ្នាំ អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេសចេញពីប្រទេសចំនួន ២១,១០២ នាក់ មកពី ៣៨ សញ្ជាតិ។ ភាគច្រើនជាពលរដ្ឋចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស ដែលពាក់ព័ន្ធនឹងការរំលោភច្បាប់អន្តោប្រវេសន៍ ឬសកម្មភាពឆបោកអនឡាញ។
ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះ កម្ពុជាក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត រួមមាន ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បណ្ដាប្រទេសអាស៊ាន ព្រមទាំងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC) ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសហការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម។
គណៈកម្មការបានបញ្ជាក់ផងដែរថា អាជ្ញាធរបានអនុញ្ញាតឱ្យសារព័ត៌មានជាតិ និងអន្តរជាតិចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងបង្ក្រាបបណ្ដាញឆបោកអនឡាញ ដើម្បីបង្ហាញភាពជាក់ស្ដែងនៃប្រតិបត្តិការរបស់កម្ពុជា និងបង្កើនតម្លាភាពចំពោះសហគមន៍អន្តរជាតិ។
ស្របពេលជាមួយគ្នានេះ កម្ពុជាបានពង្រឹងមូលដ្ឋានច្បាប់សម្រាប់ទប់ស្កាត់បទល្មើសប្រភេទនេះ តាមរយៈការដាក់ឱ្យអនុវត្ត ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ច្បាប់ថ្មីនេះកំណត់ទោសធ្ងន់ធ្ងរចំពោះមេក្លោង ឬអ្នករៀបចំបណ្ដាញឆបោក ដោយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ មួយជីវិត ពិន័យជាប្រាក់រហូតដល់ ១,០០០ លានរៀល និងរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធ។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានវាយតម្លៃថា យុទ្ធនាការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រេចបាន «ជោគជ័យមួយជំហានធំគួរឱ្យកត់សម្គាល់»។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីបានក្រើនរំឭកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តប្រយុទ្ធប្រឆាំងបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនដកដៃជាដាច់ខាត។
លោកបានចាត់ទុកការលុបបំបាត់បណ្ដាញឆបោកអនឡាញថា ប្រៀបដូចជា «ការជីករំលើងឫសគល់ និងបោសសម្អាតផ្ទះរបស់ខ្លួនឱ្យស្អាត» ដែលជាផ្នែកសំខាន់ក្នុងការពង្រឹងសន្តិសុខជាតិ លើកកម្ពស់នីតិរដ្ឋ និងកែលម្អបរិយាកាសវិនិយោគ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។

