ផលិតសំបកកង់រថយន្តបានក្លាយជាទីផ្សារដ៏មានសក្តានុពលមួយរបស់កម្ពុជា ដោយក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាអាចរកប្រាប់បានរហូតដល់ជាង ១ ពាន់លានដុល្លារពីការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ដោយកើនឡើងជាងពាក់កណ្តាលបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ចន្លោះពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៦ ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញសំបកកង់រថយន្ដ មានសរុប ៤ ១២២ ពាន់លានរៀល(ប្រមាណ ១,០២ ពាន់លានដុល្លារ) កើនឡើង ៥៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលមាន ២ ៦៥៤ ពាន់លានរៀល (៦៥៧,៩ លានដុល្លារ)។
នាយកប្រតិបត្តិក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខចែកចាយសំបកកង់រថយន្តម៉ាក Sailun នៅកម្ពុជា លោក គឹន ឧត្តមមុនីស៊ីណាត បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៣ ខែកក្កដាថា កម្ពុជាបានក្លាយជាទីផ្សារនាំចេញផលិតកម្មសំបកកង់រថយន្តដ៏ធំមួយលើពិភពលោក ដោយបច្ចុប្បន្ននេះមានរោងចក្រយ៉ាងតិចចំនួន ៨ កំពុងដំណើរការ។ ការនាំចេញផលិតផលសំបកកង់រថយន្តទៅទីផ្សារអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ។
លោកបន្តថា កំណើនដ៏ឆាប់រហ័សនៃឧស្សាហកម្មផលិត និងនាំចេញសំបកកង់រថយន្តផលិតនៅកម្ពុជា គឺដោយសារកត្តាមួយចំនួនដូចជា គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធរបស់រាជរដ្ឋាភិបាលមានភាពល្អប្រសើរ កម្ពុជាមានជ័រកៅស៊ូក្នុងស្រុកច្រើននិងគុណភាពល្អ សម្បូរពលកម្មជំនាញ និងមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់នាំចេញល្អផងដែរ។ បច្ចុប្បន្នសមត្ថភាពផលិតសំបកកង់រថយន្តនៅកម្ពុជាបានវ៉ាដាច់ប្រទេសជិតខាងមួយចំនួនផងដែរ។
លោកថ្លែងថា៖«បើនិយាយពីគុណភាពជ័រកៅស៊ូក្នុងតំបន់ គឺជ័រកៅស៊ូកម្ពុជាជាប់លេខ ១ ហេតុនេះការបញ្ជាទិញផលិតផលសំបកកង់រថយន្តពីកម្ពុជា រួមទាំងផលិតផលរបស់ក្រុមហ៊ុន Sailun នឹងមានច្រើនបន្ថែមទៀតនាពេលខាងមុខ»។
ទាក់ទងនឹងផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្តម៉ាក់ Sailun លោក ឧត្តមមុនីស៊ីណាត និយាយថា ការផលិតនាពេលនេះ គឺពេលខ្លះមិនអាចឆ្លើយតបទាន់នឹងការបញ្ជាទិញឡើយ ជាពិសេសទីផ្សារក្នុងស្រុក។ ផលិតផលសំបកកង់រថយន្តរបស់រោងចក្រ Sailun នៅកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗដូចជា បណ្តាប្រទេសតំបន់ សហភាពអឺរ៉ុប និងអាមេរិក។
ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងបរិមាណសរុបជាង ៣០ លានគ្រាប់ ដោយទទួលប្រាក់ចំណូលប្រមាណ ១,៣៨ ពាន់លានដុល្លារ កើនឡើង ៥៧,៨៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕

