លោក ឈន សាណាត បានថ្លែងនៅថ្ងៃទី៣ កក្កដានេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃ ដោយលោកបានឲ្យដឹងថា៖ «ជាការកត់សម្គាល់ អាស្រ័យដោយវិធានការរឹតបន្តឹងនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការឆបោកស្កែមអនឡាញ គ្រឿងញៀន ក្មេងទំនើង និងបទល្មើសបទល្មើសទូទៅ ចំនួនជនជាប់ឃុំមានសន្ទុះកើនឡើងជាលំដាប់គួរឲ្យព្រួយបារម្ភ។ ស្ថិតក្នុងស្ថានភាពចង្អៀតណែននេះ ជនជាប់ឃុំនៅតាមមណ្ឌលកែប្រែ និងពន្ធនាគារ ជាដើមចមនៃបញ្ហាប្រឈមក្នុងការគ្រប់គ្រងពន្ធនាគារ»។
លោកបន្តថា៖ «ក្នុងរយៈពេល ៦ខែនេះ ចំនួនជនជាប់ឃុំកើនជិត ៥០០០នាក់។ តាមការព្យាករណ៍របស់នាយកដ្ឋានជំនាញ នៅចុងឆ្នាំ២០២៨ ជនជាប់ឃុំអាចនឹងកើនរហូតដល់ប្រមាណ ៨ម៉ឺន៥ពាន់នាក់»។
លោកបន្តថា ដោយសារតែការចង្អៀតណែន ជនជាប់ឃុំមាននិន្នាការប្រឆាំង ធ្វើកុបកម្ម ឬបះបោរ ឬ លួចរត់។ ក្ដីបារម្ភនេះក៏ស្របពេលដែលមន្ត្រីពន្ធនាគារដែលបានចូលនិវត្តជាង ៣០០នាក់ មិនទាន់ត្រូវបានរើសមកជំនួសនៅឡើយ ដែលធ្វើឲ្យមន្ត្រីពន្ធនាគារម្នាក់ត្រូវគ្រប់គ្រងជនជាប់ឃុំពី ២០នាក់ទៅ ២៥នាក់។ លោកថា នៅប្រទេសកូរ៉េ មន្ត្រីពន្ធនាគារម្នាក់គ្រប់គ្រងជនជាប់ឃុំតែ ៣នាក់ប៉ុណ្ណោះ។
បើតាមលោក សាណាត បច្ចុប្បន្ននេះ ស្ថានភាពនៅក្នុងពន្ធនាគារកម្ពុជា មានភាពចង្អៀតណែន ដែលជនជាប់ឃុំម្នាក់មានផ្ទៃក្រឡាតែមួយម៉ែត្រ ខណៈដែលស្តង់ដារអង្គការសហប្រជាជាតិ គឺ ៣ម៉ែត្រ។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងមហាផ្ទៃបានស្នើឲ្យអគ្គនាយកដ្ឋានពន្ធនាគារលើកពីសំណូមពរដើម្បីឆ្លងថ្នាក់ដឹកនាំ ដូចជាការជ្រើសរើសមន្ត្រីពន្ធនាគារបន្ថែម ការបន្ថែមសម្ភារៈបម្រើដល់កិច្ចការសន្តិសុខ និងថវិកាគាំទ្រ។ លោកបន្ថែមថា ការពង្រីកអគារឃុំឃាំងទាំងនៅភ្នំពេញនិងតាមបណ្ដាខេត្ត ក៏ជាជម្រើសផងដែរ។
លោកបានលើកឡើងថា វិធានការអនុវត្តទោសសហគមន៍ ការលើកលែងទោស ការបន្ធូរបន្ថយទោសនិងការដោះលែងដោយមានលក្ខខណ្ឌ ក៏ជាវិធានការមួយដែលជួយកាត់បន្ថយដល់ភាពចង្អៀតណែននៅពន្ធនាគារផងដែរ។ បន្ថែមពីលើនេះ ការផ្ទេរជនជាប់ឃុំពីពន្ធនាគារចង្អៀតណែនទៅពន្ធនាគារផ្សេងក៏ជាវិធីបន្ថយភាពចង្អៀតណែនផងដែរ។
លោក ឈន សាណាត មិនបានលើកឡើងពីចំនួនអ្នកជាប់ឃុំសរុបនៅកម្ពុជានាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន កម្ពុជាមានអ្នកជាប់ឃុំប្រមាណ ៥ម៉ឺន ៧ពាន់នាក់៕ប្រគពភ្នំពេញប៉ុស្តិ៍