មន្ត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន​ឱ្យ​ដឹង​ថា៖​ «បញ្ហា​ស្ត្រីខ្មែរ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​ចាញ់​បោកមេខ្យល់​នាំ​ទៅ​ក្រៅប្រទេស គឺ​ជា​ចំណុចស្នូល​មួយ​ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរ​មនុស្ស យកចិត្តទុកដាក់ ស្របតាម​​គោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

នៅ​ក្នុងពិធីបិទសន្និបាតបូកសរុបការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូ​រ​មនុស្ស ឆ្នាំ២០២៥ និង​លើកទិសដៅ​ឆ្នាំ២០២៦ កាលពី​ថ្ងៃទី ១៧ ខែមីនា កន្លងមកនេះ លោក ស សុខា បានណែនាំ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អាជ្ញាធរ​មូល​ដ្ឋាន ព្រម​ទាំង​គ្រប់តួអង្គ​ពាក់​ព័ន្ធ​ក្នុង​សង្គម​ទាំង​អស់ បន្តយក​ចិត្ត​ទុក​ដាក់​រួមគ្នា​បង្កើន​ការ​ផ្សព្វផ្សាយ និង​អប់រំ​តាម​គ្រប់​មធ្យោបាយ​ដល់​ប្រជាពល​រដ្ឋ​ឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

ប្រមុខដឹកនាំ​​ក្រសួង​មហាផ្ទៃ លោក ស សុខា បានគូសបញ្ជាក់ថា៖​ «ពីមួយថ្ងៃទៅមួយ​ថ្ងៃ ក្រុម​ជន​ល្មើសទាំង​ក្នុង និងក្រៅ​ប្រទេស បាន​បន្ត​ប្រើ​ល្បិច​កលបោក​បញ្ឆោត និង​អូស​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​វិធី​សាស្ត្រ និង​គ្រប់​មធ្យោបាយ ក្រោមរូបភាពនាំ​ទៅ​រៀបការ​ជាមួយ​ស្វាមី​ជា​ជន​បរទេស ដើម្បី​ភាព​មាន​បាន ឬ​អូស​ទាញ​ទៅ​ធ្វើ​ការងារ​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​នៅ​បរទេស​ជាដើម»។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរ​ជាង​៥ពាន់​នាក់ ដែលប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​នៅ​ក្រៅប្រទេស ត្រូវ​បាន​អាជ្ញាធរ​បរទេស​សាមី​បញ្ជូន​មក​កម្ពុជា​វិញ ខណៈ​សមត្ថកិច្ច​កម្ពុជា ក៏​បាន​សហការ​ជួយ​សង្គ្រោះ​ស្ដ្រី​ជនជាតិ​ខ្មែរ​ចំនួន​១៨០​នាក់ បញ្ជូន​ពី​មកកាន់មាតុភូមិ បន្ទាប់ពី​ចាញ់​បោក​មេខ្យល់​អូស​ទាញ​នាំ​ទៅរៀបការ​ជាមួយ​ជនបរទេស៕