ភ្នំពេញ៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានបន្តបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែកលើការទូត និងការគោរពច្បាប់អន្តរជាតិ ខណៈគណៈប្រតិភូកម្ពុជាបានលើកយកផលប៉ះពាល់មនុស្សធម៌ និងសន្តិសុខតំបន់ទៅជម្រាបជូនមហាសន្និបាត CDI-IDC នៅសភាអឺរ៉ុប នាទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា បានឱ្យដឹងថា មហាសន្និបាត CDI-IDC ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមទាំងអនាគតនៃប្រជាធិបតេយ្យក្នុងយុគសម័យឌីជីថល សង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមចំពោះប្រជាធិបតេយ្យនៅតាមតំបន់ផ្សេងៗនៃពិភពលោក។
ក្នុងនាមជាអនុប្រធាន CDI-IDC តំណាងគណបក្សប្រជាជនកម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ដែលភាគីកម្ពុជាចាត់ទុកថា កំពុងប៉ះពាល់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងបង្កឱ្យមានវិបត្តិមនុស្សធម៌។
តាមសេចក្តីប្រកាសដដែល កម្ពុជាបានប្រាប់មហាសន្និបាតថា ជម្លោះនេះបានបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ ៦៥០.០០០នាក់ ភៀសខ្លួន ខណៈជាង ២០.០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ខ្លួនវិញបាន ដោយសារយោធាថៃបន្តកាន់កាប់តំបន់ទាំងនោះដោយខុសច្បាប់។


