នាយករដ្ឋមន្ត្រីថា ការចាប់ផ្ដើមការងាររបស់គណៈកម្មការព្រំដែនរួមឡើងវិញ គឺជាគន្លឹះឱ្យពលរដ្ឋខ្មែរជាង ២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅឋាន ខណៈបទឈប់បាញ់នៅតែមានភាពផុយស្រួយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទូចឱ្យប្រទេសថៃងាកមកបន្តចូលរួមបោះនង្គោលព្រំដែនគោករួមឡើងវិញជាបន្ទាន់ ដោយអះអាងថា ការចាប់ផ្តើមដំណើរការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ឡើងវិញ គឺជាជំហានចាំបាច់ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ ដែលនៅតែភៀសខ្លួនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Bloomberg ដែលបានចាក់ផ្សាយនៅថ្ងៃទី២៤ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីមានបទឈប់បាញ់រវាងកម្ពុជា និងថៃអស់រយៈពេលជាច្រើនខែហើយក៏ដោយ ប៉ុន្តែស្ថានការណ៍នៅតាមព្រំដែននៅតែមានភាពផុយស្រួយ ដោយសារកងទ័ពរាប់ពាន់នាក់របស់ប្រទេសទាំងពីរនៅតែឈរជើងប្រឈមមុខគ្នា។
លោកបានថ្លែងថា៖ «ថៃគួរតែបន្តការចរចាកំណត់ព្រំដែនរួមជាបន្ទាន់ ដើម្បីឱ្យប្រជាពលរដ្ឋជាង ២០,០០០នាក់ ដែលបានភៀសខ្លួនពីតាមបណ្តាខេត្តជាប់ព្រំដែន អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើឱ្យដំណើរការរបស់គណៈកម្មការព្រំដែនរួម (JBC) ដំណើរការឡើងវិញ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការបន្ធូរបន្ថយភាពតានតឹង កំណត់ខ្សែព្រំដែនឱ្យបានច្បាស់លាស់ និងបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចរស់នៅក្នុងសុវត្ថិភាពឡើងវិញ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានច្រានចោលការអះអាងរបស់ភាគីថៃដែលថា ការដែលកម្ពុជាប្រើយន្តការផ្សះផ្សា ដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបិទផ្លូវចរចាព្រំដែនគោក។លោកបានថ្លែងថា៖ «ខ្ញុំបានឮថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេសថៃ លើកឡើងថា ដោយសារកម្ពុជាទៅ UNCLOS ទើបបិទទ្វារការចរចាព្រំដែនគោក។ ខ្ញុំគិតថា ការលើកឡើងនេះមិនសូវត្រឹមត្រូវ ហើយក៏មិនសូវយុត្តិធម៌ដែរ»។
លោកបានសង្កត់ធ្ងន់ថា ដំណើរការផ្សះផ្សាក្រោម UNCLOS ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រ ខណៈការកំណត់ព្រំដែនគោកស្ថិតក្រោមក្របខណ្ឌច្បាប់ និងយន្តការទ្វេភាគីផ្សេងទៀត ដូច្នេះបញ្ហាទាំងពីរមិនគួរត្រូវបានភ្ជាប់បញ្ចូលគ្នានោះឡើយ។
លោកបានបញ្ជាក់ថា កម្ពុជាសម្រេចប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS បន្ទាប់ពីប្រទេសថៃបានលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគី ដែលជាក្របខណ្ឌទ្វេភាគីតែមួយសម្រាប់ដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នា។
បើតាមលោក ហ៊ុន ម៉ាណែត ដំណើរការផ្សះផ្សាបច្ចុប្បន្នកំពុងបន្តទៅមុខ ដោយភាគីទាំងពីរបានតែងតាំងសមាជិកគណៈផ្សះផ្សាចំនួនពីររូបរៀងៗខ្លួន ហើយកំពុងបន្តពិភាក្សាលើការជ្រើសរើសប្រធានគណៈផ្សះផ្សា ដែលជាសមាជិកទី៥។
លោកបានថ្លែងថា៖ «នៅដំណាក់កាលនេះ យើងគួរតែផ្តោតលើការធ្វើឱ្យដំណើរការនេះដើរទៅមុខជាមុនសិន»។
ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងស្របពេលដែលកម្ពុជាបន្តជំទាស់នឹងអ្វីដែលខ្លួនចាត់ទុកថា ជាសកម្មភាពបង្កើត fait accompli ឬការបង្កើតស្ថានភាពជាក់ស្តែងថ្មៅជាឯកតោភាគីរបស់ភាគីថៃនៅតាមតំបន់ព្រំដែន ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួចរាល់។

ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ ដោយចោទថា ភាគីថៃបានអនុវត្តសកម្មភាពមួយចំនួននៅលើទឹកដីដែលកម្ពុជាអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន មុនពេលមានការកំណត់ព្រំដែនរួម។
សកម្មភាពទាំងនោះរួមមាន ការសាងសង់ផ្លូវ ការដាក់រូបព្រះ និងសំណង់សាសនា ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ការដាក់របងលួសបន្លា កុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលកម្ពុជាចាត់ទុកថា ជាការកែប្រែស្ថានភាពជាក់ស្តែងនៅលើដី និងអាចធ្វើឱ្យការកំណត់ព្រំដែននាពេលអនាគតកាន់តែស្មុគស្មាញ។
រាជរដ្ឋាភិបាលកម្ពុជាបានអះអាងជាបន្តបន្ទាប់ថា សកម្មភាពឯកតោភាគីទាំងនេះគួរតែបញ្ឈប់ ហើយបញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ។
បញ្ហាព្រំដែននៅតែជាប្រធានបទរសើប បន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធកាលពីឆ្នាំ២០២៥ ដែលបានបង្ខំឱ្យប្រជាពលរដ្ឋរាប់សែននាក់ភៀសខ្លួនចេញពីលំនៅឋាន។
ទោះបីប្រជាពលរដ្ឋភាគច្រើនបានវិលត្រឡប់ទៅផ្ទះវិញហើយក៏ដោយ ក៏នៅមានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅរស់នៅតាមព្រំដែនបាន ដោយសារស្ថានភាពសន្តិសុខ និងបញ្ហាព្រំដែនមិនទាន់ត្រូវបានដោះស្រាយ។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ដោយសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចបន្តការកំណត់ព្រំដែនរួមឡើងវិញ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។



