ការ​ប្រមូល​ចំណូលពន្ធ​របស់ GDCE ក្នុង​ឆមាស​ទី​១ សម្រេចបាន​លើសពាក់កណ្តាល​នៃ​ច្បាប់​ហិរញ្ញវត្ថុប្រចាំឆ្នាំ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ការ​ប្រមូល​ចំណូលពន្ធ​របស់ GDCE ក្នុង​ឆមាស​ទី​១ សម្រេចបាន​លើសពាក់កណ្តាល​នៃ​ច្បាប់​ហិរញ្ញវត្ថុប្រចាំឆ្នាំ

 ពន្ធ​គយ​សំខាន់ៗ​​រួមមាន ចំណូលពីទំនិញចម្រុះមានប្រហែល ៣៩% នៃ​ចំនួន​ទឹក​ប្រាក់​ពន្ធ​គយ​សរុប, យានយន្តនិងគ្រឿងចក្រ ៣៥%, ប្រេងឥន្ធនៈនិងថាមពល ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ ៧,៥%។

ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ បាន​​កំណត់​ឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាក​កម្ពុជា ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន​ ១២ ១៥៨ ពាន់​លាន​រៀល(៣ ០០២ លាន​ដុល្លារ)។

ក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ទិសដៅអនុវត្តបន្ត ក្នុង​​ថ្ងៃ​ទី​២១ ខែ​កក្កដា នេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​​ចំណូល​ពន្ធគយ​​​ក្នុង​​ឆមាស​ទី​១ បាន​​​កើន​លើស​ផែនការ​​បន្តិច​បន្តួច កម្ពុជា​​ក៏​កំពុង​ប្រឈម​មុខនឹងការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​នៃ​ប្រភព​ចំណូល​ពន្ធគយ​ផងដែរ​ ជា​ពិសេស​គឺការថយចុះចំណូលពន្ធ​ពីប្រេងឥន្ធនៈ និងឧស្ម័ន ដែល​បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុក​របស់​រដ្ឋដែលបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មក(វិបត្តិ​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​សកល)។

លោក​​ថ្លែង​ថា៖​«​ការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះនា​ពេល​នេះ គឺ​ជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា»។

បើ​តាម​ លោក គុណ ញឹម ក្រៅពីការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏សម្រេច​បាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម រួមមាន​ដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់​វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត​(AEO), ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ាន ផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំខាងលើ បាន​បង្ហាញ​នូវ​​ការ​កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ​ដែលអគ្គនាយកដ្ឋានគយ​សម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ​នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ ដូចជា ការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលប្រេងឥន្ធនៈនិងឧស្ម័ន, ការបញ្ចុះអត្រា​ពន្ធនិងអាករលើរថយន្តអគ្គិសនីនិងឧបករណ៍ថាមពលសូឡា, ការថមថយនៃតម្រូវការប្រើប្រាស់ក្នុងប្រទេស, និងការកើនឡើងនៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល។

បន្ថែម​លើ​នេះ លោក​ក៏​បាន​លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាប​អំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូល​ចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់​តែ​ប្រសើរ​។

កាល​ពី​​ឆ្នាំ​២០២៥ ចំណូល​ដែល GDCE ​ប្រមូលបាន​មាន​​សរុប ​១២ ៧៦០,៥ ពាន់​លានរៀល​(ប្រហែល ៣ ១៨១,៣ លានដុល្លារ) ដែលស្មើនឹង ១២៤,៥% នៃផែនការឆ្នាំ២០២៤។ ចំណូល​ពន្ធ​គយ​ ​ឆ្នាំ​២០២៥ គឺ​​ខ្ពស់​​ប្រហាក់​ប្រហែល​​ឆ្នាំ​២០១៩ (មុន​ពេល​សេដ្ឋកិច្ច​ពិភពលោក​ជួប​នឹង​វិបត្តិ​បណ្តាល​មក​ពីការ​រីករាលដាល​ជំងឺកូវីដ​១៩ បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន​ដែលកំពុង​បន្ត​​ដល់​ពេល​នេះ)​៕


Post a Comment (0)
Previous Post Next Post