កម្ពុជា និង​កូរ៉េសន្យា​នឹង​ជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគី​ និង​ការ​បណ្តាក់​ទុនថ្មីៗ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា និង​កូរ៉េសន្យា​នឹង​ជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគី​ និង​ការ​បណ្តាក់​ទុនថ្មីៗ​

 ផ្នែកឯកជន​កម្ពុជា និង​សាធារណរដ្ឋកូរ៉េ បាន​សន្យា​នឹង​ខិតខំ​ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី​ឱ្យ​កាន់​តែ​រឹង​មាំថែម​​ទៀត​តាម​រយៈ​ការ​ជំរុញធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគថ្មីៗ​ ខណៈ​ទឹក​ប្រាក់​ពី​​ការ​នាំទំនិញ​ទៅវិញទៅមករវាង​​​ប្រទេស​ទាំង ២ ក្នុងឆមាស​ទី​១ ឆ្នាំ​២០២៦ មាន​​ជិត ៦០០ លានដុល្លារ​។

ការ​សន្យា​នេះ​​ធ្វើ​ឡើងក្នុង​ជំនួប​រវាង​​ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយ​នឹង​ លោក Kim Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) នារាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦។ ជំនួប​នេះ​មាន​គោល​បំណង​ពិភាក្សា​ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែ​រឹងមាំបន្ថែម​ទៀត​។

តាម​រយៈ​ជំនួបនេះ ភាគីទាំង ២ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗ​ដើម្បីជំរុញការតភ្ជាប់ធុរកិច្ច​រវាងក្រុមហ៊ុនកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានឯកភាពបង្កើតយន្តការសហប្រតិបត្តិការប្រកបដោយនិរន្តរភាព​សំដៅគាំទ្រដល់ការអភិវឌ្ឍផ្នែកឯកជននៃប្រទេសទាំង ២។

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោកគិត ម៉េង បាន​និយាយ​​ថា៖​«​ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំង ២ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពរបស់កម្ពុជា»។

នៅក្នុង​ជំនួប​នេះ​ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា(KOCHAM) ក៏​បានបញ្ជាក់ថានឹងចូលរួមយ៉ាងសកម្មក្នុងក្រុមការងារទាំង ១៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(Government-Private Sector Forum: G-PSF) ដែលស្ថិតក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីរួមចំណែកពិភាក្សាលើគោលនយោបាយ និងរបៀបវារៈសេដ្ឋកិច្ចសំខាន់ៗរួមមាន ការវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

ជាលទ្ធផលនៃ​ជំនួប​ខាងលើ ភាគីទាំង ២ ក៏​បានឯកភាពគ្នា​នឹងចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការ​យោគយល់(MOU)នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអាទិភាព មួយ​ចំនួន​ដូចជា ការវិនិយោគ ពាណិជ្ជកម្ម ការគាំទ្រធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងការជំរុញឱកាសវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំង ២​។

ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​១១ របស់​កម្ពុជា​ ដោយ​ចន្លោះ​ពី​ខែមករា-មិថុនា ​ឆ្នាំ​២០២៦ លំហូរទំនិញ​ឆ្លងព្រំដែន​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ៥៩៩,៧៣ លានដុល្លារ កើន​ឡើង ៣៦,៨% បើ​ធៀប​នឹង​ឆមាស​ទី​១ ​ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះ គឺ​​កម្ពុជា​នាំ​ទៅ​ប្រទេស​កូរ៉េ​ ២០៩,៨១ លាន​ដុល្លារ កើន​ឡើង ៣៨,២% ចំណែក​ទំនិញ​កូរ៉េ​នាំមកវិញ ៣៨៩,៩២ លានដុល្លារ កើនឡើង ៣៦,១%។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២០ ខែកក្កដា​ថា ការ​កើន​ឡើង​ព្រម​គ្នា​នៃចំនួន​ទឹក​ប្រាក់​នាំ​ចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា-កូរ៉េ បាន​ឆ្លុះបញ្ចាំងពី​​ប្រសិទ្ធភាព​នៃការ​អនុវត្ត​កិច្ច​ព្រម​​​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង​កិច្ច​ព្រម​ព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់(RCEP) ដែល​ប្រទេស​ទាំង ២ គឺ​ជា​សមាជិក ។​ លោក​​បន្ត​ថា រដ្ឋាភិបាលកម្ពុជាតែង​តែ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ និង​លើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េចូលមកបណ្តាក់ទុនផ្ទាល់​ ឬ​បង្កើត​នូវ​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា។

លោក​​បញ្ជាក់​ថា៖​«​ភាព​វិជ្ជមាន​នៃ​កំណើន​ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​​ឆ្លុះបញ្ចាំងពី​​ប្រសិទ្ធភាព​នៃការ​អនុវត្ត​កិច្ច​ព្រម​​​ព្រៀងពាណិជ្ជកម្មសេរី និង​ការ​កើន​ឡើង​នៃ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​​»។

បើ​តាម​លោក វណ្ណៈ រដ្ឋាភិបាលកម្ពុជាតែង​លើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េចូល​មកបណ្តាក់ទុន និងបើក​អាជីវកម្មផ្ទាល់​​នៅ​កម្ពុជា​​ ជាពិសេសក្នុងវិស័យសក្តានុពលដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិច​ត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជា​ដើម។

កាល​ពី​​ឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា កូរ៉េ​សម្រេច​បានប្រមាណ​ ៩២៣,០៥ លាន​ដុល្លារ ​កើនឡើង ៩,៨% ធៀប​នឹង​ឆ្នាំ​២០២៤ ដោយ​ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​​ទៅកូរ៉េ ៣២៦,៧៨ លានដុល្លារ កើន​ឡើង ២,៣% ចំណែក​កូរ៉េនាំទំនិញ​មកកម្ពុជាមានតម្លៃ ៥៩៦,២៧ លានដុល្លារ កើន ១៤,៤%៕ នេះ​បើតាម GDCE៕


Post a Comment (0)
Previous Post Next Post