កម្ពុជា-វៀតណាម កំពុងប្រឹងប្រែងរួមគ្នាដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបន្ថែមទៀត តាមរយៈការរៀបចំសិក្ខាសាលាស្តីពី«ការលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែនរវាងវៀតណាម និងកម្ពុជា៖ ការតភ្ជាប់ទីផ្សារ និងការពង្រីកសក្តានុពលនាំចេញ»។
សិក្ខាសាលានេះត្រូវបានរៀបចំធ្វើនៅទីស្នាក់ការរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ព្រមទាំងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលឆ្លងដែនរវាងប្រទេសទាំង ២ សំដៅជួយសម្រួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញកំណើននៃការនាំចេញ និងបើកឱកាសឱ្យសហគ្រាសនៃប្រទេសទាំង ២ អាចពង្រីកវិសាលភាពទីផ្សារទៅកាន់តំបន់ និងសកលលោក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក តាន់ មុនីវណ្ណ បានថ្លែងក្នុងសិក្ខាសាលាខាងលើថា ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងកម្ពុជា វៀតណាមបានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាននាពេលនេះ។ លោកបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងតែវិវត្តទៅរកសេដ្ឋកិច្ចឌីជីថល ដែលជួយទ្រទ្រង់ទៅលើពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។
លោកថ្លែងថា៖«សព្វថ្ងៃវៀតណាមគឺជាដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជាក្នុងតំបន់អាស៊ាន និងជាដៃគូដ៏ធំបំផុតមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ»។
ជាចុងក្រោយ លោកក៏បានលើកទឹកចិត្តវិនិយោគិនវៀតណាមឱ្យធ្វើការទំនាក់ទំនងជាមួយធុរជនកម្ពុជា ដើម្បីយល់ដឹងអំពីឥរិយាបថរបស់អ្នកប្រើប្រាស់តាមអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបរិបទក្នុងការវិនិយោគនៅកម្ពុជា។
តំណាងនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Anh Vu បានថ្លែងការកោតសរសើរចំពោះទំហំសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ដែលបានកើនឡើងជាលំដាប់។ លោកបន្ដថា បច្ចុប្បន្នប្រទេសវៀតណាម គឺជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដែលមានការរីកចម្រើនលឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសកម្ពុជាក៏កំពុងមានកំណើនខ្លាំងនៅក្នុងសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួនដែរ។
លោកអះអាងថា៖«កត្ដានេះត្រូវបានជំរុញដោយចំនួនប្រជាជនវ័យក្មេង និងអត្រាកើនឡើងខ្ពស់នៃការប្រើប្រាស់អ៊ីនធឺណិត និងការទូទាត់បែបឌីជីថល។ ភាពស៊ីសង្វាក់គ្នារវាងទីផ្សារទាំង ២ ដែលមានភូមិសាស្ត្រជាប់គ្នា ជាមួយនឹងលក្ខខណ្ឌភស្តុភារអំណោយផលបានបង្កើតបរិយាកាសដ៏ល្អសម្រាប់អាជីវកម្មប្រទេសទាំង ២ ក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្ម និងធុរកិច្ចបែបឌីជីថល»។
ក្នុងឱកាសនៃសិក្ខាសាលានេះ ក៏មានការរៀបចំតាំងបង្ហាញផលិតផលដោយផ្ទាល់ពីសំណាក់សហគ្រាសចម្រុះ រួមជាមួយបទបង្ហាញលើប្រធានបទសំខាន់ៗ ដូចជា៖ និន្នាការទីផ្សារនិងឥរិយាបថអ្នកប្រើប្រាស់អនឡាញនៅកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងការចែករំលែកបទពិសោធជាក់ស្តែងពីធុរជននៃប្រទេសទាំង ២។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចូល នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៤,៧៣ ពាន់លានដុល្លារ កើន ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងចំនួននេះកម្ពុជានាំទំនិញទៅវៀតណាម ២,៥២ ពាន់លានដុល្លារ កើនឡើង ១៤,៩% ចំណែកវៀតណាមនាំមកវិញ ២,២១ ពាន់លានដុល្លារ កើនឡើង ២,៩%។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៧ ខែកក្កដាថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត បានជួយឱ្យសម្ទុះការនាំចេញនាំចូលទំនិញប្រទេសទាំង ២ ជាពិសេសទឹកប្រាក់នាំចេញទំនិញកម្ពុជាទៅវៀតណាម កើនឡើងគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ។ កសិផល គឺជាចំណែកសំខាន់នៃការនាំចេញពីកម្ពុជា ដោយនៅរដូវប្រមូលផលម្តងៗមានក្រុមឈ្មួញក្នុងស្រុក និងវៀតណាមជាច្រើនបានមកប្រមូលទិញពីកសិករខ្មែរយកទៅកែច្នៃបន្តនៅប្រទេសវៀតណាម។
លោកបន្តថា៖«ពាណិជ្ជកម្មរវាងប្រទេសជាប់ព្រំដែនទាំង ២ នឹងកើនឡើងថែមទៀត ខណៈរដ្ឋាភិបាលទាំង ២ ក៏មានកិច្ចព្រមព្រៀងស្តីពីចរាចរណ៍ទំនិញឆ្លងដែនផងដែរ»។
យោងតាមលោក វណ្ណៈ ដោយសារប្រទេសទាំង ២ មានព្រំដែនគោក និងទឹកជាប់គ្នាច្រើន ដូច្នេះទំហំពាណិជ្ជកម្មគឺមានលើសពីទិន្នន័យដែលបានកត់ត្រាជាផ្លូវការ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅវៀតណាម រួមមានដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី ពោត កៅស៊ូ ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕

