នាយករដ្ឋមន្ត្រី អំពាវនាវឱ្យ SME និងប្រជាពលរដ្ឋចូលរួមផ្ដល់មតិ ដើម្បីរៀបចំវិធានការគាំទ្រថ្មី លើកស្ទួយផលិតផលក្នុងស្រុក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នាយករដ្ឋមន្ត្រី អំពាវនាវឱ្យ SME និងប្រជាពលរដ្ឋចូលរួមផ្ដល់មតិ ដើម្បីរៀបចំវិធានការគាំទ្រថ្មី លើកស្ទួយផលិតផលក្នុងស្រុក

 ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសហគ្រិន និងប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ចូលរួមផ្ដល់យោបល់ និងសំណូមពរ ដើម្បីជាធាតុចូលសម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំវិធានការថ្មីៗ គាំទ្រដល់វិស័យនេះ ស្របពេលកម្ពុជាកំពុងជំរុញការផលិតផលិតផលក្នុងស្រុកជំនួសការនាំចូល។

ក្នុងសារបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី១៩ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី «រួមគិត រួមធ្វើ» ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ ហើយមតិយោបល់ទាំងនោះនឹងក្លាយជាមូលដ្ឋានសម្រាប់រៀបចំវិធានការដែលឆ្លើយតបចំគោលដៅទៅនឹងបញ្ហាប្រឈមរបស់ SME។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងមក បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យនេះ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានបន្តដាក់ចេញវិធានការបន្ថែម ដើម្បីលើកទឹកចិត្ត និងសម្រួលដល់ការបង្កើត និងដំណើរការអាជីវកម្មរបស់ SME។

ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើន វិស័យ SME នៅតែប្រឈមនឹងបញ្ហាមួយចំនួន ដែលត្រូវការវិធានការបន្ថែម ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពរឹងមាំរបស់សហគ្រាស។

លោកបានសរសេរថា៖ «នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់»។

ដើម្បីសម្រេចគោលដៅនេះ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោកបានប្រគល់ភារកិច្ចឱ្យលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំរៀបចំ និងសិក្សាវិធានការចាំបាច់ និងបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលម្អិត និងពិភាក្សាជាមួយតំណាងសហគ្រាសធុនតូច និងមធ្យម វិស័យឯកជន ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ មុននឹងដាក់ចេញនូវគោលនយោបាយ ឬវិធានការនានា ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។

បន្តលើវិធីសាស្ត្រនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបអាជីវកម្ម SME ចូលរួមផ្ដល់យោបល់អំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ និងដំណោះស្រាយដែលពួកគេយល់ថាមានប្រសិទ្ធភាព។

លោកបានសរសេរថា៖ «មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ»។

ការអំពាវនាវនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងដាក់អាទិភាពលើការពង្រឹងផលិតកម្មក្នុងស្រុក និងការជំនួសទំនិញនាំចូល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចចំពោះការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។

វិស័យសហគ្រាសធុនតូច និងមធ្យម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយមានចំណែកភាគច្រើននៃអាជីវកម្មទូទាំងប្រទេស និងដើរតួនាទីសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន។

ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីលើកនេះ បង្ហាញថា រាជរដ្ឋាភិបាលកំពុងរៀបចំវិធានការគាំទ្រថ្មីៗសម្រាប់ SME ដោយផ្អែកលើការចូលរួមផ្ទាល់ពីម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ដើម្បីធានាថា គោលនយោបាយនាពេលខាងមុខ អាចឆ្លើយតបបានកាន់តែមានប្រសិទ្ធភាពទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។


Post a Comment (0)
Previous Post Next Post