ភ្នំពេញៈ ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យចំនួន ៤ ៥៧៩ ២២០នាក់ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងអាចផ្លាស់ប្តូរជីវិត តាមរយៈ មូលនិធិសមធម៌សុខាភិបាល (Health Equity Fund – HEF)។ នេះបើយោងតាមអង្គការ GIZ Cambodia នៅថ្ងៃចន្ទនេះ។
អង្គការ GIZ បានលើកឡើងថា កិច្ចគាំពារសង្គមពិតប្រាកដ គឺធានាថា ការលំបាកផ្នែកហិរញ្ញវត្ថុមិនក្លាយជាឧបសគ្គដែលរារាំងប្រជាពលរដ្ឋពីការទទួលបានការព្យាបាលសុខភាពឡើយ។ តាមរយៈការផ្តល់ បណ្ណសមធម៌ និង បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ មូលនិធិសមធម៌សុខាភិបាល (HEF) បានជួយដកចេញទាំងឧបសគ្គផ្នែកវេជ្ជសាស្ត្រ ទាំងឧបសគ្គមិនមែនផ្នែកវេជ្ជសាស្ត្រ ដែលរារាំងគ្រួសារមិនឱ្យទទួលបានសេវាសុខភាព។
អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ មានដូចជា៖ ការពិគ្រោះ និងព្យាបាលជំងឺក្រៅ សេវាពន្យារកំណើត និងការសម្រាកព្យាបាលទូទៅ សេវាសង្គ្រោះបន្ទាន់ ការវះកាត់តូច និងការវះកាត់ធំ និងការសម្រាលកូននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋ យោងតាមប្រកាសអន្តរក្រសួងលេខ៤៩៧ សហវ.ប្រក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។
ចំណែកឯ អត្ថប្រយោជន៍មិនមែនផ្នែកវេជ្ជសាស្ត្រ រួមមាន៖ ការឧបត្ថម្ភថ្លៃធ្វើដំណើរ ដើម្បីអាចទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដោយសុវត្ថិភាព ប្រាក់ឧបត្ថម្ភថ្លៃអាហារ សម្រាប់អ្នកជំងឺអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការឧបត្ថម្ភពិធីបុណ្យសព ដើម្បីជួយសម្រួលដល់គ្រួសារប្រកបដោយសេចក្តីថ្លៃថ្នូរ។

ដើម្បីធានាថា ការគាំទ្រនេះបានទៅដល់គ្រួសារដែលជួបការលំបាកពិតប្រាកដ ក្រសួងផែនការកំពុងបន្តពង្រឹងដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាបន្តបន្ទាប់។ ការងារដ៏សំខាន់នេះ ត្រូវបានអនុវត្តដោយ GIZ Cambodia តាមរយៈគម្រោងលើកកម្ពស់គាំពារសង្គម និងសុខភាព ដំណាក់កាលទី២ (ISPH II) ដែលទទួលបានមូលនិធិពី ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) និងមូលនិធិបដិភាគពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។
គម្រោងនេះគាំទ្រក្រសួងផែនការ ក្នុងការពង្រឹងដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីធានាថាគ្រួសារដែលមានជីវភាពលំបាកពិតប្រាកដអាចទទួលបាន បណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ និងអត្ថប្រយោជន៍ពី មូលនិធិសមធម៌សុខាភិបាល (HEF)។
សូមបញ្ជាក់ថា គ្រួសារងាយរងហានិភ័យគឺ សំដៅដល់គ្រួសារដែលរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានភាពងាយរងគ្រោះដែលមានសមាជិកក្នុងគ្រួសារ មួយយ៉ាងតិចក្នុងចំណោម៥ លក្ខខណ្ឌដូចជា៖ យ៉ាងហោចណាស់សមាជិកគ្រួសារ១នាក់មានពិការភាព, យ៉ាងហោចណាស់សមាជិកគ្រួសារ១នាក់មានអាយុចាប់ពី ៦០ឆ្នាំឡើង, យ៉ាងហោចណាស់សមាជិកគ្រួសារ១នាក់មានអាយុក្រោម ២ឆ្នាំ, សមាជិកទាំងអស់ក្នុងគ្រួសារមានអាយុក្រោម ១៨ឆ្នាំ ឬស្ត្រីជាមេគ្រួសារ (ម្នាក់ឯង ឬមេម៉ាយ)៕


