ស្រូវវស្សាជិត ២ម៉ឺនហិកតា កំពុងប៉ះពាល់ដោយសារកូនរដូវប្រាំង បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Niño)
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្រូវវស្សាជិត ២ម៉ឺនហិកតា កំពុងប៉ះពាល់ដោយសារកូនរដូវប្រាំង បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Niño)




 ពោធិ៍សាត់ៈ ផ្ទៃដីស្រូវចំនួន ១៩ ៣២១ហិកតា នៅស្រុកបាកាន និងស្រុកកណ្តៀងកំពុងតែជួបប្រទះនឹងការខ្វះខាតទឹកស្រោចស្រព ដោយសារតែកូនរដូវប្រាំង ខណៈដែលឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) បង្កឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងនៅស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី ១០ ខែសីហាខាងមុខ។

ការងារបង្កបង្កើនផល សម្រេចបានចំនួន ១៣៦ ៨៨៥ហិកតា ស្មើនឹង១០០,៦៥% នៃផែនការ ១៣៦ ០០០ហិកតា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦មក ខេត្តពោធិ៍សាត់រងឥទ្ធិពលកូនរដូវប្រាំងធ្វើឱ្យខ្វះទឹកស្រោចស្រពលើផ្ទៃដីសរុប ១៩ ៣២១ហិកតា ក្នុងស្រុកបាកាន និងស្រុកកណ្តៀង។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់។

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ដោយមានការចូលរួមពី លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ផ្ទាល់ក្នុងការតម្លើងម៉ាស៊ីនបូមទឹកចល័តចំនួន ២គ្រឿង ដើម្បីជួយសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករ ស្ថិតនៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់, ឃុំវាល និងឃុំកោះជុំ ស្រុកកណ្តៀង លើផ្ទៃដីប្រមាណ ១ ៦៥០ហិកតា ដែលកំពុងរងគ្រោះដោយសារកូនរដូវប្រាំង។

លោកអភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តត្រួតពិនិត្យ តាមដានការប្រែប្រួលអាកាសធាតុ និងសភាពការណ៍ផលប៉ះពាល់ស្រូវវស្សារបស់ប្រជាកសិករជាប្រចាំ ដើម្បីទប់ស្កាត់ និងរកដំណោះស្រាយបានទាន់ពេលវេលា។ ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញសហការគ្នាគ្រប់គ្រង និងបែងចែកទឹកប្រកបដោយសមធម៍ តម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅធានាឱ្យបងប្អូនកសិករមានទឹកស្រោចស្រពគ្រប់គ្រាន់ និងត្រូវត្រៀមបម្រុងកម្លាំងគ្រប់មធ្យោបាយ  ដើម្បីចុះអន្តរាគមន៍សង្គ្រោះជាបន្ទាន់ ដល់តំបន់ដែលជួបប្រទះការខ្វះខាតទឹកខ្លាំង និងនៅឆ្ងាយពីប្រភពទឹក។បាតុភូត អែលនីញ៉ូ (El Niño) បាននិងកំពុងតែធ្វើឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងនៅស្ទើរតែទូទាំងប្រទេសកម្ពុជា។ សម្រាប់ខេត្តពោធិ៍សាត់ ទោះបីដើមរដូវវស្សាមានភ្លៀងធ្លាក់ ប៉ុន្តែភាគច្រើនធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ចំណែកឯតំបន់ទំនាបកណ្តាលមានភ្លៀងធ្លាក់តិចតួច ដែលបណ្តាលឱ្យផ្ទៃដីស្រូវវស្សាឆ្នាំ២០២៦ រងផលប៉ះពាល់ខ្វះទឹកស្រោចស្រព។


មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអន្តរាគមន៍ ដោយបូមទឹកចេញពីអាងទំនប់ទី៣ នៅសល់ទឹក ៦,៥លានម៉ែត្រគូប (៣៥%) នឹងត្រូវបិទថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦, អាងទំនប់ទី៥ នៅសល់ទឹក ២២ លានម៉ែត្រគូប (៨៥%) នឹងត្រូវបិទនៅកម្ពស់ ៥ ម៉ែត្រ ព្រមទាំងបន្តអន្តរាគមន៍ ទៅទីតាំងដែលប្រឈមខ្លាំង និងជួយបន្ថែមដល់ស្ទឹងពោធិ៍សាត់។


មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀតបានជូនដំណឹងដល់សាធារណជនថា ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឥទ្ធិពលបាតុភូត El Niño ធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ ដែលធ្វើឱ្យបរិមាណទឹកភ្លៀងក្នុងខេត្តថមថយទាបជាងកម្រិតមធ្យមច្រើនឆ្នាំ និងអាចប្រឈមគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង។


ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឱ្យត្រៀមផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះបងប្អូនប្រជាកសិករ គួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជ្រើសរើសពូជដំណាំដែលប្រើប្រាស់ទឹកតិច ឬពន្យារពេលដាំដុះនៅតំបន់គ្មានប្រភពទឹកគ្រប់គ្រាន់។ ដោយឡែកសាធារណជនទូទៅ ត្រូវប្រើប្រាស់ទឹកប្រចាំថ្ងៃដោយស្មារតីសន្សំសំចៃ និងតាមដានសេចក្តីជូនដំណឹងផ្លូវការពីមន្ទីរធនធានទឹក និងឧតុនិយមជាប្រចាំ៕


Post a Comment (0)
Previous Post Next Post