រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បញ្ជាឱ្យចាត់វិធានការក្តៅលើ​ក្រុមកំប្លែក «គ្រូតឿ» និងហៅ​អ្នកលក់អនឡាញសិចស៊ី មកណែនាំអប់រំ ដើម្បីពង្រឹងសីលធម៌សង្គម
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បញ្ជាឱ្យចាត់វិធានការក្តៅលើ​ក្រុមកំប្លែក «គ្រូតឿ» និងហៅ​អ្នកលក់អនឡាញសិចស៊ី មកណែនាំអប់រំ ដើម្បីពង្រឹងសីលធម៌សង្គម

 លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ដល់​មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ដោយ​ត្រូវ​ហៅក្រុមផលិតមាតិកាវីដេអូបែបកំប្លែក​របស់ ​«គ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «ពាក់អាវពេទ្យ​ និងរុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។

ការដាក់បញ្ជារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន​រូបនេះ បានធ្វើឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោក នេត្រ ភក្ត្រា បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធី​បើកសិក្ខាសាលា​ «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖​ «ការសម្តែង គឺចង់បានអ្នកមើលច្រើន ក៏ប៉ុន្តែ សីលធម៌​នៃ​ការ​សម្តែងបាន​បង្ក​ការ​ប៉ះពាល់ និងរើសអើង​អ្នក​ផ្ទុក​ជំងឺអេដស៍ និង​អ្នកជំងឺអេដស៍ ដូច្នេះ ត្រូវតែ​ហៅ​មក​អប់រំ​ ណែនាំឱ្យ​គោរព​នូវក្រមសីលធម៌ជាចាំបាច់»។ លោក​រដ្ឋមន្រ្តី បន្ថែម​​ថា ក្រសួងព័ត៌មាន ប្តេជ្ញារក្សាសុវត្ថិភាពវប្បធម៌ និងសីលធម៌សង្គមតាមរយៈការគ្រប់គ្រងមាតិកាឌីជីថលប្រកបដោយប្រសិទ្ធភាព។

តាម​រយៈ​វីដេអូ​ខ្លី​នៃការ​កំប្លែង​របស់ «ក្រុមគ្រូតឿ» គឺ​គ្រូតឿ បានពាក់ឯកសណ្ឋានជា​គ្រូពេទ្យ​វះកាត់ ដោយបានរុញ​គ្រែពេទ្យ​ទៅយក​អ្នកជំងឺ​ជាមួយតួអង្គក្នុងក្រុមជាមួយគ្នា ដែលពាក់ឯកសណ្ឋាន​ជា​គិលានុបដ្ឋាក ហើយសាច់រឿងនៃការកំប្លែងនេះ គឺគ្រូពេទ្យបានរុញ​គ្រែ​ពេទ្យ​ទៅយក​អ្នក​ជំងឺកើត​អេដស៍នៅម្តុំវេងស្រេង។

ប៉ុន្តែ​សកម្មភាពនៃការ​​កំប្លែង​របស់ក្រុមគ្រូតឿ លើកនេះ ទទួលបានការ​រិះគន់​ខ្លាំងពី​ក្រុមគ្រូពេទ្យ។លោក​វេជ្ជបណ្ឌិត សេង ថាវុធា (Dr.Thavuthea) ឯកទេសកាត់ឆ្នឹងមុខ និងកែសម្ផស្សមកពីបារាំង បានចាត់ទុកការកំប្លែក​របស់ក្រុមគ្រូតឿ​លើក​នេះ ជាការមើលងាយ​ទៅដល់​អ្នកជំងឺ​អេដស៍ និង​ក្រុមគ្រូពេទ្យ។

លោក​បានបញ្ជាក់តាមរយៈការ​ឡាយវីដេអូ​ថា៖ «​ខ្ញុំ​ឧស្សាហ៍​មើលកំប្លែងរបស់​​ក្រុម​គាត់​ដែរ ប៉ុន្តែ​ការកំប្លែកលើកនេះ មិនមែនជាការកំប្លែកមែនទែននោះ​ទេ តែជាការមើល​ងាយ​ទៅលើការ​ងារ​​របស់​គ្រូពេទ្យ​វះកាត់។ លើកពី​នេះ នៅពីខាងក្រោយគាត់​ហ្នឹង គឺការមើល​ងាយទៅលើ​​គិលានុបដ្ឋាក​ទាំងអស់​នៅក្នុង​ស្រុក​ខ្មែរ»។

លោកបាន​បន្ថែម​ថា ឯកសណ្ឋាន​ដែល​គ្រូ​តឿ​ពាក់​យកមក​​កំប្លែក​នេះ ជាឯក​សណ្ឋាន​​សម្រាប់​ការ​វះ​កាត់​ ដែល​គេ​ត្រូវការចម្អិនត្រឹម​ត្រូវ​ មិនអាច​ឱ្យចេញពី​បន្ទប់វះកាត់​ទេ ត្រូវការ​ផ្លាស់វាសិន ដើម្បី​ចូល​បន្ទប់វះកាត់​ ហើយ​ស្លៀក​គ្រង​ឈុត​ផ្សេង​​ទៀត ដើម្បី​វះ។

លោក​វេជ្ជបណ្ឌិត សេង ថាវុធា បានសង្កត់​ធ្ងន់​ថា៖ «នេះជាការ​មើល​ងាយមួយ​ទៅលើ​វិជ្ជាជីវៈ​របស់​គ្រូ​ពេទ្យ​មួយ ដូច្នេះការកំប្លែក​ ដែល​មើល​ងាយ​ទៅលើ​ការងារណាមួយ វាជាការមួយ ដែល​អត់សមរម្យ​ទេ ហើយ​អ្វី​ដែល​លើស គឺការ​ប្រើប្រាសសំឡេងមើលងាយ​ទៅ​លើ​អ្នកជំងឺ​អេដស៍»។

«ការមើលងាយតែមួយម៉ាត់ គឺការរើសអើង និងសំដៅ​ទៅលើ​ក្រុមប្រជាជន​ ដែល​រស់​នៅតំបន់ណាមួយ ដែល​គិត​ថា គាត់​កើត​អេដស៍​ទាំងអស់​…ចុះ​បើបងប្អូនស្រី​របស់​អ្នក​ទាំងអស់​គ្នា ដែល​រស់​នៅវេងស្រេង ឬតំបន់​ដែល​គាត់បាននិយាយហ្នឹង តើ​អ្នកទាំងអស់គ្នា​គិត​យ៉ាង​ម៉េច? ដូច្នេះ​ការមើលងាយ​ទៅលើ​អ្នកជំងឺ​អេដស៍ គឺ​ត្រូវ​ហាមឃាត់ជា​ដាច់ខាត ទោះបីជាជំងឺណាក៏​ដោយ»។ លោក ថាវុធា បានបន្ថែម។

ដោយឡែក​ក្រៅពីប្រធានបទក្រុមកំប្លែក​គ្រូតឿ លោក នេត្រ ភក្ត្រា ក៏បានណែនាំ​ឱ្យ​ចាត់​វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់​ផលិត​ផល​តាម​ប្រព័ន្ធអនឡាញ ដែល​ចូល​ចិត្ត​ស្លៀកពាក់​លេច​លើខ្វះ​ក្រោម បញ្ចេញសាច់ដើមទ្រូងធំៗ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ដោយ​ត្រូវ​ហៅ​បុគ្គល​ទាំងនោះ ម​កធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរ។

ការបញ្ជាបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺធ្វើឡើងនៅក្នុង​គោល​បំណង​ពង្រឹ​ង​តម្លៃ​សីលធម៌​សង្គម វប្បធម៌ និង​ការពារ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ ក៏ដូចជា​ទប់​ស្កាត់​ការផ្សព្វផ្សាយ​មាតិកា​អន​ឡាញ​ទាំង​ឡាយ​ណា​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​វប្បធម៌​ប្រពៃណីដ៏​ល្អ​ផូរ​ផង់​របស់​ជាតិ៕


Post a Comment (0)
Previous Post Next Post