តាមរបាយការណ៍ស្តីពីកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែល​បានជម្រាបជូន​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី ៣០ ខែកក្កដា លោក ស សុខា បាន​ឱ្យ​ដឹង​ថា  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) បាន​ខិតខំ​បំពេញ​ភារកិច្ច​រក្សា​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក ទទួលបាន​លទ្ធផលល្អ​ប្រសើរ ដោយ​សម្រេច​បាន​កាត់​បន្ថយ​អត្រា​ស្លាប់
ដោយ​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក​ចំនួន៥% ជារៀងរាល់ឆ្នាំ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​បន្ត​បន្ទាប់ គិតពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥។

អត្រានេះ គឺ​ស្របតាមផែនការទសវត្សសុវត្ថិភាព​ចរាចរណ៍​ឆ្នាំ ២០២១-២០៣០ របស់អង្គការសហប្រជាជាតិ។ ប៉ុន្តែក្នុងឱកាសផ្អាកការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី​ចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជា​ គសចគ បាន​បន្ត​អនុវត្ត​ផែនការសកម្មភា​ព​យ៉ាង​​សកម្ម ដូចជា​​ជំរុញ​ការអប់រំផ្សព្វផ្សាយ​ច្បាប់ និង​​បទ​ដ្ឋាន​សុវត្ថិភាព​ចរាចរណ៍ ការកែ​លម្អ បរិស្ថាន​ផ្លូវ​ថ្នល់ ការ​គ្រប់​គ្រង​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត ការ​ចាប់​ផ្តើម​អនុវត្ដ​កែប្រែ​រថយន្ត​ដឹក​កម្មករ​ពីឈរ​មក​អង្គុយ និង​ការសាងសង់​សួន​សុវត្ថិភាពចរាចរណ៍​តាម​សាលារៀន ជាដើម។

លោក ស សុខា បញ្ជាក់​ថា៖​ «ធៀបនឹង​រយៈ​ពេលដូចគ្នា​នៃឆ្នាំ២០២៥ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ (ក្នុងឆមាសទី១ ឆ្នាំ២០២៦) មាន​កំណើន ២១៣លើក ស្មើ២០% (១ ២៧៩លើក លើ ១០៦៦លើក) ចំនួន​អ្នក​ស្លាប់​មាន​កំណើន ៧៩នាក់ ស្មើ​១១% (៧៧៣​នាក់ លើ ៦៩៤នាក់) និង​ចំនួន​អ្នករបួស​មាន​កំណើន ៤៦៨ នាក់ ស្មើ៣២% (១ ៩៤៤នាក់ លើ ១ ៤៧៦នាក់)»។

នៅក្នុង​គ្រោះថ្នាក់ទាំងនេះ បានកើតឡើង​ដោយមូលហេតុ ការបើកបរ​ក្នុង​​ល្បឿន​លឿន ​៤៦% ការមិន​គោរពសិទ្ធិអាទិភាព ២២% ការមិន​ប្រកាន់​ស្តាំ ១២% ការវ៉ាជែង ៧% ការ​បត់​មិន​ប្រយ័ត្នចំនួន ៦% ការបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ៤% ការ​មិន​គោរព​សញ្ញា​ចរាចរណ៍ ២% និង​កត្តាយាន ១%។

នៅក្នុង​នោះ​គ្រោះថ្នាក់​កើត​ឡើង​ច្រើន នៅ​រាជធានីភ្នំពេញ​ចំនួន ៤៦១លើក ខេត្ត​ព្រះសីហនុ​ ​៩២​លើក ខេត្ត​កណ្តាល ៧៥លើក ខេត្តកំពង់ស្ពឺចំនួន ៥៧លើក និង​ខេត្តស្វាយរៀងចំនួន ៥៥លើក។ លោក ស សុខា សង្កត់ធ្ងន់​ថា៖ «ភាគច្រើន លើសលប់​នៃ​ការ​បង្ក​គ្រោះ​ថ្នាក់ គឺ​បណ្ដាល​ពី​កត្តា​អ្នកបើកបរ​យាន​យន្ត​មិន​គោរព​ច្បាប់ ឬ​ធ្វេស​ប្រហែស ដែល​អាច​បញ្ជាក់បាន​ថា ស្មារតី​អ្នក​បើកបរ ខ្លាច​នគរបាល ជាងខ្លាចច្បាប់»។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អត្រា​ស្លាប់ ​របួស និង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ រួម​ចំណែក ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល លោក ស សុខា បាន​ស្នើ​សុំគោលការណ៍​អនុញ្ញាតចាត់​វិធានការ ទី​១ ស្នើសុំ​អនុវត្ត​វិធាន​ការ​រឹត​បន្តឹង​ច្បាប់​ស្តី​ពីចរាចរណ៍ផ្លូវគោក​ឡើង​វិញ ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ បន្ទាប់ពី​បាន​ផ្អាក​ដោយ​សារ​ស្ថានការណ៍​សង្គ្រាម​តាម​ព្រំដែន និងវិបត្តិ​សេដ្ឋកិច្ច​សកល​ដោយ​សង្គ្រាម​នៅមជ្ឈឹមបូព៌ា។
ទី​២ ការរឹត​បន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍​ផ្លូវ​គោក នឹង​អនុវត្ត​តែ​នៅ​ភូមិសាស្ត្រ​ដែល​មាន​គ្រោះថ្នាក់​ច្រើន រួមមាន​រាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តក​ណ្តាល ខេត្ត​កំពង់ស្ពឺ និង​ខេត្តស្វាយរៀង ផ្តោតលើ​អំពើ​ល្មើស​ដែល​បង្ក​គ្រោះថ្នាក់ រួម​មាន​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការបើក​បរ​ក្នុងស្ថានភា​ពស្រវឹង ការ​មិន​គោរពសញ្ញា​សិទ្ធិអាទិភាព និង​ភ្លើង​ស្ដុប និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំពីងសំពោង។

យ៉ាងណាក៏​ដោយ ចំពោះការស្នើ​ឱ្យមាន​ការរឹត​បន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍​ផ្លូវ​គោក​ឡើង​វិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ ត្រូវ​រង់ចាំការសម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សិន៕