ក្រុមហ៊ុន​ចំនួន ៤ បាន​​ចុះ​កិច្ច​ព្រម​ព្រៀង​រួមគ្នា​ដើម្បី​ជំរុញភាព​រីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅ​កម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុមហ៊ុន​ចំនួន ៤ បាន​​ចុះ​កិច្ច​ព្រម​ព្រៀង​រួមគ្នា​ដើម្បី​ជំរុញភាព​រីកចម្រើននៃទីផ្សារហិរញ្ញវត្ថុនៅ​កម្ពុជា

 ក្រុមហ៊ុន Banjaran Asset Management (Cambodia) PLC បាន​ចុះ​កិច្ច​​ព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹង​​ក្រុមហ៊ុន ACLEDA Securities Plc, ក្រុមហ៊ុន Forte General Insurance Plc និងក្រុមហ៊ុន Forte Life Assurance Plc ក្នុង​គោល​បំណង​​​រួមគ្នា​ជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។

ពិធី​​ចុះហត្ថលេខា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ នៅ​ទីស្នាក់​ការ​របស់ក្រុមហ៊ុន ACLEDA Securities Plc ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំក្រុមហ៊ុន​ទាំង ៤ ​អ្នក​ពាក់​ព័ន្ធ​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​ជា​ពិសេស​វត្តមាន​របស់លោក John Sim សមាជិក​ក្រុមប្រឹក្សាភិបាលរបស់ Banjaran AMC ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់ស្ថាប័ន​ទាំង ៤ បាន​ឱ្យ​ដឹង​ថា ចំណុចស្នូលនៃកិច្ចសហការនេះ គឺ​មូលនិធិ BAMC Asia Equity Fund​(BAEF) ដែលជាផលិតផលវិនិយោគដ៏សំខាន់មួយ និងបានបង្កើតប្រវត្តិសាស្ត្រចំនួនបីសម្រាប់កម្ពុជា ដែល​រួមមាន ១. មូលនិធិវិនិយោគរួម​(Collective Investment Scheme – CIS) ដំបូងគេ​ដែលត្រូវបានផ្តល់ជូនជាសាធារណៈនៅកម្ពុជា, ២. មូលនិធិដែលបានបង្កើត និងចុះបញ្ជីនៅកម្ពុជា​ដំបូងបង្អស់ដែលវិនិយោគទៅទីផ្សារអន្តរជាតិ (តំបន់អាស៊ី-ប៉ាស៊ីហ្វិក [មិនរាប់បញ្ចូលប្រទេសជប៉ុន]) និង ៣. មូលនិធិកម្ពុជាដំបូងបង្អស់ដែលបានចុះបញ្ជីនៅលើប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុ Bloomberg។

លោក Eric Loo នាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិ(CEO) ក្រុមហ៊ុន Banjaran Asset Management (Cambodia) PLC បាននិយាយ​ថា៖«មូលនិធិនេះគឺជាអ្នកត្រួសត្រាយផ្លូវ។ ភាពជាដំបូងទាំង ៣ នេះ​បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ស្តង់ដាវិស័យវិនិយោគនៅកម្ពុជា»។

មូលនិធិវិនិយោគបើកចំហនេះ ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការបង្កើនតម្លៃដើមទុនក្នុងរយៈពេលមធ្យម និងវែង តាមរយៈការវិនិយោគក្នុងផលប័ត្រចម្រុះនៃក្រុមហ៊ុនដែលមានគុណភាពខ្ពស់ និងចុះបញ្ជីនៅលើផ្សារមូលបត្រនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន។

ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនេះ វិនិយោគិនដែលវិនិយោគក្នុង BAMC Asia Equity Fund នឹងទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុន Forte Life Assurance និង Forte General Insurance។ អត្ថប្រយោជន៍បន្ថែមនេះ មិនត្រឹមតែផ្តល់ឱកាសឱ្យវិនិយោគិន​បង្កើនទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសុវត្ថិភាព និងភាពស្ងប់ចិត្ត តាមរយៈការការពារពីក្រុមហ៊ុនធានារ៉ាប់​រង​ឈានមុខរបស់កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា៖​«​ការចុះហត្ថលេខានៅថ្ងៃនេះ គឺ​គ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហការរយៈពេលវែង និងកាន់តែស៊ីជម្រៅរវាង Banjaran AMC, ACLEDA Securities និងក្រុមហ៊ុន Forte Group។ ភាគីទាំងអស់មានការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ដោយប្រើប្រាស់ជំនាញ និងធនធានរួម ដើម្បីលើកកម្ពស់ស្តង់ដា​សេវាវិនិយោគ និងបង្កើតតម្លៃយូរអង្វែងជូនដល់វិនិយោគិនកម្ពុជា»៕


Post a Comment (0)
Previous Post Next Post