ជនជាតិដើមភាគតិចជង និង ព័រ ស្នើសុំចុះបញ្ជីដីព្រៃអារក្ស និងព្រៃកប់សព ដើម្បីមានភាពស្របច្បាប់ និងរក្សាអត្តសញ្ញាណ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជនជាតិដើមភាគតិចជង និង ព័រ ស្នើសុំចុះបញ្ជីដីព្រៃអារក្ស និងព្រៃកប់សព ដើម្បីមានភាពស្របច្បាប់ និងរក្សាអត្តសញ្ញាណ

 ពោធិ៍សាត់ៈ ប្រជាសហគមន៍ជនជាតិដើមភាគតិចជង និង ព័រ ជាង ៦០គ្រួសារក្នុងស្រុកភ្នំក្រវាញសុំឱ្យមានការចុះបញ្ជីដីព្រៃអារក្ស និងដីកប់សពទំហំជិត ៣០ហិកតា ជាកម្មសិទ្ធិសមូហភាព ដើម្បីមានភាពស្របច្បាប់ រក្សាអត្តសញ្ញាណ និងទំនៀមទំលាប់ប្រពៃណីរបស់ពួកគាត់។

លោក សារូ វុធ ប្រធានសហគមន៍ ដៃគូសំរោង ភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានឱ្យដឹងថា ប្រជាសហគមន៍ ដែលស្នើសុំទាំងនោះ រួមមាន ជនជាតិព័រមាន ៣០គ្រួសារ និងជនជាតិដើមជង មានចំនួន ៣៥គ្រួសារ។ ពួកគាត់នៅតែប្រកាន់ខ្ជាប់នូវមុខរបរទំនៀមទម្លាប់បុរាណ ជាពិសេស ការអាស្រ័យផល អនុផលព្រៃឈើ ដូចជា រកដំឡូងព្រៃ ជីកក្តួច បេះផ្លែឈើព្រៃ ទុករបរិភោគក្នុងគ្រួសារ និងលក់ផងដែរ។

លោកបានឱ្យដឹងថា ជនជាតិដើមជង និងព័រ ចង់រក្សាបាននូវទំនៀមទម្លាប់ ជនជាតិដើមភាគតិច ពិសេស តំបន់ព្រៃអារក្ស និងព្រៃកប់សព ហេតុនេះ ពួកគាត់តែងទាមទារឱ្យមានការចុះបញ្ជីថែរក្សា ដីព្រៃអារក្សមួយកន្លែងដែលមានឈ្មោះថា តំបន់ព្រៃអារក្ស ឬហៅថាភ្នំព្រអង្គ មានទំហំ ២៤ហិកតា និងផ្ទៃដីមួយកន្លែងទៀតជាព្រៃកប់សពចំនួន ៤ហិកតា។ ការចង់កំណត់ និង ចុះបញ្ជីត្រឹមត្រូវ ពីតំបន់ដីទាំងនេះ ដើម្បីរក្សានូវអត្តសញ្ញាជនជាតិដើមភាគតិច ក៏ដូចជា សម្រាប់ទីកន្លែងទាក់ទាញវិស័យទេសចរណ៍ និងជារក្សានូវធនធានធម្មជាតិឱ្យបានគង់វង្ស កុំឱ្យជនល្មើសរំលោភបំពាន។

ចំណែកឯ លោក សន សារឿន មេ ភូមិ តាដេស បានថ្លែងថា តំបន់ដីព្រៃអារក្ស និងដីកប់សពទាំងពីរកន្លែងនេះគឺជាទីតាំងបុរាណរបស់ជនជាតិដើមភាគតិចព័រ និង ជង ។ ពួកគាត់តែងគោរពតាមបែបបទប្រពៃណីគឺមានលក្ខណៈពីរបែប គឺទាំងអរូបី និងជារូបបី ។ ក្នុងនោះ អរូបី មានអារក្ស មានការបន់ស្រន់ សែនព្រេន ជាដើម។ ចំណែករូបី ជាទីកន្លែង ឬតំបន់សម្រាប់បន់ស្រន់ ជំនឿទៅតាមជនជាតិដើមភាគតិច។

ដោយឡែក លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានឱ្យដឹងថាក្នុងគម្រោងរដ្ឋបូក សំកុស គឺបានកំពុងផ្តោតទៅលើ ២៧សហគមន៍ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ដោយឡែកសម្រាប់ក្នុងភូមិ តាដេស នេះអង្គការសម្ព័ន្ធសត្វព្រៃ បានកំពុងជួយដល់ប្រជាសហគមន៍ ដើម្បីឱ្យពួកគាត់មានសិទ្ធប្រើប្រាស់ និង គោរពបូជាជំនឿរបស់ពួកគាត់ដែលមានតាំងពីរាប់រយឆ្នាំមកហើយ។

លោកបានបន្តថា ការចង់ឱ្យមានការចុះបញ្ជីជាផ្លូវការនេះដែរ គឺដើម្បីឱ្យពួកគាត់អាចចូលទៅប្រើប្រាស់តាមលក្ខណៈប្រពៃណីពីដូនតាមក។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានមានប្រសាសន៍ថា ព្រៃអារក្ស និងព្រៃកប់សព របស់សហគមន៍ ដៃគូសំរោង ដែលស្ថិតនៅភូមិតាដេសនោះ គឺជាតំបន់ទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចជង និងព័រដ៏មានសារៈសំខាន់។ តំបន់ទាំងនេះជាទីកន្លែងគោរពបូជា និងជាប្រពៃណីដូនតារបស់ពួកគាត់។ ក្រៅពីជាកន្លែងទំនៀមទម្លាប់ប្រពៃណី តំបន់ទាំងនេះក៏ជាទីកន្លែងគោលដៅលើវិស័យទេសចរណ៍យ៉ាងមានសក្តានុពលផងដែរ។ ក្រសួងនឹងខិតខំចូលរួមធ្វើយ៉ាងណាឱ្យតំបន់ទាំងនេះកំណត់ទីតាំងបានច្បាស់លាស់សម្រាប់បម្រើផលប្រយោជន៍សហគមន៍មូលដ្ឋាន និងសង្ឃឹមថា តំបន់ទាំងនេះនឹងក្លាយជាប្រយោជន៍សម្រាប់សហគមន៍ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕


Post a Comment (0)
Previous Post Next Post