កម្ពុជា​កំពុង​ក្លាយ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ឧស្សាហកម្ម​ផ្គុំ​ដំឡើង​រថយន្ត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​កំពុង​ក្លាយ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ឧស្សាហកម្ម​ផ្គុំ​ដំឡើង​រថយន្ត

 កម្ពុជា​កំពុងវិវត្តក្លាយ​ទៅ​ជាមូលដ្ឋានផលិតកម្មដ៏​មាន​សក្តានុពល​សម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រជា​ច្រើន​ទៀត​ ខណៈ​ចំនួន​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំ​យានយន្ត និង​រោង​ចក្រផ្គុំដំឡើងរថយន្តបាន​កើន​ឡើង​ជាបន្ត​បន្ទាប់​។

នេះ​ជា​ការ​អះអាង​របស់​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងពេល​អញ្ជើញ​ចូល​រួម​ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុន KNN Automotive Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ K N N Group ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៦។

លោក ជា វុទ្ធី បាន​និយាយ​ថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺបាន​បង្ហាញពីទំនុកចិត្តលើកត្តា​សុខសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសធុរកិច្ច និងសក្តានុពលសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ លោកបន្ត​ថា កម្ពុជាបន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន ដោយក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ គម្រោង ក្នុងទំហំទុនវិនិយោគជិត ១០ ពាន់​លានដុល្លារ ចំណែក​ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៧ ពាន់​លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា។

បន្ថែមលើនេះ លោក​ក៏បានលើកឡើងពីភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតួនាទីដ៏សំខាន់របស់តំបន់សេដ្ឋកិច្ច​ពិសេសក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ក៏ដូចជាការទាក់ទាញប្រភពទុនវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់មកកម្ពុជា។

លោក​​បញ្ជាក់​ថា៖​«​កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត ដែលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល»។

បើ​តាមតាម​លោក វុទ្ធី គណៈកម្មាធិការវិនិយោគកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិន ដើម្បីសម្របសម្រួលការអនុវត្តគម្រោងវិនិយោគឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និរន្តរភាព និងមានភាពទាក់ទាញសម្រាប់វិនិយោគិនមកពីជុំវិញពិភពលោក។

កាល​ពី​ដើមខែ​កក្កដា ក្រុមហ៊ុន​ផលិត​រថយន្តនាំ​មុខ​គេ​លើ​ពិភពលោក​របស់​ជប៉ុន Toyota Tsusho Manufacturing (Cambodia) បានធ្វើ​ពិធី​​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការនូវ​​រោង​ចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត TOYOTA ម៉ូដែល​ថ្មី TOYOTA HILUX TRAVO។

រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហែម វណ្ណឌី បាន​និយាយ​ថា គិត​ត្រឹម​ដើម​ខែកក្កដា ឆ្នាំ​២០២៦ នៅ​កម្ពុជា​មាន​ក្រុមហ៊ុនផលិត ផ្តុំ និងដំឡើងរថយន្តចំនួន ១១ ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្តុំ និងដំឡើងរថយន្តបានប្រមាណ ៣៧ ៩០០ គ្រឿងក្នុងមួយឆ្នាំ។ គិតរហូតមកដល់បច្ចុប្បន្ន រថយន្តដែលផ្តុំ និងដំឡើងក្នុងស្រុកមានចំនួនសរុប ១៧៣ ៤៧៣ គ្រឿង ហើយរថយន្តទាំងនេះបាននិងកំពុងបម្រើឱ្យទីផ្សារក្នុងស្រុក។

ក្រៅ​ពី​រោងចក្រផលិត ផ្តុំ និងដំឡើងរថយន្ត នៅ​កម្ពុជា​ពេល​នេះ​ក៏នូវ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត និង​រោងចក្រ​ផលិតគ្រឿង​បច្ចេក​វិទ្យ​ជាច្រើនដែរ៕


Post a Comment (0)
Previous Post Next Post