បើទោះបីស្ថានភាពសេដ្ឋកិច្ចសកលនៅតែបន្តជួបនឹងភាពមិនច្បាស់លាស់ដោយសារការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏ចំនួនទឹកប្រាក់នៃការបណ្តាក់ទុនផ្ទាល់ពីបរទេសនៅកម្ពុជាមិនបានធ្លាក់ចុះនោះឡើយ ប៉ុន្តែបែរជាកើនឡើងដល់ជិត ២០% កាលពីឆមាសទី១ កន្លងមក។
របាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា(NBC) លើកឡើងថា បើទោះសេដ្ឋកិច្ចពិភពលោកបានបន្តប្រឈមនឹងភាពមិនច្បាស់លាស់ដោយកត្តាភូមិសាស្រ្តនយោបាយ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា ក៏កម្ពុជានៅតែទទួលបាននូវកំណើននៃការបណ្តាក់ទុនផ្ទាល់ពីបរទេសដដែល។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) សរុបចំនួន ២,៦ ពាន់លានដុល្លារ កើន ១៨,៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។
របាយការណ៍បន្តថា កំណើន FDI នេះត្រូវបានជំរុញជាចម្បងដោយការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ដែលបានហក់ឡើង ១១០,៩%, វិស័យមិនមែនហិរញ្ញវត្ថុ ៨,៩%(វិស័យមិនមែនហិរញ្ញវត្ថុ រួមមាន ការវិនិយោគក្នុងវិស័យកម្មន្តសាល(ផលិតកម្ម) កើនឡើង ១៤%, វិស័យថាមពល កើន ២៣,៣%, និងវិស័យសំណង់ កើន ០,១%)។
ទោះយ៉ាងណា ក៏មានការវិនិយោគក្នុងវិស័យមួយចំនួនបានធ្លាក់ចុះដែរ ដូចជា វិស័យកសិកម្ម ថយចុះ ២៩,៨%, អចលនទ្រព្យ ថយ ២០,២% និងសណ្ឋាគារនិងការកម្សាន្ត ថយ ១២%។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនការវិនិយោគផ្ទាល់ពីបរទេស(FDI) គឺឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះភាពរឹងមាំនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា ការវិនិយោគផ្ទាល់ពីបរទេសនឹងជួយលើកកម្ពស់សមត្ថភាពផលិតកម្មនៅកម្ពុជា ក៏ដូចជាជួយធ្វើឱ្យការនាំចេញទំនិញផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិកើនឡើងកាន់តែច្រើនផងដែរ។
លោកបានថ្លែងថា៖«កំណើនការវិនិយោគផ្ទាល់ពីបរទេស(FDI) បានបញ្ជាក់ពីទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះស្ថិរភាពនយោបាយនៅកម្ពុជា ច្បាប់វិនិយោគអំណោយផល សម្បូរកម្លាំងពលកម្មជំនាញ និងមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ។ បន្ថែមលើនេះទំនិញកម្ពុជាក៏មានប្រទេសជាច្រើននាំទទួលទិញក្រោមលក្ខខណ្ឌពិសេសផ្នែកពន្ធគយផងដែរ»។
ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៧៦ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤,៧ពាន់លានដុល្លារ។
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពី«អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក» កាលពីថ្ងៃទី២៧ ខែកក្កដា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើកិច្ចការជាច្រើនដើម្បីបង្កើនភាពទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។ ការវិនិយោគផ្ទាល់ពីបរទេស បានផ្តល់ភាពវិជ្ជមានយ៉ាងច្រើនសម្រាប់ចំណូលជាតិ ចំណូលគ្រួសារ និងជាពិសេសការបង្កើតការងារ។
លោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រូបលោកផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀតតែងតែរៀបចំ ឬចូលរួមក្នុងការជួបពិភាក្សាជាមួយវិនិយោគិនបរទេស ដើម្បីពន្យល់ និងបង្ហាញពួកគេអំពីសក្តានុពល និងផលចំណេញដែលពួកគេនឹងទទួលបាននៅពេលចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា៕

